សម្តេច​តេ​ជោ បាន​អំពាវនាវ និង​បញ្ជាក់បន្ថែម​អំពី​ដំណើរការ​ក្តៅគគុក នៃ​យុទ្ធនាការ​ចែកចាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​

ភ្នំពេញ:
សម្តេច​តេ​ជោ បាន​អំពាវនាវ និង​បញ្ជាក់បន្ថែម​អំពី​ដំណើរការ​ក្តៅគគុក នៃ​យុទ្ធនាការ​ចែកចាយ​ទឹក​ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ខ្វះ​ទឹក​ទទួលទាន គឺ​ត្រូវ​បន្តធ្វើ​នៅ​ទូទាំងប្រទេស រួមទាំង​ការជីក​អណ្តូង​ថ្មី ស្តារអណ្តូង​ចាស់ ជីក​ស្រះ​ថ្មី ស្តារ​ស្រះ​ចាស់ និង​ជីក​ប្រឡាយ​ថ្មី ស្តារ​ប្រឡាយ​ចាស់​ដើម្បី​ប្រជាពលរដ្ឋ​មានទឹក​ប្រើប្រាស់​គ្រប់ រដូវ​កាល​។ ចំពោះ​ទីតាំង​ដែលមាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ហើយ គឺ​យក​ទីតាំង​នោះ​សម្រាប់​ចែកចាយ​បន្ត ទៅតាម​ផ្ទះ​ឬ​ទីកន្លែង​ណា​ដែល​ខ្វះ​ទឹក ប្រើប្រាស់​ដូចជា​សាលារៀន​ជាដើម​។​

​សម្តេច​បាន​មានប្រសាសន៍​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​បន្តទៀតថា ចំពោះ​ការជីក​អណ្តូង និង​ស្រះ​គឺ​ជីក​អោយ​ជ្រៅ​ជាង​ដង្ហើមទឹក ហើយ​សូម​បន្ត​ជីក​ស្រះ និង​អណ្តូង​អោយបាន​ច្រើន​ថែមទៀត​។ បើ​មាន​ប្រជាពលរដ្ឋ​បាក់​រលំ​ផ្ទះ​គឺ​ត្រូវ​ដោះស្រាយ​ជួយ​ជួសជុល​សាងសង់​ឡើងវិញ​អោយបាន​លឿន​ជាបន្ទាន់ ដើម្បី​បងប្អូន​មាន​ជម្រក​ស្នាក់នៅ​ឡើងវិញ​។ ការផ្លាស់ប្តូរ​បម្រែបម្រួល​ធាតុអាកាស​ពិភពលោក​គឺ​ធ្វើអោយមាន​គ្រោះធម្មជាតិ​កើតឡើង​ពាស​ពិភពលោក​។ នេះ​ជា​គ្រោះ​ធម្ម ជាតិ​ដែល​មិន​ធ្លាប់​កើតឡើង​ជាង​១០០ ឆ្នាំ​មកនេះ មិនថាតែ​កម្ពុជា​ទេ គឺ​កើតឡើង​នៅលើ​ពិភពលោក​តែ ម្តង​ដែល​យើង​ត្រូវ​រួមគ្នា​ដោះ ស្រាយ​។​

​ខ្ញុំ​សូមបញ្ជាក់​បន្ថែម​សារជាថ្មី សូម​ក្រសួង​ផ្អាក​ការប្រជុំ​នៅ​ភ្នំពេញ គឺ​ត្រូវ​ចុះ​ទៅតាម​ខេត្ត​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​កំពុង​ត្រូវការ​ទឹក ជាពិសេស​អភិបាលខេត្ត​ត្រូវតែ​ស្ថិត​ប្រចាំការ​នៅក្នុង​ខេត្ត​។ តែបើ​មាន​កិច្ចប្រជុំ​ចាំបាច់​គឺ​អភិបាលរង​ឬ​ក្រុមប្រឹក្សា​ខេត្ត​អាចមក​ចូលរួម​ប្រជុំ​នៅ​ភ្នំពេញ​បាន​។ បញ្ហា​អត់​ទឹក​នេះ​គឺ​មិនមែន​តូចតាច​ធម្មតា​នោះទេ​តែ​វា​ជា​គ្រោះមហន្តរាយ​ដ៏​ធំ​មួយ​ដែល​ត្រូវ​ប្រមូលផ្តុំ​កម្លាំង​ដើម្បី​ដោះស្រាយ​។​

​ខ្ញុំ​សូម​អរគុណ​សារជាថ្មី​ដល់​ក្រុមហ៊ុន​ឯកជន សប្បុរសជន​ទាំងឡាយ និង​អាជ្ញាធរ កាកបាទក្រហម ព្រមទាំង​យុវជន​ស្ម័គ្រចិត្ត​ដែល​បាន និង​កំពុង​យកចិត្តទុកដាក់​ជួយផ្តល់​ទឹក ជីក​និង​ស្តារ​ស្រះ អណ្តូង និង​ជួសជុល​ផ្ទះសម្បែង​ជូន​ប្រជាពលរដ្ឋ​៕

សម្តេច​តេ​ជោ បាន​អំពាវនាវ និង​បញ្ជាក់បន្ថែម​អំពី​ដំណើរការ​ក្តៅគគុក នៃ​យុទ្ធនាការ​ចែកចាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​