លោក កែម ឡី ស្នើ​ឲ្យ​អ្នកនយោបាយ​ទៅ​ដាំដំឡូង បើ​ខ្លាច​ការរិះគន់​

​ភ្នំពេញ​៖ លោក កែម ឡី អ្នកវិភាគ​សង្គម​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ​បាន​បញ្ចេញ​ទស្សនៈ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ ​ដោយ​ស្នើ​ឲ្យ​អ្នកនយោបាយ ឬ​គណបក្សនយោបាយ​ ទៅ​ដាំដំឡូង​វិញ​ទៅ ប្រសិនបើ​ពួកគេ​ខ្លាច​ការរិះគន់ ​ពី​មហាជន​នោះ​។ ការអត្ថាធិប្បាយ​របស់​អ្នកវិភាគ​មិន​សំចៃមាត់​រូបនេះ បានធ្វើ​ឡើង​ក្នុងខណៈ​ពេលដែល​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុ​ជា មាន​សភាព​ក្តៅគគុក ហើយ​មន្ត្រីជាន់ខ្ពស់​ការ​ពារ​សិទ្ធិមនុស្ស​មួយចំនួន និង​អ្នកវិភាគ​មួយចំនួន​កំពុង​ទទួលរង​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់​។

​ការរិះគន់​, គំនិត​ខ្វែងគ្នា​, គំនិត​ខុសគ្នា​, បញ្ច្រាស​គ្នា​…​។ ទាំងអស់នេះ ​សុទ្ធសឹងតែ​ជាគោលការណ៍​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​។  នៅក្នុង​ប្រទេស​ជឿនលឿន​ប្រជាធិបតេយ្យ គេ​ឲ្យ​និយមន័យ​ថា មតិ​ខុសគ្នា ឬ​មតិ​ចម្រុះ ប្រៀបបាន​ទៅនឹង​សួនច្បារ​ចម្រុះ​ពណ៌ ​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​។ និយាយ​បែប​ផ្សេង មានន័យថា មតិ​កាន់តែច្រើន ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​កាន់តែ​ល្អ​។

​លោក កែម ឡី អ្នកវិភាគ​សង្គម​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ​ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា​មិន​សំចៃមាត់ បាន​អត្ថាធិប្បាយ​ថា​៖«​អ្នកនយោបាយ ឬ​គណបក្សនយោបាយ​ណា​ដែល​ខ្លាច​ការរិះគន់ គួរ​ជ្រើសរើស​មុខរបរ​ដាំដំឡូង​វិញ​ល្អ​ជាង​»​។ លោក​បន្តទៀតថា ភ្នាក់ងាររដ្ឋ និង​បុគ្គល​សាធារណៈ ​ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់ និង​មាន​គណនេយ្យភាព​សង្គម​ល្អ បុគ្គល​នោះ អ្នកនយោបាយ​នោះ អ្នកផ្តល់​សេវាសាធារណៈ​នោះ ត្រូវការ​ចាំបាច់​បំផុត​នូវ​មតិ​ចូលរួម ការរិះគន់​ប្រកបដោយ​ការគោរព និង​ផ្តល់​តម្លៃ​ខ្ពស់​លើ​មតិ​រិះគន់ បើទោះជា​មតិ ឬ​យោបល់​នោះ​ពិបាក​ស្តាប់​ក៏ដោយ​។​

​អ្នកវិភាគ​សង្គម​នយោបាយ​ដដែល បានបញ្ជាក់​ទៀតថា រដ្ឋាភិបាល​ដែលមាន​នីតិរដ្ឋ និង​ស្ថាប័ន​ដែលមាន​ស្តង់ដារ​ខ្ពស់ បាន​ចំណាយ​ថវិកា​ច្រើនណាស់​ក្នុង​មួយឆ្នាំៗ​ ដើម្បី​ជួល​អ្នកជំនាញ​មក​វាយតម្លៃ និង​រិះគន់​ប្រកបដោយ​វិជ្ជាជីវៈ​ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ម្ចាស់​ស្ថាប័ន អ្នកដឹកនាំ​បានដឹង​ពី​បញ្ហា មូលហេតុ​នៃ​បញ្ហា និង​យុទ្ធសាស្ត្រ​ល្អ​ក្នុងការ​កែលម្អ​។

​នៅ​ចុងបញ្ចប់​នៃ​សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក លោក កែម ឡី បាន​អត្ថាធិប្បាយ​ថា លោក រីករាយ​បំផុត ​នូវ​មតិ​ចូលរួម​ប្រាប់​ពី​កំហុស​របស់លោក ហើយ​លោក​គោរព ស្រឡាញ់​មតិ​រិះគន់​បំផុត បើទោះជា​មតិ​រិះគន់​នោះ ​ប្រកបដោយ​អសីលធម៌​ក្តី ឬ មតិ​នោះ​បរិហារកេរ្តិ៍ បង្ខូច​កិត្តិយស និង​បះ​ពាល់​សេចក្តីថ្លៃថ្នូរ​របស់លោក​យ៉ាណា​ក៏ដោយ​។​

​សូមបញ្ជាក់ថា ការអត្ថាធិប្បាយ​របស់​អ្នកវិភាគ​មិន​សំចៃមាត់​រូបនេះ បានធ្វើ​ឡើង​ក្នុងខណៈ​ពេលដែល​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុងមាន​សភាព​ក្តៅគគុក ហើយ​មន្ត្រីជាន់ខ្ពស់​ការ​ពារ​សិទ្ធិមនុស្ស​មួយចំនួន និង​អ្នកវិភាគ​មួយចំនួន​កំពុង​ទទួលរង​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់​៕