ទីផ្សារ​ដែល​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា គឺ​ភ្ញៀវ​ទេសចរណ៍​ចិន

ខេត្តសៀមរាប ៖ ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​បើក​ការ​ផ្សព្វផ្សាយ យន្តការ​វាយតម្លៃ​នៃ​ការ​ទទួលស្គាល់​គុណ​វឌ្ឍន៍​អ្នកជំនាញ​ទេសចរណ៍​ជាតិ និង​អាស៊ាន នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៦ ធ្វើ​ឡើង​នៅ​សណ្ឋាគារ សេន​ជូ​រី​អង្គរ នា​ក្រុង​សៀមរាប​ក្រោម​អធិបតីភាព លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ប្រតិភូ​អមដំណើរ​មន្ត្រី​ទេសចរណ៍ និស្សិត ចូលរួម​យ៉ាងច្រើន​កុះករ​ផង​ដែរ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ចិន​២​លាន​នាក់ នៅ​ឆ្នាំ​២០២០​ខាង​មុខ ។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​យន្តការ​វាយតម្លៃ​ទទួលស្គាល់​គុណ​វឌ្ឍន៍​អ្នកជំនាញ​ទេសចរណ៍​ជាតិ និង​អាស៊ាន ជា​រៀង​រាល់​ឆ្នាំ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​រួមចំណែក​ប្រមាណ​ជា​១៦%​នៃ​ផលិតផល​ក្នុងស្រុក (GDP)​។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៥​កន្លង​មកនេះ​វិស័យ​ទេសចរណ៍​កម្ពុជា​សម្រេច​បាន ៦,១% ជាមួយនឹង​ការ​មក​ដល់​នៃ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​ជា ៤​លាន​៨​សែន​នាក់ ដែល​ក្នុង​នោះ​មក​ពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​តំណាង​ឲ្យ​៧៤.១%(​អាស៊ាន​ប្រមាណ​៤៤.៣%)​ទ្វីប​អ៊ឺ​រ៉ុ​ប​តំណាង​ឲ្យ ១៨.៣% ទ្វីបអាមេរិក​តំណាង​ឱ្យ ៧.២% ទ្វីបអាហ្វ្រិក​និង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​តំណាង​ឱ្យ ០.៥% ។

​ហើយ​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៦​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​ជា​៩១​ម៉ឺន​៤​ពាន់​នាក់ ជាមួយ​និង​កំណើន​២.៧%​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥​។
ហើយ​កម្ពុ​ជាក៍​សង្ឃឹម​ផង​ដែរ​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​ជា​៧,៥ ទៅ ៨​លាន​នាក់​នៅ​ឆ្នាំ​២០២០ និង​នាំ​មក​នូវ​ចំណូល​សេដ្ឋកិច្ច​ជាតិប្រមាណ​ជា​៥​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក ហើយ​បង្កើន​ការងារ​ធ្វើ​ដោយ​ផ្ទាល់​ប្រមាណ​ជា​១​លាន​នាក់​ផង​ដែរ​។

លោក ប៉ាក់ សុខុម បាន​បញ្ជាក់​បន្ថែម​ថា តាម​ការ​ព្យាករណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​(UNWTO) ប្រទេស​ចិន​នឹង​ក្លាយជា​ប្រទេស​ដែល​ទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ច្រើន​ជាងគេ និង​មាន​ភ្ញៀវ​ទេសចរណ៍​ចេញ​ក្រៅប្រទេស​ច្រើន ជាងគេ​លើ​ពិភពលោក ប្រមាណ​ជា (២០០​លាន​នាក់ ឬ អាច​ច្រើន​ជាង​នេះ​ក៏​ថា​បាន ) ដែល​នឹង​បាន​ផ្តល់​កាលានុវត្តភាព​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ការ​ចាប់​យក​ភ្ញៀវ​ទេសចរណ៍​ចិន ដ៍​ច្រើន​សន្ធឹកសន្ធាប់​។ ហើយ​ក្នុង​នោះ​ដែរ​ក្រសួងទេសចរណ៍​បាន​រៀបចំ​ឯកសារ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​កម្ពុជា សម្រាប់​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២០ ដែល​យុទ្ធសាស្ត្រ​ទាំងនេះ គឺ​ទីផ្សារ​ទេសចរណ៍​ចិន និង​សៀវភៅ​ស ស្តី​ពី​(China Ready )​សម្រាប់​ទេសចរណ៍​កម្ពុជា ហើយ​រំពឹង​ថា នឹង​ទទួល​បាន​ទេសចរណ៍​ចិន ប្រមាណ​ជា​២​លាន​នាក់ នៅ​ឆ្នាំ​២០២០ ខណៈ​ពេល​កម្ពុជា ត្រៀម​អនុវត្ត​ការ  ផ្តល់​ទិដ្ឋាការ​រយៈពេល​វែង 3Yer Multiple Visa ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន មក​ទស្សនា​កម្ពុជា ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​នៅ​ឆ្នាំ ២០១៦​នេះ​។

ហើយ​ដើម្បី​ទ្រទ្រង់​នូវ​សេចក្តី​ត្រូវការ​ខាងលើ អ្នកជំនាញ​ទេសចរណ៍​ដែល​មាន​សមត្ថភាព​ប្រកបដោយ​វិជ្ជាជីវៈ ធានា​បាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង​ទីផ្សារ​ការងារ​ក្រសួងទេសចរណ៍ និង​គណៈកម្មការ​ជាតិ​ជំនាញ​ទេសចរណ៍​បាន​រៀបចំ​យន្តការ​វាយតម្លៃ​ទទួលស្គាល់​គុណ​វឌ្ឍន៍​អ្នកជំនាញ​ទេសចរណ៍​ជាតិ​និង​អាស៊ាន ដែល​យន្តការ​នេះ និង​ជំរុញ​ឱ្យ​មានការ​ទទួលស្គាល់​គុណ​វឌ្ឍន៍​ទេសចរណ៍​កម្ពុជា ក្នុង​កម្រិត​ជាតិ និង​អាស៊ាន ក្នុង​ការ​លើកទឹកចិត្ត ឱ្យ​អ្នកជំនាញ​ជ្រើសរើស​វិ​ថី​សិក្សា​សម​ស្រប​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន និង​ផ្សព្វផ្សាយ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ឱ្យ​មានការ​យល់​ដឹង​កាន់តែ​ច្បាស់ អំពី​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ សំដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​៕