អ្នក​ភូមិ​រស់នៅ​តំបន់​ចុងកាត់មាត់ញក​នៃ​ខេត្ត​កំពង់ឆ្នាំង​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​ធ្ងន់ធ្ងរ

ពលរដ្ឋ ២៣​គ្រួសារ​រស់នៅ​ចំណុច​កំប៉ូត​ស្បូវ នៃ​ឃុំ​អញ្ចាញរូង ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង កំពុង​ខ្វះខាត​ទឹក​ផឹក និង​ទឹក​ប្រើប្រាស់​ធ្ងន់ធ្ងរ ខណៈ​ពលរដ្ឋ​ទូទាំង​ស្រុក​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ដែរ​នោះ។ អាជ្ញាធរ​មូលដ្ឋាន ថា​ករណី​នេះ​គេ​បាន​រាយការណ៍​ទៅ​ថ្នាក់​លើ​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​អន្តរាគមន៍​នៅ​ឡើយ។

ក្រុម​អ្នក​ភូមិ​រស់នៅ​ចំណុច​កំប៉ូត​ស្បូវ នៃ​ភូមិ​អញ្ចាញរូង ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ដោះស្រាយ​ទឹក​ប្រើប្រាស់​ជា​បន្ទាន់ ហើយ​ពិនិត្យ​មើល​ទីតាំង​ជីក​ស្រះ និង​ស្ដារ​អណ្ដូងទឹក​ដែល​មាន​ស្រាប់​ជូន​ពួក​គាត់។

ពលរដ្ឋ​ទាំង ២៣​គ្រួសារ មាន​អណ្ដូង​លូ ឬ​ស្នប់​គ្រប់​ផ្ទះ ប៉ុន្តែ​បច្ចុប្បន្ន​មាន​តែ​អណ្ដូង​លូ​ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​នៅ​ចេញ​ទឹក ហើយ​អ្នក​ជិត​ខាង បាន​នាំ​គ្នា​ទៅ​ដង​ទឹក​ពី​អណ្ដូង​នោះ​ប្រើ តែ​មិន​អាច​ផ្គត់ផ្គង់​បាន​គ្រប់​គ្នា​ទេ។

ពលរដ្ឋ​ម្នាក់ លោកស្រី នួន សូត្រ មាន​ប្រសាសន៍​ថា នៅ​ក្បែរ​តំបន់​គាត់​រស់នៅ​គ្មាន​ប្រភព​ទឹក​បឹង ឬ​ស្ទឹង​នោះ​ទេ គឺ​ពឹង​លើ​ទឹក​អណ្ដូង​តាម​ផ្ទះ ប៉ុន្តែ​សព្វថ្ងៃ​បើ​ទោះ​បី​ជា​អ្នក​ភូមិ​ខិតខំ​ជីក​ចុះ​ទៅ​ក្រោម​ស្ទើរ​រាល់​ថ្ងៃ នៅ​តែ​អណ្ដូង​មិន​ចេញ​ទឹក​ទៀត។ លោកស្រី​ដើរ​សម្រេង​ទឹក​ពី​តាម​អណ្ដូង​គេ​ដែល​នៅ​ចេញ​តិចតួច ដើម្បី​យក​ទៅ​ផឹក ដាំ​ស្ល និង​យក​ទឹក​លាប​លើ​ខ្លួន​ប្រាណ​នៅ​ពេល​ថ្ងៃ​ក្ដៅ​ខ្លាំង៖ «លំបាក​មែន​ទែន​ក្មួយ! មួយ​ថ្ងៃៗ​រក​ទឹក​ផឹក​មិន​បាន ងូត​មិន​បាន​ទេ។ អណ្ដូង​យាយ​អត់​ទឹក ពេល​ជីក (ស្ដារ​អណ្ដូង) សំរាម​វា​ហើរ​ចូល​ផឹក​មិន​កើត រួច​ហើយ​ដើរ​ដង​ផ្ទះ​គេ​ណោះ​មួយ​កូន​ក្អម ណោះ​មួយ​កូន​ឆ្នាំង ចេះ​តែ​ដង​ផ្ទះ​គេ​ទៅ។ សំណូមពរ​ជួយ​ផ្ដល់​ទឹក​ផង រាល់​ថ្ងៃ​ប្រជាពលរដ្ឋ​អត់​មាន​ទឹក​ផឹក​ទេ​រាល់​ថ្ងៃ​នោះ»

ចំណែក​លោក ជ័យ ជឿន ថ្លែង​ថា អណ្ដូង​គាត់​មាន​ជម្រៅ​ជាង ១០​លូ ស្មើ​នឹង ១០​ម៉ែត្រ បាន​ចេញ​ទឹក​វិញ​បន្តិច បន្ទាប់​ពី​ស្ដារ​ពីរ​បី​ថ្ងៃ​ជាប់​គ្នា គាប់​ជួន​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ផង។ ដំណាំ​ក្រូច​ឆ្មារ និង​ស្លឹកគ្រៃ បាន​ស្វិត​ងាប់​ជិត​អស់​ហើយ ព្រោះ​អណ្ដូង​លែង​ចេញ​ទឹក​ជិត ២​ខែ គ្រា​ដែល​កម្ដៅ​ថ្ងៃ​ឡើង​ខ្ពស់។ លោក​ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ចែក​ទឹក​ដល់​ពលរដ្ឋ​រស់នៅ​ចំណុច​កំប៉ូត​ស្បូវ​ផង៖ «បាន​ឆាប់​ភ្លៀង​មក​បានៗ បើ​អត់​មាន​ទេ​ព្រួយ​ទៀត​ហើយ ព្រោះ​ទៅ​មុខ​ទៀត​មិន​ដឹង​យ៉ាង​ណា? ប្រើ​សន្សំ​សំចៃ។ កាល​ពី​មុន​ចាក់ (ស្រោច) ក្រូច​អី​ច្រើន តែ​ដល់​អត់​ទឹក​ទៅ​ចាក់​តែ​ស្លឹកគ្រៃ​ទេ និង​ទឹក​ហូប និង​ងូត​សន្សំ​សំចៃ អត់​សូវ​ហ៊ាន​ងូត​ឈូឆរ (ខ្ជះខ្ជាយ) ទេ»

ទាក់ទង​បញ្ហា​នេះ មេ​ភូមិ​អញ្ចាញរូង នៃ​ឃុំ​អញ្ចាញរូង លោក សំ សុខ ថា​ពលរដ្ឋ​ក្នុង​ភូមិ​ចំនួន ៣៧១​គ្រួសារ កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់ ក្នុង​នោះ​មាន​ជាង ២០​គ្រួសារ​នៅ​ចំណុច​កំប៉ូត​ស្បូវ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​គេ ព្រោះ​នៅ​ទីនោះ​ឋិត​នៅ​ដាច់​ស្រយាល ហើយ​គ្មាន​ប្រភព​ទឹក​នៅ​ក្បែរ និង​អណ្ដូង​ភាគ​ច្រើន​លែង​ចេញ​ទឹក។ លោក​ថា សព្វថ្ងៃ​ពលរដ្ឋ​ភាគ​ច្រើន​នាំ​គ្នា​ជីក​អណ្ដូង​នៅ​តាម​អូរ ស្ទឹង​បរិបូរណ៍ និង​នៅ​ចំណុច​ដំណាក់​ចាម ជាដើម ដើម្បី​យក​ទឹក​ទៅ​ប្រើប្រាស់​បណ្ដោះអាសន្ន៖ «បាន​រាយការណ៍​ទៅ​ឃុំ​ហើយ គេ​ឲ្យ​រាយការណ៍​រាល់​ថ្ងៃ​នៅ​ម៉ោង ១​រសៀល។ រាយការណ៍ៗ តែ​ឃុំ​គេ​ដោះស្រាយ​ថា​យ៉ាង​ណា ខ្ញុំ​អត់​ទាន់​ច្បាស់។ ពលរដ្ឋ ៣៧១​គ្រួសារ​ខ្វះ​ច្រើន តែ​បាន​ទឹក​ស្ទឹង​ខ្លះ​អី​ខ្លះ នៅ​ពីរ ឬ​បី​ថ្ងៃ​ខាង​មុខ បើ​អត់​ភ្លៀង​ខះ​ហើយ (អណ្ដូង​ស្ងួត​ទឹក

ចំណែក​អភិបាល​ស្រុក​បរិបូរណ៍ លោក ឃួន សៅរុំ បញ្ជាក់​យ៉ាង​ខ្លី​ថា ស្ថានភាព​ទូទៅ​នៃ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​ស្រុក​នៅ​អាច​គ្រប់គ្រង​បាន ព្រោះ​ពលរដ្ឋ​អាច​យក ឬ​ទិញ​ទឹក​ពី​តំបន់​ផ្សេងៗ​មក​ប្រើប្រាស់​បាន។ ដ្បិត​អាជ្ញាធរ​មិន​ទាន់​មាន​គម្រោង​ចែក​ទឹក​ដល់​ពលរដ្ឋ ប៉ុន្តែ​បាន​ស្ដារ​ស្រះ​ចំនួន​ពីរ​នៅ​ចំណុច​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំងចាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ដើម្បី​ស្ដុក​ទឹក​ពេល​ភ្លៀង​ធ្លាក់។

អ្នក​ភូមិ​រស់នៅ​ចំណុច​កំប៉ូត​ស្បូវ នៃ​ភូមិ​អញ្ចាញរូង អះអាង​ថា មាន​សត្វ​គោ​ក្របី​ខ្លះ​បាន​ឈឺ​ងាប់ ដោយសារ​បញ្ហា​អាកាសធាតុ​ក្ដៅ​ខ្លាំង និង​គ្មាន​ទឹក​ផឹក ឬ​ទឹក​ដេក​គ្រប់គ្រាន់​នៅ​តាម​ព្រៃ​នៃ​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។