ធី សុវណ្ណាថា ប្រកាស​ជម្រះ​បញ្ជី​ផ្ទាល់​ខ្លួន​ប្រឆាំង កឹម សុខា

ខណៈរឿងរ៉ាវបណ្ដឹងរបស់នាង ធី សុវណ្ណាថា ប្រឆាំងលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុងបន្ត​ទៅ​មុខ​នៅ​ឯ​តុលាការ ស្រាប់​តែ​ពេល​នេះ តារាហ្វេសប៊ុកដ៏ល្បីរូបនេះ បានចេញ​មក​ប្រកាស​បន្ថែម​ទៀត​ថា នាងនឹង​បើក​យុទ្ធនាការ ដើម្បីកំចាត់​អនុប្រធាន​គណបក្ស​ប្រឆាំង ឲ្យបាន​នៅក្នុង​ពេល​ខាង​មុខ​នេះ។
ធី សុវណ្ណាថា ប្រកាស​ជម្រះ​បញ្ជី​ផ្ទាល់​ខ្លួន​ប្រឆាំង កឹម សុខា

កញ្ញា ធី សុវណ្ណថា រូបថតក្នុងខែកុម្ភៈ ឆ្នាំ២០១៤ នៅលើទំព័រហ្វេសប៊ុកមួយ ដែលនាងជា Admin។

មើលទៅរឿងរ៉ាវរបស់កញ្ញា ធី សុវណ្ណថា ដែលធ្វើឡើង​ប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សកម្ពុជា នៅ​មិនទាន់បញ្ចប់នៅឡើយ។ ហើយរឿងនេះ ត្រូវបានតារាល្បីឈ្មោះ នៅលើបណ្ដាញសង្គមរូបនេះ អះអាង​ទទួលស្គាល់ដោយខ្លួនឯង គឺកើតចេញពីការ«ជម្រះបញ្ជីផ្ទាល់ខ្លួន» រវាងនាង និងលោក កឹម សុខា នោះ​តែ​ម្ដង។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ធី សុវណ្ណថា បានគម្រាមថា នឹងបើកយុទ្ធនាការ នៅក្នុងពេលខាងមុខនេះ ដើម្បី​ធ្វើការទម្លាក់លោក កឹម សុខា (ចេញពីតំណែង? តំណែងអ្វី?)។

នៅលើគណនីហ្វេសប៊ុករបស់នាង តារាហ្វេសប៊ុករូបនេះ បានសរសេរអម​ទៅនឹងរូបថតមួយសន្លឹក​របស់ខ្លួន ដោយដំបូងឡើយអានទៅ ហាក់ដូចជានាងចង់សម្ដែងខមាលទោស ចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះ​ជាតិ។ ប៉ុន្តែបើមើលបន្តទៅទៀត គេនឹងឃើញនាងសរសេរថា៖ «ខ្ញុំមិនចង់ប្តឹងលោក កឹម សុខា ទេ ប៉ុន្តែគាត់​ជ្រុល​ខ្លាំង​ពេក។ ៣ឆ្នាំហើយ (ដែល)គាត់តែងនិយាយបរិហារ ចោទលាបពណ៌ខ្ញុំ ប្រាប់ទៅតំណាងរាស្រ្ត សមាជិកបក្ស និង​ម្ចាស់ជំនួយ... គាត់បានចេញលិខិតបដិសេធខ្ញុំ ឲ្យអង្គរក្សបណ្តេញខ្ញុំ ចេញពីលើឆាកវេទិការ បណ្តេញ​ខ្ញុំ​ចេញ​ពី​ក្បួន​ហែរ(គណ)បក្ស និងរារាំងសកម្មភាពខ្ញុំជាច្រើនទៀត។»

តែរឿងមួយ ដែលគេរកយល់មិនបាន គឺកញ្ញា ធី សុវណ្ណថា ត្រូវបានគេស្គាល់ច្រើន តាមរយៈ​គណបក្ស​សង្គ្រោះ​ជាតិ និងតាមរយៈសកម្មភាពរបស់នាង ដែលបានចេញជួយ ធ្វើការងារសង្គម រាប់ចាប់តាំង​ពីការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​មក តែគ្មាននរណាបានដឹងថា នាងបានស្រក់ទឹកភ្នែក ឈឺចិត្តស្អិតទ្រូង ព្រោះការរើសអើង​ណា​មួយ​នោះ​ទេ។ គេតែងឃើញនាង នៅជាប់ជាមួយនឹងមេដឹកនាំ​គណបក្សប្រឆាំង ជាច្រើនដងនោះថែមទៀត ជា​ពិសេស​នៅ​លើ​វេទិកា កណ្ដាលទីលានប្រជាធិបតេយ្យជាដើម។ ប៉ុន្តែនៅថ្ងៃនេះ នាងនៅបានសរសេរ​បក​ស្រាយ​ថា៖ «ខ្ញុំបានអត់ធ្មត់ ខាំមាត់ស្រក់ទឹកភ្នែក ជាច្រើនឆ្នាំមកហើយ។ ខ្ញុំមិនអាចទ្រាំឲ្យ(លោក) កឹម សុខា មើល​ងាយ​ជាន់ឈ្លឺ​ខ្ញុំទៀតទេ។»

និងនៅទីបំផុត នាងបានបញ្ចប់ឃ្លាថា៖ «ខ្ញុំនឹងធ្វើយុទ្ធនាការ ទាមទារទម្លាក់លោក កឹម សុខា (ក្នុង​ពេល)​ឆាប់ៗ​នេះ...»។

» រូបខាងក្រោមនេះ បង្ហាញថា កញ្ញា ធី សុវណ្ណថា តែងនៅក្បែរ នឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តាំង​ពី​មុន រហូត​ក្រោយ​ការបោះឆ្នោត៖

ធី សុវណ្ណាថា ប្រកាស​ជម្រះ​បញ្ជី​ផ្ទាល់​ខ្លួន​ប្រឆាំង កឹម សុខា

តើតារាហ្វេសប៊ុករូបនេះ រៀបគម្រោងធ្វើយុទ្ធនាការនោះ របៀបម៉េចនិងតាមវិធីណា? ជាចម្លើយដែលស្ថិត​ជា​អាថ៌កំបាំង តែក៏មិនត្រូវការរយៈពេលយូរ ដើម្បីទទួលប្រតិកម្ម ត្រឡប់មកវិញនោះដែរ។ អ្នកប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើននាក់ បានចាត់ទុកទង្វើរបស់តារាហ្វេសប៊ុក ថាបានទៅជ្រុលហួសហេតុ ហើយគ្មាន​ការ​ថ្លឹង​ថ្លែង​រវាង​រឿង​រ៉ាវ​ផ្ទាល់ខ្លួន និងរឿងរ៉ាវដែលពាក់ព័ន្ធ ដល់នយោបាយ ក៏ដូចជាមនុស្សដទៃទៀត ដែល​កំពុង​រង​ការ​ចាប់​ខ្លួន រហូតជាប់ក្នុងពន្ធនាគារនាពេលនេះ។ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនទៀត បានសំដែង​ការ​គាំទ្រ ដោយពួកគេយល់ឃើញថា លោក កឹម សុខា ជាបុគ្គលដែលពោរពេញដោយមន្ទិល។

ចំពោះទំព័រហ្វេសប៊ុក «I Love Cambodia Hot News 2» ដែលមិនសូវប្រណីមាត់ ជាមួយកញ្ញា ធី សុវណ្ណថា ស្រាប់ បានសរសេរបង្ហោះថា៖ «ក្រុមយុវជនទាំងអស់ និងថ្នាក់ដឹងនាំសង្គ្រោះជាតិ គេ​ដឹង​យូរ​ហើយ​ថា នាង​​ឯង​ជាជនបង្កប់ CPP»៕

ធី សុវណ្ណាថា ប្រកាស​ជម្រះ​បញ្ជី​ផ្ទាល់​ខ្លួន​ប្រឆាំង កឹម សុខា