ណាហ្គា ត្រូវ​ថ្មោង​ជា​លើក​ទី​២​ ដោយ​កណ្ដាប់ដៃ​លោក​ជា សុផារ៉ា ដើម្បី​កុំ​ឲ្យ​ធ្លាប់

ណាហ្គា ត្រូវ​ថ្មោង​ជា​លើក​ទី​២​ ដោយ​កណ្ដាប់ដៃ​លោក​ជា សុផារ៉ា ដើម្បី​កុំ​ឲ្យ​ធ្លាប់



ភ្នំពេញ ​៖ ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​សរសេរ​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុក​របស់​លោក​ថ្ងៃនេះ ព្រមាន​វាយ​កម្ទេច​ចោល​សំណង់ លយ​ចេញមក​លើផ្លូវ​សាធារណៈ របស់​ណាហ្គា​វើ​ល ដែលជា​មណ្ឌល​កម្សាន្ត​ធំជាងគេ​នៅ​កម្ពុជា ហើយ​ទទួលបាន​សិទ្ធិ​បើក​បន​ល្បែង​ស្ថិតនៅក្នុង​ទីក្រុង​ភ្នំពេញ។

លោក​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ខ្លឹមសារ​ថា “​សំណង់​ណាហ្គា កាន់តែ​ហ៊ាន កាន់តែ​ផ្គើន កាន់តែ​លយ​ចេញមក​លើផ្លូវ​សាធារណៈ វាយចោល​សិន កុំ​ឲ្យ​ធ្លាប់​”​។

ការព្រមាន​ដោយ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ដែល​ទើបនឹង​ឡើង​តំណែង​ថ្មី​នេះ បន្ទាប់ពី​អ្នកគ្រប់គ្រង​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល មិនសូវ​ជា​ចាប់អារម្មណ៍​ពី​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពី​សម្ដេច​បាន​ព្រមាន ជា​សាធារណៈ​ឲ្យ​វាយ​សំណង់​ខុសច្បាប់​រំលោភ​លើផ្លូវ​សាធារណៈ​ចោល​កាលពីពេល​កន្លងទៅ​នេះ។ ហើយ​នេះ​ក៏​ជា​លើក​ទី​២​ហើយ​ដែល​សំណង់​មួយ​នេះ​ត្រូវ​រុះរើ​ធ្វើ​ឡើងវិញ ប្រសិនបើ​ពិតជា​សង់​លយ​ចេញមក​លើផ្លូវ​សាធារណៈ​មែន​នោះ​។​ ហើយ​ថ្មីៗ​នេះ​មាន​ព័ត៌មាន​លេច​ឮថា​កាស៊ីណូ​ណាហ្គា​បានអនុញ្ញាត​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ដែល​ធាតុពិត​កាស៊ីណូ​នេះ​អនុញ្ញាត​ឲ្យ​តែ​ជនបរទេស​ចូល​លេង​តែប៉ុណ្ណោះ។

គួរ​បញ្ជាក់​ផង​ដែរថា​ កាលពីពេល​កន្លងទៅនេះ ក្រុមហ៊ុន Naga Corp បានប្រកាស​ឲ្យ​ដឹងថា​ផ្សារ​ទំនើប​ក្រោម​ដី​របស់ខ្លួន នឹង​បើក​ដំណើរការ​នៅ​ដំណាច់​ខែកក្កដា​ខាងមុខនេះ។ ផ្សារ​ទំនើប​នេះ​ត្រូវបាន​ដាក់ឈ្មោះថា Naga City Walk ដែល​នឹងត្រូវ​បែងចែក​ជា​បី​តំបន់​ខុសៗ​គ្នា ទី​១ តំបន់​លក់ទំនិញ​រួច​ពន្ធ ទី​២ តំបន់​លក់ទំនិញ ផលិត​ក្នុងស្រុក និង​តំបន់​ទី​៣ ជា​តំបន់​លក់​សម្លៀកបំពាក់ និង​របស់របរ​ប្រើប្រាស់​ផ្សេងៗ។ ផ្សារ​ទំនើប​ក្រោម​ដី​នេះ មាន​ប្រវែង​៣៧៨០​ម៉ែត្រ មាន​ទីតាំង​ស្ថិតនៅ​ជាន់​ក្រោម​ដី និង​លូន​កាត់​ពី​ទីតាំង​សណ្ឋាគារ និង​កាស៊ីណូ​ណា​ហ្គា​ទី​១ ឆ្ពោះទៅកាន់​ទីតាំង​សណ្ឋាគារ និង​កាស៊ីណូ​ទី​២ ដែល​បាននិងកំពុង​សាងសង់​នាពេលនេះ។ ប្រសិនបើ​មានការ​រុះរើ​មែន​នោះ​មិនដឹងថា គម្រោង​បើក​ដំណើរការ​នេះ​ត្រូវ​ពន្យារពេល​ឬ​យ៉ាងណាទេ៕