គម្រោង​The PeAk​ តម្លៃ ​៥៨០​លាន​ដុល្លារ ចាប់ផ្ដើម​សាងសង់

គម្រោង​The PeAk​ តម្លៃ ​៥៨០​លាន​ដុល្លារ ចាប់ផ្ដើម​សាងសង់



ភ្នំពេញ​ ៖ ​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម THE PeAk តម្លៃ​៥៨០​លាន​ដុល្លារ​បាន​ចាប់ផ្តើម​បញ្ចុះ​បឋមសិលា​សាងសង់​នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា​នេះ ដោយមាន​ការចូលរួម​ជា​អធិបតី​ពី លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់។

មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ បាននិងកំពុង​ធ្វើការ​អភិវឌ្ឍ​​ដោយ​ក្រុមហ៊ុន World Bridge Land​និង​ក្រុមហ៊ុន Oxley Holding Co, Ltd​ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​។ គម្រោង​នេះ​ជាការ​រួមបញ្ចូល​នូវ​លំនៅឋាន​ជា​ប្រភេទ​ខុន​ដូ ផ្សារ​ទំនើប អាគារ​ការិយាល័យ និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ឈ្មោះ Shangri-La។

អ្នកឧកញ៉ា សៀ រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន World Bridge Land បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេល​ថ្មីៗ​នេះ​ថា រហូត​មកទល់​ពេលនេះ​លំនៅឋាន​ក្នុង​គម្រោង The PeAk ដែល​មាន​ផ្ទះ​ជាង​១០០០​យូ​នី​ត បាន​លក់​អស់​ប្រមាណ​៦០​ភាគរយ​ហើយ។ លោក​បន្តថា ទីផ្សារ​ខុន​ដូ​ទោះបីជា​កំណើន​នៃ​ការ​លក់ មាន​សភាព​យឺត​ជាង​ឆ្នាំមុន ប៉ុន្តែ​សម្រាប់​គម្រោង The PeAk មិន​ជួប​បញ្ហា​អ្វី​នោះទេ ដោយសារ​គម្រោង​នេះ​ស្ថិតនៅ​ចំ​ទីតាំង​ល្អ​ប្រសើរ មាន​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​ថ្មី និង​ជា​គម្រោង​ដែល​មាន​ភាព​ចម្រុះ និង​ទាក់ទាញ។

លោក​ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​ចាប់ផ្តើម គម្រោង​វិនិយោគ​ដ៏​ធំ​នេះ ដែល​នេះ​ជា​ការ​វិនិយោគ​ដ៏​សំខាន់ ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​កម្ពុជា ប៉ុន្តែ​អ្នក​អភិវឌ្ឍន៍​ត្រូវ​គិតគូរ​ពី​គុណភាព និង​បទដ្ឋាន​សំណង់​ឲ្យ​បាន​ត្រឹមត្រូវ និង​សមស្រប​តាម​ស្តង់ដា​អន្តរជាតិ។

លោក​បាន​រំលឹក​ពី​អតីត ​តំបន់​ជុំវិញ​កោះ​ពេជ្រ និង​តំបន់​ដែល​បាន​និងកំពុង​សាងសង់​គម្រោង​The PeAk ថា កន្លងមក​តំបន់​នេះ​ជា​តំបន់​អានាធិបតេយ្យ ឆ្អេះឆ្អាប​ដោយ​ក្លិន​អសោច ប៉ុន្តែ​ដោយសារ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ បានប្រែក្លាយ​តំបន់​នេះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​អាគារ​ធំៗ​ជាច្រើន​បាននិងកំពុង​សាងសង់ ដែល​បាន​ផ្លាស់ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ៕