នគរបាល​ខេត្ត​ប្រជុំ​ស្តី​ពី​ការស៊ើបអង្កេត​ស្រាវជ្រាវ​បង្ការ​បង្ក្រាប​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​នូវ​រាល់​បទល្មើស​សេដ្ឋកិច្ច​គ្រប់​ប្រភេទ

នគរបាល​ខេត្ត​ប្រជុំ​ស្តី​ពី​ការស៊ើបអង្កេត​ស្រាវជ្រាវ​បង្ការ​បង្ក្រាប​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​នូវ​រាល់​បទល្មើស​សេដ្ឋកិច្ច​គ្រប់​ប្រភេទ



សៀមរាប ៖ នៅ​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានរៀបចំ​កិច្ចប្រជុំ​ស្តីពី​ការ​អនុវត្តន៍​តួនាទី​ភារកិច្ច​របស់​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច ក្នុង​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ បង្ការ​បង្ក្រាប​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​នូវ​រាល់​បទល្មើស​សេដ្ឋកិច្ច​គ្រប់​ប្រភេទ​ជាពិសេស​បទល្មើស​ដែល​ពាក់ព័ន្ធ​ទៅនឹង​ឱសថ​ក្លែងក្លាយ​ផុតកំណត់​ប្រើប្រាស់​មិន​ចុះបញ្ជី​ការ និង​ផលិតផល​ទំនិញ​អាហារ ខូចគុណភាព​មាន​សារធាតុ​គីមី​ហាមឃាត់​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ក្នុង​គោលបំណង​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ស្របតាម​កម្មវិធី​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ។

កិច្ចប្រជុំ​ខាងលើនេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អមរា ស្នងការរង​ជា​ប្រធានការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​និង​លោក​វរសេនីយ៍ឯក សួន ណា​រ៉ា អនុប្រធាន​
​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​អធិការរង​ទទួលបន្ទុក​ការងារ​ព្រហ្មទណ្ឌ​ទាំង​១២​ក្រុង​ស្រុក​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។​

នៅក្នុង​អង្គពិធី​នោះដែរ​លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ឡើងរាយការណ៍​អំពី​សកម្មភាព​នៃ​លទ្ធផល​កិច្ចប្រតិបត្តិការ​បង្ក្រាប​ដែល​កងកម្លាំង​របស់លោក​បាន​អនុវត្តន៍​ក្នុង​រយៈកាល​កន្លងមក​ជូន​អង្គពិធី​ទាំងមូល​ក្នុងនោះ​លោកនាយ​ការិយាល័យ​បានលើកឡើង​អំពី​បញ្ហា​ប្រឈម​និង​ធ្វើការ​សំណូមពរ​ដល់​គណៈអធិបតី​ជួយ​សម្រួល​ដោះស្រាយ​បញ្ហា​មធ្យោបាយ​មួយចំនួន​ដើម្បី​យកមក​បម្រើ​ការងារ​ក្នុង​កិច្ចប្រតិបត្តិការ​ឲ្យ​ទទួលបាន​ជោគជ័យ បន្ថែមទៀត​។​

បន្ទាប់មក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ុំ ​អមរា ​ស្នងការ​រង​បាន​អញ្ជើញ​ឡើង​មាន​មតិ​សំណេះសំណាល​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​គូស​បញ្ជាក់​ថា ​សូម​ឲ្យ​បណ្ដា​អស់លោក លោកស្រី ដែលជា​សមាជិក សមាជិការ​នៃ​អង្គ​ពិធី​ទាំងមូល​ត្រូវ​ធ្វើ​ការ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ក្នុងការ​បង្ក្រាប​រាល់​បទ​ល្មើស​សេដ្ឋកិច្ច​បើ​មានការ​ស្រពិចស្រពិល​មិន​ច្បាស់​ត្រង់ណា​អាច​ចុច​ទូរស័ព្ទ​មក​សួរ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​រង​ដោយផ្ទាល់​ក៏ដូចជា​លោកនាយ​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ក៏បាន​ដែរ​។

នៅ​ក្នុង​ឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​លើក​ឡើង​ថា ​កិច្ចប្រជុំ​នេះ​មាន​ការធ្វើ​បទ​បង្ហាញ​និង​ពន្យល់​អំពី​កិច្ចប្រតិបត្តិការ​បង្ក្រាប​ពាក់ព័ន្ធ​ទៅ​និង​បទល្មើស​សេដ្ឋកិច្ច ដោយ​លោក​វរសេនីយ៍ឯក សួន ណា​រ៉ា​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ហើយ​លោក​ស្នងការ​រង​បាន​ធ្វើ​ការ​ផ្តាំផ្ញើ​ដល់​សមាជិក​សមាជិកា​នៃ​អង្គ​ពិធី​ត្រូវ​យកចិត្តទុកដាក់​ស្តាប់​ការ​ធ្វើ​បទ​បង្ហាញ​និង​ពន្យល់​អំពី​ខ្លឹមសារ​នៃ​អង្គប្រជុំ​ត្រូវ​ហ៊ាន​សួរ​រាល់​ចំណុច​ទាំងឡាយណា​ដែល​អស់លោក​មិន​យល់​នេះ​ជា​ទុន​មួយ​សម្រាប់​អស់លោក​លោកស្រី​យក​ទៅ​អនុវត្ត​ន៍​ឲ្យ​ចំ​នូវ​ជំនាញ​របស់​អស់លោក លោកស្រី​ផង​ដែរ​៕