សំណង់​ក្រុមហ៊ុន​បន​ល្បែង​ NAGA​ World​ ដែល​សង់​រំលោភ​លើ​ផ្លូវ​សាធារណៈ​យ៉ាង​គឃ្លើន​ កំពុង​សាក​កម្លាំង​កណ្តាប់ដៃ​ដែក​រដ្ឋមន្ត្រីក្រសួង​សំណង់​ថ្មី​

​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ (​ដ​ន​ស​)​ ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មីៗ​មិន​ទាន់​ដល់​០១​ខែ​ផង​នោះ​ បាន​មើលឃើញ​រួច​ហើយ​នូវ​សំណង់​របស់​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ NAGA​ World​ ឋិត​នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ដែល​បាន​សាងសង់​រំលោភ​មក​លើ​ផ្លូវ​សាធារណៈ​យ៉ាង​គឃ្លើន​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ ទោះបី​ធ្លាប់​រង​ការ​ព្រមាន​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​ប្រមុខ​រាជរដ្ឋាភិបាល​ កាលពី​ចុងឆ្នាំ​២០១៥​រួច​ម្តង​ហើយ​ក៏​ដោយ​ ។​ ការ​មើលឃើញ​នូវ​កំហុសឆ្គង​នៃ​សំណង់​អគារ​របស់​ក្រុមហ៊ុន​ NAGA​ World​ ដូច្នេះ​ ទើប​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ បាន​ Post​ ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នា​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ថា​ "​សំណង់​ណា​ហ្គា​កាន់តែ​ហ៊ាន​ កាន់តែ​ផ្គើន​ កាន់តែ​លយ​ចេញ​មក​លើ​ផ្លូវ​សាធារណៈ​ វាយ​ចោល​សិន​កុំ​ឲ្យ​ធ្លាប់​"​ ។​

​សំណួរ​សួរ​ថា​ តើ​ហេតុ​អ្វី​បានជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ NAGA​ World​ ថ្លើមធំ​ហ៊ាន​សាងសង់​សំណង់​អគារ​រំលោភ​លើ​ផ្លូវ​សាធារណៈ​យ៉ាង​គឃ្លើន​បែប​នេះ​ និង​តើ​កណ្តាប់ដៃ​ដៃ​របស់​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ ដ​ន​ស​ ទើប​ឡើង​កាន់​តំណែង​ថ្មី​ អាច​ចាត់ការ​ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​លើ​សំណង់​ខុសឆ្គង​របស់​ NAGA​ World​ ដែរ​ឬទេ​ ?

​តាម​ការ​ពិត​ ថៅកែ​គ្រប់គ្រង​ក្រុមហ៊ុន​កាស៊ីណូ​ NAGA​ World​ គឺ​លោក​ ចេ​ន​ លី​ប​គង់​ (Chen​ Lip​ Keong)​ ដែល​ធ្លាប់​បរិច្ចាគ​លុយ​ខ្ទង់លាន​ដុល្លារ​អា​មេ​រិ​ក​ជូន​កាកបាទក្រហមកម្ពុជា​ ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ភរិយា​របស់​បុរស​ខ្លាំង​ជា​ប្រធាន​នោះ​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/១០២៣​ ចុះ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

​ដូច្នេះ​ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ នឹង​បន្ត​តាមដាន​មើល​ថា​ តើ​កណ្តាប់ដៃ​ដែក​របស់​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ អាច​ទប់ទល់​ ឬ​វាយ​កម្ទេច​សំណង់​ផ្គើន​របស់​ឯកឧត្តម​ Chen​ Lip​ Keong​ ថៅកែ​កាស៊ីណូ​ NAGA​ World​ ដែល​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឬ​មិន​បាន​ ខណៈ​ក្នុង​ឋានៈ​ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ និង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ បែរជា​សាងសង់​សំណង់​អគារ​រំលោភ​បំពាន​លើ​ផ្លូវ​សាធារណៈ​ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​បែប​នេះ​ ?​ ៕​

សំណង់​ក្រុមហ៊ុន​បន​ល្បែង​ NAGA​ World​ ដែល​សង់​រំលោភ​លើ​ផ្លូវ​សាធារណៈ​យ៉ាង​គឃ្លើន​ កំពុង​សាក​កម្លាំង​កណ្តាប់ដៃ​ដែក​រដ្ឋមន្ត្រីក្រសួង​សំណង់​ថ្មី​សំណង់​ក្រុមហ៊ុន​បន​ល្បែង​ NAGA​ World​ ដែល​សង់​រំលោភ​លើ​ផ្លូវ​សាធារណៈ​យ៉ាង​គឃ្លើន​ កំពុង​សាក​កម្លាំង​កណ្តាប់ដៃ​ដែក​រដ្ឋមន្ត្រីក្រសួង​សំណង់​ថ្មី​

Related