ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ធ្លាក់​ចុះ​ជិត​៤​ភាគរយ

ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ធ្លាក់​ចុះ​ជិត​៤​ភាគរយ



ភ្នំពេញ ​៖ ​ប្រាក់ចំណូល​ពី​ការ​លក់​សំបុត្រ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ បាន​ធ្លាក់​ចុះ​ជិត​៤​ភាគរយ ក្នុង​កំឡុង​ខែ​មេសា​កន្លង​មក​នេះ។ នេះ​បើតាម​ការប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ដែលជា​ស្ថាប័ន​គ្រប់គ្រង​ការលក់​សំបុត្រ​របស់​រដ្ឋ បានឲ្យដឹង​នៅ​ថ្ងៃ​ទី​៣​ ខែ​ឧសភា​នេះ​ថា ចំណូល​ ដែល​បាន​មកពី​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស ​មាន​ចំនួន​៤.១៤៨.៥៦០​ដុល្លារ គឺ​ថយ​ចុះ​៣,៧៦%​ភាគរយ ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំមុន។ ស្ថិតិ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទិញ​សំបុត្រ ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​មាន​ចំនួន​១៤៦.១៩៦​នាក់ គឺ​ថយ​ចុះ​៤,៨០​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែ​មេសា​ឆ្នាំមុន។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៤​ខែ​ដើម​ឆ្នាំនេះ​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​មាន​ចំនួន​សរុប​៨៤៧.៥៥៤​នាក់​។ រីឯ​ចំណូល​សរុប​ពី​ការ​លក់​សំបុត្រ​ក្នុង​រយៈពេល​៤​ខែ​នេះ មាន​ចំនួន​ប្រមាណ​២៤.៥​លាន​ដុល្លារ​។​

រាជរដ្ឋាភិបាល បាន​ដក​សិទ្ធិ​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ពី​ក្រុមហ៊ុន សុខា អូ​តែ​ល មក​គ្រប់គ្រង​ខ្លួនឯង​វិញ​ចាប់​តាំងពី​ខែមករា ឆ្នាំ​២០១៦​មក ក្រោយពី​មានការ​ចោទប្រកាន់​នានា​ពី​មហាជន ជាពិសេស​ពី​គណបក្សប្រឆាំង​ថា ការ​ប្រមូល​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ គ្មាន​តម្លាភាព។

កាលពី​ឆ្នាំ ២០១៥ កន្លងមកនេះ ភ្ញៀវទេសចរ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ជាង​២​លាន​នាក់ ហើយ​ចំនួន​នេះ​កើនឡើង​ជិត​២% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤​។ ចំណែក​ចំណូល​ពី​ការលក់​សំបុត្រ​វិញ​បាន​ចំនួន​៦០.០៥៣.៧០០​ដុល្លារ។

លោក គង់ សុភា​រក្ស ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ស្ថិតិ​ទេសចរណ៍​បាន បដិសេធ​មិន​អត្ថាធិប្បាយ​អំពី​ការថយចុះ​នេះ ប៉ុន្តែ​លោក​បាន​ទទួលស្គាល់ថា ចំនួន​ភ្ញៀវ​ទេសចរ​ចូលមក​ទស្សនា​កម្ពុជា​ឆ្នាំនេះ មាន​កំណើន​ទាប​ជាង​ឆ្នាំមុន ដោយសារ​មាន​ព្រឹត្តិការណ៍​ធំៗ​នៅលើ​ពិភពលោក ដូចជា​វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប និង​អំពើ​ភេរវកម្ម​ជាដើម។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក អាង គីម​អៀង បាន​ថ្លែងថា ចំនួន​ភ្ញៀវ​ទេសចរ​ឆ្នាំ​នេះ​មាន​កំណើន​យឺត​ជាង​ឆ្នាំមុន ប៉ុន្តែ​យើង​គ្មាន​ទិន្នន័យ​ជាក់លាក់​ទេ តែ​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ប្រាប់​ថា ចំនួន​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​គឺ​បាន​ធ្លាក់​ចុះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន មិន​មែនមាន​កំណើន​យឺត​នោះទេ៕