ក្រសួង​សាធារណការ នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​វិស័យ​ឯកជន ដើម្បី​កាត់បន្ថយ ការ​ចំណាយ​លើ​ការ​ដឹកជញ្ជូន

ក្រសួង​សាធារណការ នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​វិស័យ​ឯកជន ដើម្បី​កាត់បន្ថយ ការ​ចំណាយ​លើ​ការ​ដឹកជញ្ជូន



ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អះអាង​ក្នុងជំនួប​ជាមួយ ប្រធាន ក្រុមហ៊ុន Kerry Logistics Network​កាលពី​ថ្ងៃទី​៣ ឧសភា​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​និង​ធ្វើការ យ៉ាង​ជិតស្និទ្ធ ជាមួយ​វិស័យ​ឯកជន ដើម្បី​កាត់បន្ថយ ការចំណាយ​លើ​ការដឹកជញ្ជូន​។​

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាង​បែបនេះ​នៅក្នុង​ជំនួប ជាមួយ លោក George Yeo ប្រធាន ក្រុមហ៊ុន Kerry Logistics Network នៅ​ទីស្តីការក្រសួង ។ យោងតាម​ការបញ្ជាក់​ព័​ត៌មាន​របស់​ក្រសួង បាន​ឲ្យ​ដឹងថា លោក ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​របៀប​ដែល វិស័យ​ដឹកជញ្ជូន ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​កម្ពុជា​។ លោក​ទេសរដ្ឋមន្ត្រី បាន​ស្វែងរក​ការគាំទ្រ និង​កិច្ចសហការ​ពី​ក្រុមហ៊ុន​ដើម្បី​កាត់បន្ថយ​ចំណាយ​លើ​ការដឹកជញ្ជូន​នៅ​កម្ពុជា​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​ការប្តេជ្ញាចិត្ត ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​វិស័យ​ឯកជន ដើម្បី​កាត់បន្ថយ ការ​ចំណាយ​លើ​ការ​ដឹកជញ្ជូន និង​បាន​ជម្រាបជូន លោក​ប្រធាន​ក្រុមហ៊ុន​ថា​៖ ក្រសួង​កំពុង​បង្កើត​ក្រុមប្រឹក្សា​ផ្តល់​យោបល់ ពិសេស​មួយ ដែល​ជា​ក្រុមប្រឹក្សា​ដឹកជញ្ជូន ដើម្បី​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ រវាង​ក្រសួង​ពាក់ព័ន្ធ ក្នុង​ការ​លើកកម្ពស់ និង​ពង្រឹង​ការ​ដឹកជញ្ជូន នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ លោក Yeo បាន​សម្តែង​ការ​គាំទ្រ និង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់ខ្លួន ដើម្បី​ជួយ​ដល់​ក្រសួង ក្នុងការ​កាត់បន្ថយ​ការចំណាយ​ដឹកជញ្ជូន និង​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន នៅ​ក្នុង​ប្រទេស​កម្ពុជា។

ដោយហេតុថា​ហេដ្ឋារចនាសម្ព័ន្ធ កំពុង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់ ឆ្ពោះ​ទៅ​កាន់ ការអភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ជោគជ័យ ក្រុមហ៊ុន Kerry Logistics Network សហការ​ជាមួយ​ក្រុមហ៊ុន Worldbridge Networks បាន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស Kerry Worldbridge (KW SEZ) នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល៕