ដំណាច់​ត្រី​មាស​ទី​១​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ឡើង​រហូតដល់​ជាង​២៦០​ភាគរយ

ដំណាច់​ត្រី​មាស​ទី​១​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ឡើង​រហូតដល់​ជាង​២៦០​ភាគរយ



ភ្នំពេញ​ ៖​ គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី​១​ឆ្នាំនេះ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​បាន​កើន​ឡើង​រហូត ២៦៧ ភាគរយ ដែល​មាន​ទឹកប្រាក់​ដល់​១៦៤៧ លាន​ដុល្លារ​អាមេរិក ខណៈ​ឆ្នាំមុន​មាន​ទុន​វិនិយោគ​ត្រឹមតែ​៤៤៨​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

លោក​ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១​ឆ្នាំនេះ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ បាន​កើន​ពី ៤៤៨ លាន​ដុល្លារ កាលពី​ឆ្នាំមុន ដល់​ចំនួន ១៦៤៧ លាន​ដុល្លារ​អាមេរិក ស្មើនឹង​កំណើន ២៦៧ ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយមាន​គម្រោង​វិនិយោគ​ចំនួន ៤៧៣ និង​មាន​ទំហំ​ផ្ទៃក្រឡា​សាងសង់​ទំហំ​ជាង​៣,៧​លាន​ម៉ែត្រការ៉េ។

លោក​បន្ត​ថា “​កំណើន​វិនិយោគ​ក្នុង​វិស័យ​នេះ​ដោយសារ​កម្ពុជា​មានច្បាប់​វិនិយោគ​ដ៏​ទាក់ទាញ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បរទេស​មាន​ភាព​ងាយស្រួល​ក្នុង​ការ​មក​វិនិយោគ​ក្នុង​វិស័យនេះ បរិយាកាស​នយោបាយ កំណើន​សេដ្ឋកិច្ច ​កំណើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​”​។ លោក​បន្តថា “​ទំនុកចិត្ត​របស់​អ្នក​វិនិយោគ​បរទេស​ចំពោះ​ទីផ្សារ​នេះ កម្លាំង​ទិញ​បាន​កើនឡើង ទាំង​អ្នក​វិនិយោគ​ក្នុងស្រុក និង​បរទេស​សុទ្ធ​តែ​ជា​កត្តា​ជំរុញ​នូវ​កំណើន​នេះ​”​។​

លោក​បន្តថា “​កម្លាំង​ពលកម្ម​ថោក​របស់​កម្ពុជា និង​ការ​នាំចូល​សម្ភារៈ​សំណង់ ក៏ដូច​ការ​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ក្នុងស្រុក​កាន់តែច្រើន បានធ្វើ​ឲ្យ​តម្លៃ​សំណង់​មាន​ភាព​សមស្រប ក៏​ជា​ផ្នែក​សំខាន់​នៃ​ការ​ជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ផងដែរ​”​។

អ្នកនាង អាន សុធី​តា នាយិកា​រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​CBRE Cambodia​បាន​ថ្លែងថា កំណើន​វិនិយោគ​ក្នុង​វិស័យនេះ​ជា​រឿង​ល្អ ដែល​វា​នឹង​ជួយ​ដល់​សេដ្ឋកិច្ច និង​ផល​ទុនជាតិ​សរុប​របស់​ប្រទេស ប៉ុន្តែ​អ្វី​ដែល​អ្នកនាង​បារម្ភ​គឺ​រឿង​ទីផ្សារ ព្រោះ​ប្រសិនជា​ទីផ្សារ​មាន​បញ្ហា ដោយសារ​អត្រា​ទិញ​មាន​ទំហំ​តិចតួច វា​អាច​មាន​បញ្ហា​ក្នុង​ការ​បញ្ចប់​គម្រោង​វិនិយោគ​ណាមួយ​នោះ។ អ្នកនាង​បន្តថា ស្ថានភាព​នា​ពេល​នេះ គឺ​អត្រា​ទិញ​បាន​ថមថយ តែ​អ្នក​វិនិយោគ​នៅតែ​បន្ត​សាងសង់។

អ្នកនាង​បន្តថា “​អ្វីដែល​ខ្ញុំ​បារម្ភ​គឺ​តម្លៃ ព្រោះ​អ្នក​អភិវឌ្ឍន៍​បាន​ដាក់​តម្លៃ​លក់​ក្នុង​តម្លៃ​ថ្លៃ ដែល​ខ្ញុំ​គិត​ថា​គួរ​មានការ​សិក្សា​ឡើងវិញ​រវាង​ទីផ្សារ និង​តម្លៃ​ដែល​អ្នក​អភិវឌ្ឍន៍​បាន​ដាក់​ចេញ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​តម្លៃ​ដាក់ចេញ​មាន​ភាពសមស្រប​នឹង អ្វីដែល​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទិញ​បាន​”៕