កម្ពុជា​ជប៉ុន ចុះ​កិច្ចព្រមព្រៀង​ជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ហៅ​ស្ពាន​ជ្រោយចង្វារ​ឡើងវិញ

កម្ពុជា​ជប៉ុន ចុះ​កិច្ចព្រមព្រៀង​ជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ហៅ​ស្ពាន​ជ្រោយចង្វារ​ឡើងវិញ



ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣​ ឧសភា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ហៅ​ស្ពាន​ជ្រោយចង្វារ​ឡើងវិញ​ជាមួយ​លោក Teruo Nakagawa ប្រធាន​ទីប្រឹក្សា​សាជីវកម្ម Central Consultant Inc,​។​

ការ​ចុះ​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បានស្នើ​សុំអោយ​រាជរដ្ឋាភិបាល ជប៉ុន ធ្វើការ​ជួសជុល​ស្ពាន ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ហៅ​ស្ពាន​ជ្រោយចង្វារ​ឡើងវិញ បន្ទាប់ពី​ស្ពាន​នេះ មាន​សភាព​ទ្រុឌ​ទ្រោម ។ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ជ្រោយចង្វារ​) ត្រូវបាន​កសាងឡើង ពី​ឆ្នាំ​១៩៦០ រហូតដល់​ឆ្នាំ ១៩៦៣ ដែល មាន​ប្រវែង ១.០៨០​ម៉ែត្រ និង​ទទឹង ១៣​ម៉ែត្រ​។ ស្ពាន​នេះ​ត្រូវបាន​បំផ្លាញ​នៅក្នុង ឆ្នាំ​១៩៧២ និង​ត្រូវបាន​ជួសជុល​ឡើងវិញ​នៅ​ឆ្នាំ​១៩៩៤​។

យោង​តាម​ផ្សាយ​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា នៅក្នុង​ពិធី​នោះ​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​ការកោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​អបអរសាទរ​ចំពោះ​ក្រុមហ៊ុន ដែល​ត្រូវបាន​ជ្រើសរើស ជា​ក្រុមហ៊ុន ទីប្រឹក្សា​ជំនាញ សម្រាប់​គម្រោង​នេះ ដោយ​អង្គការ JICA​។​យោងតាម​ប្រភព​ដដែល​បន្តថា គម្រោង​ជួសជុល នឹងត្រូវ​ធ្វើឡើង​នៅ​ដើមឆ្នាំ​២០១៧ ដោយ​ចំណាយ​ទឹកប្រាក់ ៣០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

នៅ​ឆ្នាំ​២០១៤ អ្នកជំនាញ​អង្គការ JICA បាន​រក​ឃើញ​ថា​៖ ស្ពាន​នេះ​ត្រូវបាន​ខូចខាត​ផ្នែក​ខ្លះ ដែល​ចាំបាច់​ត្រូវ​ជួសជុល​ឡើងវិញ​។ ដោយសារ​ស្ពាន​នេះ ដើរតួនាទី​ជា​សរសៃឈាម​ដ៏​មាន​សំខាន់ សម្រាប់​ការដឹកជញ្ជូន រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​ព្រមព្រៀងគ្នា​ដើម្បី​ជួសជុល​ស្ពាន​នេះ​ឡើងវិញ​ក្រោម​គម្រោង​ជំនួយឥតសំណង​របស់​ជប៉ុន​។ គម្រោង​ដែល​ត្រូវ ចំណាយ​ជា​ទឹកប្រាក់ ៣០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នេះ ត្រូវបាន​អនុវត្ត​ដោយ​អង្គការ​JICA ដែល​នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល ២២​ខែ៕