តុលាការ​កោះហៅ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦​ ឧសភា

តុលាការ​កោះហៅ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦​ ឧសភា



ភ្នំពេញ ​៖ ​ព្រះរាជអាជ្ញា​រង​អម​ សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​ចេញ​ដីកា​កោះហៅ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ ទី​១​លោក​តុ វ៉ាន់​ចាន់ ត្រូវ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភា វេលា​ម៉ោង​៩:០០ នាទី។ ចំណែក​លោក ពិន រតនា ត្រូវ​ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា វេលា​ម៉ោង​១៤:៣០ នាទី​។

ការចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​ទាំងពីរ​នេះ ធ្វើឡើង​បន្ទាប់ កញ្ញា​ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ផ្តល់​ចម្លើយ​សារភាព​ជូន​ព្រះរាជអាជ្ញា​រង សៀង សុខ កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​កន្លងទៅ ដោយ​បាន​លើក​ឡើងថា នៅក្នុងពេល​មាន​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា នោះ នាង​បាន​ទៅលេង ទីក្រុង​បាងកក ជាមួយ​លោក កឹម សុខា ចំនួន​២​ដង ដោយ​លើក​ទី​១ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

លោក​កឹម សុខា លោម​លួង​ឲ្យ​លុយ​ ចំនួន​៣០០០​ដុល្លារ និង​សន្យា​រក​ទិញ​ផ្ទះ​មួយ​នៅ​កន្លែង​ស្ងាត់​ងាយស្រួល​ចេញចូល។ ពេល​ទៅ​ដល់​ទីក្រុង​បាងកក​នោះ​ លោក តុ​វ៉ាន់​ចាន់ ដែល​ជា​អ្នក​ជូន​នាង​ទៅតាម​បញ្ជា​របស់​លោក​កឹម សុខា បាន​នាំ​នាង​ទៅ​ស្នាក់នៅ​សណ្ឋាគារ សិន​ធឺ​ភា​ញ់ (​មិន​ចាំ​លេខ​បន្ទប់​) ហើយ​ត្រឡប់​មក​ភ្នំពេញ​វិញ​នៅ​ថ្ងៃ​ទី​០២ ​ខែធ្នូ​ ឆ្នាំ​២០១៥​។ លើក​ទី​២ គឺ​ចាប់ពី​ថ្ងៃទី​០១ ទី​០២ ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។ កញ្ញា ស្រីមុំ បានបញ្ជាក់​អះអាងថា នាង​បាន​ចេញទៅ​ជាមួយ​ឈ្មោះ ពិន រតនា ដោយ​មានការ​ប្រាប់​ពី​លោក កឹម សុខា ឲ្យ​នាង​ទំនាក់ទំនង​ជាមួយ​គាត់​ពេល ទៅដល់​ប្រទេស​ថៃ​។ នាង​បាន​ស្នាក់នៅ​សណ្ឋាគារ សិន​ធឺ​ភា​ញ់ ជាមួយ​បន្ទប់​លោក កឹម សុខា ដោយ​លោក កឹម សុខា បាន​រង់ចាំ​នាង​នៅក្នុង បន្ទប់​មុន។

ជុំវិញ​ករណី​នៃ​ការកោះហៅ ជនសង្ស័យ តុ​វ៉ាន់​ចាន់ និង ពិន រតនា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ឃុំខ្លួន​មន្ត្រី​សង្គម​ស៊ីវិល ចំនួន​៤​រូប រួមមាន​: (១) លោក នី សុខា ប្រធាន ផ្នែក​ស៊ើបអង្កេត​អង្គការ​អាដហុក (២) លោក យី សុខសាន្ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត អង្គការ អាដហុក (៣) លោក ណៃ វ៉ង​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត អង្គការ​អាដហុក (៤)​លោកស្រី លឹម មុនី មន្ត្រី​អង្កេត ជាន់ខ្ពស់ នៃ​អង្គការ​អាដហុក និង អគ្គលេខាធិការ​រង គ​.​ជ​.​ប ១​រូប​ មន្ត្រី​អង្គការសហប្រជាជាតិ​១​រូប។ ការ​ចេញ​ដីកា​​ឃុំខ្លួន មន្ត្រី​ទាំង​៤​រូប​នេះ​គឺ ដើម្បី រង់ចាំ​ការស៊ើបអង្កេត​ជុំវិញ​ករណី​ ប្រព្រឹត្ត​បទល្មើស​សូកប៉ាន់​សាក្សី និង​អំពើ​សមគំនិត ក្នុង​រឿង កញ្ញា​ខុម ចាន់​ដា​រ៉ា​ទី៕