សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​ជីក​ស្រះ និង​អណ្ដូងទឹក​ថ្មី បន្ថែមទៀត សម្រាប់​ឆ្នាំក្រោយ​

​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ជីក​ស្រះ​ថ្មី ស្ដារ​ស្រះ​ចាស់ ជីក​អណ្ដូង​ថ្មី និង​ស្ដារអណ្ដូង​ចាស់​ឡើងវិញ ដើម្បី​ត្រៀម​ទុក​សម្រាប់​ឆ្នាំក្រោយៗ​ទៀត​។ ប្រមុខ​រដ្ឋាភិបាល ចាត់ទុកថា ឆ្នាំនេះ​ជា​គ្រោះមហន្តរាយ ដែល​ផ្ដល់​មេរៀន​ដល់​រដ្ឋាភិបាល សម្រាប់​ការត្រៀមខ្លួន​ទប់ស្កាត់​បញ្ហា​នេះ​នៅ​ឆ្នាំក្រោយ​ទៀត ដែល​អាច​កើតឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។​

​ថ្លែង​ក្នុង​ពិធី​«​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០» សម្តេច ហ៊ុន សែន នូវតែ​បញ្ជា​ឲ្យ​មន្ត្រី​គណបក្ស​ប្រជាជន ចៅហ្វាយខេត្ត និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បន្ត​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ដើម្បី​ចែកចាយ​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ រហូត​ប្រជាពលរដ្ឋ​អាច​ធូរស្រាល​ពី​ការខ្វះ​ទឹក​នេះ​។​

​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​កន្លងមក​ថា ដោយសារតែ​បញ្ហា​ខ្វះខាត​ទឹក​នេះ បាន​បណ្ដា​ឲ្យ​សត្វ​គោ ក្របី របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង ងាប់​ជាង​៣០០​ក្បាល​ហើយ ដោយ​ក្នុងនោះ​សត្វ​ក្របី​ងាប់​ជាង​២០០​ក្បាល និង​សត្វ​គោ​៦៥​ក្បាល​។ ប្រមុខ​រដ្ឋាភិបាល អះអាងថា បើទោះជា​មិន​សត្វពាហនៈ​ងាប់​ក៏ដោយ តែ​លោក​នឹងមិន​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ខ្វះ​ទឹក​ឡើយ ៕