សម្តេច​តេ​ជោ មិន​អនុញ្ញាត​ឲ្យ​បើកបរ​រថយន្ត ឬ​ម៉ូតូ​លើ​ផ្លូវ​មុខ​ប្រាសាទ​អង្គរវត្ត ​ដូច​ពីមុន​ទេ

សម្តេច​តេ​ជោ មិន​អនុញ្ញាត​ឲ្យ​បើកបរ​រថយន្ត ឬ​ម៉ូតូ​លើ​ផ្លូវ​មុខ​ប្រាសាទ​អង្គរវត្ត ​ដូច​ពីមុន​ទេ



ភ្នំពេញ​ ៖​ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ រួមគ្នា​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍​ឲ្យ​បាន​ល្អ នៅមុខ​ប្រាសាទអង្គរវត្ត ដើម្បី​បង្កើន​សោភ័ណភាព និង​បង្ក​ភាពងាយស្រួល ក្នុង​ការធ្វើ ដំណើរ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​។​

យោងតាម ហ្វេ​ស​ប៊ុ​ក (facebook page) របស់ សម្តេច តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ក្នុង​ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ​២០១៦ សម្តេច តេ​ជោ បាន​លើកឡើងថា «​យើង​នាំគ្នា​ចូលរួម​រៀបចំ ឲ្យមាន​សណ្តាប់ធ្នាប់​ចរាចរណ៍​ល្អ នៅមុខ​ប្រាសាទអង្គរវត្ត ដើម្បី​លើកស្ទួយ កិត្យានុភាព​នៃ​សម្បត្តិ​វប្បធម៌​ពិភពលោក​ដ៏​ល្បីល្បាញ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ចាប់ពី ខែឧសភា ឆ្នាំ​២០១៦​តទៅ ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត ត្រូវ​បាន​អាជ្ញាធរ​បិទ​ចរាចរណ៍ ដោយ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត ឬ​ម៉ូតូ ធ្វើដំណើរ ដូច​មុន​នោះ​ទេ គឺ​មានតែ​អ្នកទេសចរ​ថ្មើរ​ជើង និង​អ្នកជិះ​កង់​ឬ​ក្នុងករណី​បន្ទាន់ ផ្សេងៗ​ដូចជា​រថយន្ត​ពន្លត់អគ្គិភ័យ និង​រថយន្ត​សង្គ្រោះបន្ទាន់​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ ធ្វើដំណើរ​ត្រង់​ទៅមុខ​ប្រាសាទអង្គរវត្ត​បាន​។ សម្តេច​តេ​ជោ សង្កត់ធ្ងន់ថា ធ្វើបែបនេះ នេះ​គឺ​ដើម្បី​សម្រួលការ កកស្ទះ​ចរាចរណ៍ ការថែរក្សា​សណ្ដាប់ធ្នាប់ សុវត្ថិភាព​ទេសចរណ៍ និង លើក​សោភ័ណភាព បរិវេណ​មុខ​អង្គរ​អច្ឆរិយៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

បើ​យោងតាម​សេចក្ដីប្រកាស របស់​គ្រឹះស្ថាន​អង្គរ បាន​ឲ្យ​ដឹងថា អំឡុង​ខែមេសា ឆ្នាំ​២០១៦​នេះ បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​បរទេស​បាន​ទិញ ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ចំនួន​១៤៦,១៩៦​នាក់​។ ចំនួន​នេះ បាន​ថយ​ចុះ​៤.៨០% បើ​ប្រៀបធៀប​ទៅ នឹង​ខែ​មេសា ឆ្នាំ​២០១៥​។ ដោយឡែក ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត ​មាន​ចំនួន ៤,១៤៨,៥៦០​ដុល្លារ​ ថយ​៣.៧៦%​។ ជាមួយគ្នានេះ បើ​គិត​៤​ខែ​ដើម​ឆ្នាំ ២០១៦​វិញ ភ្ញៀវ​ទេសចរ​បរទេស​បាន ទិញ​ប័ណ្ណ​ចូល​ទស្សនា រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ៨៤៧,៥៥៤​នាក់ ទទួល​បាន​ប្រាក់ចំណូល ២៤,៥០០,១៦០​ដុល្លារ​អាមេរិក៕