ជើង​ឯក​អ៊ឺរ៉ុប​២០១៦៖ អាត្លង់ទីកូ សម្លាប់ បាយ៉ឺន ហើយ​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ

គេអាចនិយាយម្យ៉ាងទៀត ថាគ្រូបង្វឹក ប៉ិប ហ្គ័ឌីអូឡា (Pep Guardiola) ពិតជាគ្មានវាសនា បានលើក​ពាន​រង្វាន់​ជា​ជើង​ឯក​អ៊ឺរ៉ុប «Champions League» យកមកកាន់ទាល់តែសោះ។ នៅឆ្នាំ​នេះ ដែល​លោក​បាន​ធ្វើជា​គ្រូ​បង្វឹក របស់​ក្រុម​បាយ៉ឺន មូនិឆ (Bayern Munich) នោះ អតីតគ្រូបង្វឹករបស់ក្រុម​បាសារូបនេះ បានទទួល​បរាជ័យ​ម្ដង​ទៀត នៅក្នុង​ការ​ប្រកួតវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ជាមួយ​ក្រុម អាត្លង់ទីកូ (Atlético Madrid) កាល​ពី​យប់​ថ្ងៃ​អង្គារ ទី៣ ខែ​ឧសភា​នេះ។
ជើង​ឯក​អ៊ឺរ៉ុប​២០១៦៖ អាត្លង់ទីកូ សម្លាប់ បាយ៉ឺន ហើយ​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ

កីឡាករ អង់ទ័ន គ្រីស្មាន់ លោតឡើង បន្ទាប់ពីរកគ្រាប់បាល់ ឲ្យក្រុម អាត្លង់ទីកូ របស់ខ្លួនរួច។ (រូបថត Getty)

នៅក្នុងការប្រកួតលើកទីមួយ (ឬហៅតាមពាក្យបច្ចេកទេស៖ ការប្រកួតទៅ) កាលពីសប្ដាហ៍មុន នៅក្នុង​រាជធានី ម៉ាឌ្រីត ក្រុមអាត្លង់ទីកូ (Atlético Madrid) បានយកជ័យជំនះលើក្រុមបាយ៉ឺន (Bayern Munich) ក្នុង​ពិន្ទុ ១-០។ នៅក្នុងយប់ថ្ងៃអង្គារទី៣ ខែឧសភានេះ ក្រុម បាយ៉ឺន បានឈ្នះវិញក្នុងពិន្ទុ ២-១ នៅ​ក្នុង​ការ​ប្រកួត​លើក​ទី២ (ឬហៅតាមពាក្យបច្ចេកទេស៖ ការប្រកួតត្រឡប់វិញ) ក្នុងក្រុង មូនិឆ របស់ខ្លួន។

កីឡាករដែលរកគ្រាប់បាល់ នៅក្នុងការប្រកួតលើកទី២នេះ មានកីឡាករ សាប៊ី អាឡុងសូ (Xabi Alonso) ដែល​បានទាត់បាល់ពិន័យមិនផ្ទាល់ នៅនាទីទី៣១ និងរកបានគ្រាប់បាល់ដំបូង ឲ្យក្រុមបាយ៉ឹន របស់ខ្លួន។ ប៉ុន្តែ​ក្រុម អាត្លង់ទីកូ បានរកគ្រាប់បាល់ស្មើមកវិញ នៅនាទីទី៥៤ ដោយសារកីឡាករអន្តរជាតិបារាំង ឈ្មោះ អង់ត័ន គ្រីស្មាន់ (Antoine Griezmann)។ និងគ្រាប់បាល់ទីបី របស់ក្រុម បាយ៉ឺន រកបានដោយសារ​កីឡាករ​អន្តរជាតិ​ប៉ូឡូញ ឈ្មោះ រ៉ូប៊ែរ ឡេវ៉ានដូវស្គី (Robert Lewandowski) ដែលបានប្រើក្បាល​បុក​បាល់ បញ្ចូលទី។

បើសរុបពិន្ទុទៅ ក្រុមទាំងពីរទទួលបានគ្រាប់បាល់ស្មើ ២-២ តែលក្ខន្តិកៈរបស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប បាន​កំណត់​ឲ្យក្រុមណា ដែលរកគ្រាប់បាល់នៅខាងក្រៅ (ពេលទៅប្រកួតនៅផ្ទះគេ) បានច្រើនជាងគេ គឺជា​អ្នក​ឈ្នះ។ ដូច្នេះ ការប្រកួតកាលពីយប់ថ្ងៃអង្គារ ដែលក្រុមអាត្លង់ទីកូ របស់គ្រាប់បាល់បានមួយគ្រាប់នោះ ដែល​ធ្វើ​ឲ្យ​ក្រុមនេះ បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ និងត្រូវទៅជួបជាមួយ ក្រុមមួយ ពីចំណោមក្រុមពីរ (រៀលម៉ាឌ្រីត និង​មេនឆេស្ទ័រស៊ីធី ) ដែលត្រូវជួបគ្នាក្នុងយប់ថ្ងៃពុធនេះ។

ជាលើកទីបី ក្នុងបីឆ្នាំជាប់គ្នា ដែលក្រុមបាយ៉ឺនជួបនឹងបរាជ័យ និងមិនបានទៅដល់វគ្គផ្ដាច់ព្រ័ត្រ សម្រាប់​ជើង​ឯកអ៊ឺរ៉ុប «Champions League» ជាពិសេស​នៅពេលដែលកំពូលក្រុមបាល់ទាត់ របស់ប្រទេស​អាល្លឺម៉ង់​មួយ​នេះ បានទៅជួបជាមួយ នឹងក្រុមបាល់ទាត់​មកពីប្រទេសអេស្ប៉ាញ។ ផ្ទុយទៅវិញ សម្រាប់ក្រុមអាត្លង់ទីកូ បាន​ធ្វើ​ដំណើរទៅដល់វគ្គផ្ដាច់ព្រ័ត្រនេះ ចំនួនបីដងហើយ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុម គឺនៅឆ្នាំ១៩៧៤ ឆ្នាំ​២០១៤ និងនៅឆ្នាំ២០១៦នេះ។ ប៉ុន្តែក្រុមនេះ មិនដែលបានឈ្នះពានរង្វាន់អ៊ឺរ៉ុប យកមកកាន់ម្ដង​ណា​ឡើយ។ គេ​នៅ​ចាំ​មើល ថា​នៅ​ឆ្នាំនេះ តើក្រុមអាត្លង់ទីកូ អាចផ្លាស់ប្ដូរវាសនារបស់ខ្លួន បានឬយ៉ាងណា៕

-------------------------------

» វីដេអូ បង្ហាញពីការសង្ខេបឡើងវិញ នៃការប្រកួតនេះ៖