ឃ្មុំ​វាយប្រហារ​ក្មេង​ម្នាក់​សន្លប់ ៤​នាក់​រត់​ផ្អើល​ភូមិ

ឃ្មុំ​វាយប្រហារ​ក្មេង​ម្នាក់​សន្លប់ ៤​នាក់​រត់​ផ្អើល​ភូមិ



ខេត្តកំពត ៖ ក្មេង​ជំទង់​៥​នាក់ បាន​រង​ការ​វាយប្រហារ​ពី​ហ្វូង​ឃ្មុំ ដោយ​ទិច​ម្នាក់​សន្លប់​និង​៤​នាក់​ទៀត រត់​ចែក​ជើង​គ្នា ខណៈ​នាំ​គ្នា​យក​ឃ្មុំ​ធំ​មួយ​សម្បុក​នៅ​ដើម​អំពិល​ក្បែរ​របង​ផ្ទះ ក្នុងភូមិ​ដើម​ចំរៀក ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយ​មាស កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២ ខែឧសភា ។

ការ​យក​ឃ្មុំ​នេះ​មិន​បាន​សម្រេច​ទេ ដោយសារ​ក្មេង​ជំទង់​ម្នាក់​ឈ្មោះ នឹម ញ៉ា អាយុ​១៤​ឆ្នាំ យក​ឈើ​វែង​មួយ​ទៅ​បុករុក​សម្បុក​ឃ្មុំ​ទម្លាយ ធ្វើ​ឱ្យ​មេ​ឃ្មុំ​បាន​ផ្អើល​ឈុ​ល​ហើរ​ប្រសាច​ទម្លាក់​ខ្លួន​រាប់​ពាន់​មេ​ហើរ​ចុះ​មក​ក្រោម រួច​ធ្វើការ​វាយ​ប្រហារ​ក្មេង​ប្រុស​នោះ​ឡើង​ខ្មៅ​ខ្លួន​ច្រើន​ទ្រនិច​រាប់​មិន​អស់ រហូត​ទម្លាក់​ឈើ​ចោល​នាំ​គ្នា​រត់​។ ប៉ុន្តែ​ក្មេង​ប្រុស​ឈ្មោះ នឹម ញ៉ា ត្រូវ​ឃ្មុំ​ចោមរោម​ទិច បាន​រង​គ្រោះ​ធ្ងន់​រហូត​ដល់​សន្លប់ ។ រីឯ​ក្មេង​តូច​ៗ​អាយុ​តិច​ជាង នឹម ញ៉ា ក៏​ត្រូវ​ឃ្មុំ​ទិច​ដែរ បាន​នាំ​គ្នា​រត់​ប្រាស​អាយុ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ។ ក្មេង​ប្រុស​ដែល​ឃ្មុំ​ទិច​របួសធ្ងន់ ត្រូវ​បាន​អ្នក​ភូមិ​ជួយ​លើក​ជួយ​សែង​យក​ទៅ​ដាក់​កន្លែង​មាន​សុវត្ថិភាព ហើយ​ហៅ​គ្រូពេទ្យ​នៅ​ជិត​នោះ​មក​ព្យួរសេរ៉ូម​ឲ្យ ទម្រាំ​ឪពុក​ម្ដា​យមក​ដល់ ។

ទោះជា​បែប​ណា ក្រុម​សាច់ញាតិ ក៏​ដូច​ជា​អ្នក​ភូមិ បាន​ស្ដីបន្ទោស​ទៅ​ដល់​ក្មេង​ៗ​ទាំង​៥​នាក់ ដែល​ក្លាហាន​ព្រហើន​ពេក​ហ៊ាន​យក​ឈើ​ទៅ​រុក​សម្បុក​ឃ្មុំ​ដ៏​ធំ​នោះ ។ អ្នក​ភូមិ​និយាយ​ថា ពួក​គេ​បានឃើញ​ឃ្មុំ​ធំ​មួយ​សំបុក​នេះ​ដែរ​...​បាន​ត្រឹមតែ​សម្លឹង​មើល​ប៉ុណ្ណោះ មិន​ហ៊ាន​រំខាន​ទេ ហេតុ​អី​ក៏​ក្មេង​ទាំងនេះ មិនដឹងខ្យល់​អីចឹង? លោកតា​ម្នាក់​ស្លៀកខោ​បង់ក​ក្រមា បាន​ប្រាប់​​ថា សូ​ម្បី​តែ​ចាស់​ៗ ក៏​មិន​ហ៊ាន​ប្រថុយ​យក​ឃ្មុំ​នោះ​ដែរ ៕