ស្ថាប័ន IMF ព្រមាន​ពី​កំណើន​សេដ្ឋកិច្ច​យឺត​យ៉ាវ​របស់​ចិននិង​ជប៉ុន

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៅថ្ងៃអង្គារនេះបានព្យាករណ៍ថាសេដ្ឋកិច្ចចិននិងជប៉ុន នឹងមានកំណើនយឺតយ៉ាវនៅក្នុងរយៈពេល២ឆ្នាំខាងមុខ ប៉ុន្តែសេដ្ឋកិច្ចតំបន់អាស៊ីនឹងនៅតែរក្សាបានកំណើនខ្លាំង ខណៈតម្រូវការក្នុងស្រុកនឹងកាន់តែល្អប្រសើរដោយសារតែការធ្លាក់ចុះនៃពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។

ស្ថាប័ន IMF បានឲ្យដឹងថាវិធានការជំរុញកំណើនរបស់រដ្ឋាភិបាលការធ្លាក់ចុះតម្លៃទំនិញនិងការធ្លាក់ចុះអត្រាអត់ការងារធ្វើនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ ហើយស្ថាប័ន IMF បានអំពាវនាវឲ្យបណ្ដាមេដឹកនាំជំរុញការកែទម្រង់។

ទោះជាយ៉ាងណា នៅក្នុងការព្យាករសេដ្ឋកិច្ចតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្ថាប័ន IMF ក៏បានព្រមានអំពីបញ្ហាប្រឈមពីខាងក្រៅជាច្រើនផងដែរដែលកើតចេញពីភាពទន់ខ្សោយនៃកំណើនសេដ្ឋកិច្ចប្រទេសធំៗ ភាពទន់ខ្សោយនៃពាណិជ្ជកម្មអន្តរជាតិ និងការផ្លាស់ប្ដូរយ៉ាងលឿននៃទីផ្សារហិរញ្ញវត្ថុសាកល។

ចាប់តាំងពីការចេញផ្សាយរបាយការណ៍ព្យាកររបស់ខ្លួនកាលពីខែតុលាមក ទីផ្សារសាកលមានការផ្លាស់ប្ដូរយ៉ាងលឿនជាមួយក្ដីបារម្ភទៅលើសេដ្ឋកិច្ចប្រទេសចិននិងការធ្លាក់ចុះតម្លៃប្រេងនៅខែមករានិងខែកុម្ភៈកន្លងមកដែលបានធ្វើឲ្យខាតបង់តម្លៃរាប់សិបពាន់លានដុល្លារ។

ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីររបស់ពិភពលោកនិងជាអ្នកជំរុញដល់កំណើនសេដ្ឋកិច្ចសាកលនោះនឹងទទួលបានកំណើនសេដ្ឋកិច្ច៦.៥ភាគរយនៅឆ្នាំ២០១៦ និង៦.២ភាគរយនៅឆ្នាំ២០១៧ ដែលជាកំណើនទាបជាងគោលដៅរបស់ក្រុងប៉េកាំង។

តួលេខនេះបានទាបជាងតួលេខកំណើន៦.៩ភាគរយនៅក្នុងឆ្នាំ២០១៥កន្លងមកដែលវាគឺជាកំណើនដ៏យឺតយ៉ាវបំផុតនៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ៕

ស្ថាប័ន IMF ព្រមាន​ពី​កំណើន​សេដ្ឋកិច្ច​យឺត​យ៉ាវ​របស់​ចិននិង​ជប៉ុន

ប្រភពៈ VOD