សិង្ហបុរី​ចាប់​ខ្លួន​បង់ក្លាដែស​៨​នាក់​ពី​បទ​ពាក់ព័ន្ធ​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម

ជនជាតិបង់ក្លាដែល៨នាក់ ដែលជាសមាជិកអង្គការខុសច្បាប់មួយ ស្និទ្ធនឹងអង្គការរដ្ឋអ៊ីស្លាម ត្រូវបានចាប់ខ្លួន នៅប្រទេសសិង្ហបុរី។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃសិង្ហបុរី នៅថ្ងៃអង្គារនេះ ភេរវជនសង្ស័យ ទំនងជាកំពុងរៀបចំផែនការធ្វើភេវរកម្មមួយប្រឆាំងនឹងប្រទេសបង់ក្លាដែសខ្លួនឯង។

ជនសង្ស័យបង់ក្លាដែលទាំង៨នាក់នេះ បានរៀបចំផែនការយ៉ាងល្អិតល្អន់ ដោយដំបូងឡើយ ពួកគេគ្រោងធ្វើដំណើរទៅកាន់ប្រទេសស៊ីរី នៅមេសា ដើម្បីចូលរួមហាត់ហ្វឹកហ្វឺនជាមួយអង្គការរដ្ឋអ៊ីស្លាម។ នេះជាការគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃសិង្ហបុរី ដែលបានឱ្យដឹងបន្ថែមទៀតថា ពួកភេរវជនសង្ស័យនេះ គឺជាសមាជិកក្រុមអង្គការខុសច្បាប់មួយនៅសិង្ហបុរី។

អង្គការនេះត្រូវបានបង្កើតឡើងដោយជនមួយឈ្មោះ Rahman Mizanur កាលពីខែមីនា ឆ្នាំ២០១៦ ដែលមានឈ្មោះថា អង្គការរដ្ឋអ៊ីស្លាមនៅបង់ក្លាដែស។ បើតាមប្រភពដដែល មានជនសង្ស័យពីរនាក់ផ្សេងទៀត នៃអង្គការរដ្ឋអ៊ីស្លាមបង់ក្លាដែស កំពុងស្នាក់នៅក្នុងប្រទេសបង់ក្លាដែស។

ជនបង់ក្លាដែលទាំង៨ មានបណ្ណស្នាក់នៅនិងធ្វើការស្របច្បាប់នៅសិង្ហបុរី ក្នុងវិស័យសំណង់ និងឧស្សាហកម្មជើងទឹក។ នៅពេលចាប់ខ្លួនបាន អាជ្ញាធរបានរឹបអូសវត្ថុតាងមួយចំនួនដូចជា សៀវភៅបង្ហាត់ផលិតគ្រាប់បែក បញ្ជីឈ្មោះអ្នកទទួលត្រូវនយោបាយក្នុងរដ្ឋាភិបាលបង់ក្លាដែស និងក្នុងជួរយោធា ដែលជាទិសដៅនៃការវាយប្រហារភេរវកម្ម និងសៀវភៅស្តីពីអាវុធ យុទ្ធភណ្ឌ ព្រមទាំងសម្ភារៈជាច្រើនទៀតពាក់ព័ន្ធនឹងអង្គការរដ្ឋអ៊ីស្លាម និងអង្គការភេរវនិយមអាល់កៃដា។

សិង្ហបុរី​ចាប់​ខ្លួន​បង់ក្លាដែស​៨​នាក់​ពី​បទ​ពាក់ព័ន្ធ​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាមសកម្មជនអង្គការរដ្ឋអ៊ីស្លាមបង់ក្លាដែល ដែលសិង្ហបុរីចាប់ខ្លួនបាន

ក្រុមអង្គការនេះ ក៏មានគម្រោងជ្រើសរើសពលករបង់ក្លាដែសនៅសិង្ហបុរី ជាច្រើននាក់ទៀតឱ្យចូលមកបម្រើអង្គការ និងបានរ៉ៃអង្គាសប្រមូលលុយធ្វើជាមូលនិធិដើម្បីទិញអាវុធ សម្រាប់យកទៅធ្វើភេរវកម្មនៅក្នុងប្រទេស ពេលណាដែលសកម្មជនណាស់ត្រលប់ចូលស្រុកវិញ។
មេកើយឈ្មោះ Mizanur បានប្រកាសប្រាប់ក្រុមអ្នកអង្កេតសិង្ហបុរីថា ពួកគេត្រៀមជាស្រេចនឹងចេញធ្វើភេរវកម្ម នៅគ្រប់ទិសទីលើពិភពលោក ប្រសិនបើអង្គការរដ្ឋអ៊ីស្លាមស្នើសុំ។

កាលពីខែមករា សិង្ហបុរីបានប្រកាសចាប់ខ្លួនជនបង់ក្លាដែស ចំនួនសរុប ២៧នាក់ ក្នុងមួយឆ្នាំ២០១៥ ពីបទជាប់សង្ស័យថាមានគម្រោងធ្វើភេរវកម្មប្រឆាំងប្រទេសកំណើតពួកគេ។ ក្រោយការចាប់ខ្លួនរួច ជនទាំងអស់នោះត្រូវបានបញ្ជូនឱ្យបង់ក្លាដែសទាំងអស់៕

ប្រភពៈ RFI