ប្រយ័ត្ន​ជាមួយ​សកម្ម​ភាព​ចិន​ អាមេរិក​និង ឥណ្ឌា​ ពិភាក្សា​ជម្លោះ​ប្រឆាំង​នាវា​មុជ​ទឹក

ក្រុងញូវដែលីៈ ក្រុមមន្ត្រីយោធា បាននិយាយថា ឥណ្ឌា និងអា មេរិក កំពុងស្ថិតក្នុងកិច្ចពិភាក្សា ដើម្បីជួយគ្នាទៅវិញទៅមក តាមដានក្រុមនាវាមុជទឹកនៅក្នុងមហាសមុទ្រឥណ្ឌា ជាទង្វើមួយ ដែលអាចរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងការពារជាតិរវាងក្រុងញូវដែលី និងក្រុងវ៉ាស៊ីនតោន ខណៈចិនបង្កើនសកម្មភាពនៅក្រោមសមុទ្ររបស់ខ្លួន។

ទាំងអាមេរិក និងឥណ្ឌា កំពុងតែមានកង្វល់កើនឡើងចំពោះការ វាតទី និងមហិច្ឆតារបស់កងទ័ពជើងទឹកចិន ដែលកំពុងប្រកាន់ជំហរក្អេងក្អាងខ្លាំងឡើងៗនៅ ក្នុងសមុទ្រចិនខាងត្បូង និងកំពុងប្រជែងការគ្របដណ្តប់របស់ ឥណ្ឌានៅក្នុងមហាសមុទ្រឥណ្ឌាថែមទៀត។

ក្រុងញូវដែលី ដែលកំពុងបង្ហាញ នូវការស្ទាក់ស្ទើររបស់ខ្លួនជាច្រើន ទសវត្សរ៍ដើម្បីត្រូវអូសចូលក្នុងការឱបក្រសោបរបស់អាមេរិក បានយល់ព្រមពីខែមុនដើម្បីបើកចំហមូលដ្ឋានយោធារបស់ខ្លួនដល់អាមេរិក ជាថ្នូរនឹងការទទួលបានបច្ចេកវិទ្យាអាវុធ ដើម្បីជួយខ្លួន ដើម្បីកាត់បន្ថយគម្លាតជាមួយចិន។

ភាគីទាំងពីរក៏បាននិយាយថា កងទ័ពជើងទឹកពួកគេ នឹងរៀបចំ កិច្ចពិភាក្សាស្តីពីជម្លោះប្រឆាំងនាវាមុជទឹក (ASW) តំបន់រសើបនៃបច្ចេកវិទ្យាយោធា និងរៀបចំដ៏ជិតស្និទ្ធនូវយុទ្ធសាស្ត្រដែលមាន តែក្រុមសម្ព័ន្ធមិត្តចែករំលែក។

ប្រយ័ត្ន​ជាមួយ​សកម្ម​ភាព​ចិន​ អាមេរិក​និង ឥណ្ឌា​ ពិភាក្សា​ជម្លោះ​ប្រឆាំង​នាវា​មុជ​ទឹកមន្ត្រីទាហានជើងទឹកឥណ្ឌា ពិនិត្យនាវា មុនពេលបន្រគល់ជូនទ័ព។ Afp

ថ្លែងក្នុងលក្ខខណ្ឌអនាមិក មន្ត្រី អាមេរិកមួយរូបដែលស្និទ្ធនឹងកិច្ចសហប្រតិបត្តិការយោធាឥណ្ឌា-អាមេរិក បាននិយាយថា៖ «ប្រភេទនៃទំនាក់ទំនងមូលដ្ឋានទាំងនេះនឹងក្លាយជាបំណែកផ្គុំ សម្រាប់ ទំនាក់ទំនងកងទ័ពជើងទឹកនិងកងទ័ពជើងទឹកស្ថិតស្ថេរមួយដែលយើងសង្ឃឹមថា នឹងរីកលូតលាស់តាមពេលវេលាទៅជាសមត្ថភាព ASW រួមមួយ»។

ក្រុមមន្ត្រីកងទ័ពជើងទឹកឥណ្ឌា និយាយថា ក្រុមនាវាមុជទឹកចិន ត្រូវបានគេឃើញជាមធ្យម ៤ លើក ក្នុងរយៈពេលបីខែ។ នាវា ខ្លះត្រូវបានគេឃើញ ក្បែរប្រជុំកោះ Andamans និង Nicobar របស់ឥណ្ឌា ដែលតាំងនៅ ក្បែរឆកម៉ាឡាកា ជាច្រកចូលទៅ កាន់សមុទ្រចិនខាងត្បូង ដែលតាមរយៈនោះ ជាង ៨០ ភាគរយនៃ ការផ្គត់ផ្គង់ប្រេងចិន ឆ្លងកាត់។

ឥណ្ឌា និងអាមេរិក ដែលបាន ធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នារួចហើយ សុទ្ធតែបានហោះហើរយន្តហោះប្រភេទថ្មី P-8 ដោយធ្វើឲ្យការចែករំលែកព័ត៌មាន កាន់តែ ងាយស្រួលលើសកម្មតាមដាននាវាមុជទឹកដែលរសើបបំផុត។P-8 គឺជាអាវុធ ប្រមាញ់នាវាមុជទឹកទំនើបបំផុតរបស់ក្រុងវ៉ាស៊ីនតោន ដែលបំពាក់ដោយប្រព័ន្ធសេនស័រ ដែលអាចតាមដាន និងកំណត់អត្តសញ្ញាណនាវាមុជទឹកតាមរលកសំឡេង និងមធ្យោបាយជាច្រើនទៀត។

អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌា បានបដិសេធមិនធ្វើការពន្យល់លើកិច្ចសហប្រតិបត្តិការសង្គ្រាមប្រឆាំងនាវាមុជទឹកដែលបានស្នើសុំជាមួយអាមេរិកនេះទេ ប៉ុន្តែប្រភពទ័ពជើងទឹកឥណ្ឌាមួយ ដែលបានសង្ខេបអំពីកិច្ចពិភាក្សានោះ បាននិយាយថា ការផ្តោតសំខាន់លើសមយុទ្ធរួមឈុតបន្ទាប់ ដែលនឹងធ្វើនៅសមុទ្រហ្វីលីពីនខាងជើង ក្នុងខែមិថុនា នឹងជាសមយុទ្ធសង្គ្រាមប្រឆាង នឹងនាវាមុជទឹក៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍