អ្នកវិភាគ៖ សហគមន៍អន្តរជាតិនឹងដាក់សម្ពាធលើកម្ពុជាទោះជាលោក ហ៊ុន សែន គំរាមមិនឲ្យលូកដៃ

ក្រុមអ្នកវិភាគបង្ហាញការយល់ឃើញថាវិធានការចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុកអាចនឹងមានការដាក់សម្ពាធពីសហគមន៍អន្តរជាតិក្នុងរូបភាពណាមួយបើទោះបីជានាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានគំរាមទុកមុនមិនឲ្យមានការលូកដៃចូលផ្ទៃក្នុងកម្ពុជាក៏ដោយ។

នៅថ្ងៃទី២ខែឧសភា មន្ត្រីការពារសិទ្ធិមុស្សអាដហុក៤រូបមានលោក នី សុខា លោក យ៊ី សុខសាន្ត លោក ណៃ វ៉ង់ដា លោកស្រី លឹម មុន្នី និងអគ្គលេខាធិការរង គ.ជ.ប និងជាអតីតមន្ត្រីជាន់ខ្ពស់នៅអាដហុកដែរនោះគឺលោក នី ចរិយា ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួននៅពន្ធនាគារ។

តុលាការចោទពួកគេពីបទសូកប៉ានសាក្សីនិងសមគំនិត ក្រោយពីអ្នកទាំងនោះបានជួយផ្តល់សេវាផ្លូវច្បាប់ដល់ ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលពីដំបូងសមាគមអាដហុកគិតថាជាស្ត្រីរងគ្រោះរងការកាចោទប្រកាន់ក្នុងសំណុំរឿងស្នេហាជាលក្ខណៈឯកជន។

នៅពេលតុលាការកំពុងដំណើរការសាកសួរមន្ត្រីសង្គមស៊ីវិល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារគំរាមកុំឲ្យមានការជ្រែតជ្រែកពីសហគមន៍អន្តរជាតិចូលផ្ទៃក្នុងកម្ពុជា។

អ្នកវិភាគ៖ សហគមន៍អន្តរជាតិនឹងដាក់សម្ពាធលើកម្ពុជាទោះជាលោក ហ៊ុន សែន គំរាមមិនឲ្យលូកដៃលោកបណ្ឌិត មាស នី, លោក កែម ឡី, លោក សូ ចន្ថា

លោកថា៖ “សូមបរទេសកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា កម្ពុជាមិនបានលូកដៃចូលផ្ទៃក្នុងរបស់ប្រទេសដទៃទេ តែសូមអ្នកដទៃគោរពនូវបូរណភាព អាធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា កុំជ្រែតជ្រែកឲ្យសោះ”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថាកម្ពុជាបានផ្តល់សច្ចាប័នជាមួយអង្គការសហប្រជាជាតិ ស្តីពីការគោរពសិទ្ធិមនុស្សនិងលិទ្ធិប្រជាធិតេយ្យ។ លោកថាដូចនេះ ការដែលមេដឹកនាំកម្ពុជាកុំឲ្យសហគមន៍អន្តរជាតិលូកដៃចូលលើបញ្ហារំលោកសិទ្ធិមនុស្សមិនអាចទៅរួចទេ។

លោកថា៖ “កាលណាវាមានស្ថានភាពធ្ងន់ធ្ងរពេក ការលូកដៃពីប្រទេសខាងក្រៅវាជៀសមិនផុតវាតែងតែកើតមានឡើង ហើយយើងមិនអាចហាមគេមិនឲ្យលូកដៃទេ ដូចជារឿងបញ្ហាសមុទ្រចិនខាងត្បូងអញ្ចឹង ហេតុអីបានជាប្រទេសខ្មែរយើង និងប្រទេសឡាវតែងតែធ្វើការលំអៀងទៅរកប្រទេសចិន អាហ្នឹងបានន័យថាក៏ជាផ្នែកមួយនៃឧទាហរណ៍នៃការលូកដៃចូលទៅក្នុងប្រទេសដទៃដែរ អញ្ចឹងការអះអាងរបស់មេដឹកនាំប្រទេសណាក៏ដោយដែលនិយាយថាកុំឲ្យគេលូកមកយើង ហើយយើងមិនដែលលូកទៅគេនោះ វាគ្រាន់តែភាសាមួយនិយាយចេញមកទេ ប៉ុន្តែតាមពិតជាក់ស្តែងទៅប្រទេសនីមួយៗគេមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកបាទ”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមម្នាក់ទៀតគឺលោក កែម ឡី លើកឡើងថាវិធានការរបស់រដ្ឋាភិបាលបច្ចុប្បន្ននេះអាចនឹងមានការលូកដៃពីប្រទេសអំណាចមួយចំនួនទៅលើសេរីភាពបញ្ចេញមតិ ការគោរពសិទ្ធិមនុស្ស ស្ថាប័នរដ្ឋសភា ឬអាចពិចារលើការផ្តល់ជំនួយមកកម្ពុជាទៀតផង។

លោកថា៖ “ការប្រកាសតតាំងថាកុំឲ្យលូកដៃលូកអីហ្នឹង វាជារឿងនយោបាយប្រកាសឲ្យប្រាកដខ្លួនឯងថាខ្លាចមិនខ្លាចសហគមន៍អន្តរជាតិ មិនខ្លាចUNអីជាដើម។ ប៉ុន្តែជារូបមន្តសព្វថ្ងៃនេះយើងមិនមែនធ្វើការនៅក្នុងរូងកណ្តុរទេ គឺយើងធ្វើការជាលក្ខណៈជាតិជាលក្ខណៈអន្តរជាតិអញ្ចឹងវាត្រូវតែមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយខ្ញុំមើលស្ថានភាពនេះសភានៃប្រទេសនានាឬមួយក៏រដ្ឋាភិបាលនានាគេនឹងមកតាមដានយកចិត្តទុកដាក់ពិសេសគឺជប៉ុន សហភាពអឺរុប ភ្នាក់ងារអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក អីដែលខ្ញុំបានជួប”។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា លើកឡើងថាកម្ពុជាជាសមាជិករបស់អង្គការសហប្រជាជាតិ ដូចនេះលោកថាសហគមន៍អន្តរជាតិអាចនឹងលូកដៃចូលកិច្ចការនេះដើម្បីពិនិត្យមើលពីលំហូរសេរីភាពរបស់អង្គការសង្គមស៊ីវិល។

លោក សូ ចន្ថា គិតថាចំណាត់ការរបស់រដ្ឋាភិបាលទៅលើមន្ត្រីការពារសិទ្ធិមនុស្សអាដហុកនិងមន្ត្រីអង្គការសហប្រជាជាតិ លោកថាបានប៉ះពាល់ធ្ងន់ធ្ងរដល់យុត្តិធម៌សង្គមធ្វើឲ្យមតិជាតិនិងអន្តរជាតិបាត់បង់ទំនុកចិត្តនៅកម្ពុជា។

លោកថា៖ ”ខ្ញុំគិតថាអាចនឹងមានចេញសេចក្តីថ្លែងការណ៍និងមានការជជែកគ្នាពីសហគមន៍អន្តរជាតិជាមួយប្រព័ន្ធយុត្តិធម៌នៅកម្ពុជាពិសេសការគាបសង្កត់និងការបិទមាត់អង្គការសង្គមស៊ីវិលនេះបាទ”។

ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយដែលបើកប្រតិបត្តិករណីនេះបានធ្វើសន្និសិតសារព័ត៌មានការពារពីភាពត្រឹមត្រូវរបស់ខ្លួនទៅលើវិធានការច្បាប់ចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សនោះ បើទោះបីមានការរិះគន់យ៉ាងកងរំពងពីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិក៏ដោយ។

ទោះជាយ៉ាងណាក្រុមអ្នកវិភាគគិតថាវិធានការនេះមិនបានផលចំណេញទៅលើគណបក្សកំពុងគ្រប់គ្រងអំណាចដូចការគិតទុកទេ តែផ្ទុយទៅវិញពួកគេថាវិធានការនេះនិងធ្វើមហាជនមើលឃើញកាន់តែច្បាស់ពីភាពមិនឯករាជ្យរបស់ស្ថាប័នជាតិធំៗមួយចំនួននិងឈានទៅបាត់បង់ប្រជាប្រិយភាពបន្ថែមទៀតនៅពេលបោះឆ្នោតឆ្នាំ២០១៧និង២០១៨ខាងមុខ ក្រោយពីបានបាត់បង់អស់២២អាសនៈពេលបោះឆ្នោតឆ្នាំ២០១៣កន្លងទៅ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith)ធ្លាប់បង្ហាញក្តីព្រួយបារម្ភថាកម្ពុជាកំពុងតែស្ថិតនៅចំណុចដ៏គ្រោះថ្នាក់មួយដោយលើកឡើងថាមានការជ្រែតជ្រែងផ្នែកនយោបាយពីអ្នកមានអំណាច ការដាក់សម្ពាធលើគណបក្សប្រឆាំងតាមយៈប្រព័ន្ធតុលាការ និងការបង្កើតច្បាប់មួយចំនួនមានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាព៕

ប្រភពៈ VOD