សកម្មជន​សិទ្ធិ​ស្រ្តី​នៅតែ​មាន​សមាន​ចិត្ត​អាណិត​នាង​ ខុម ចាន់តារ៉ាទី

អ្នកស្រី ធីតា ឃឹះ ប្រធានអង្គការសីលការ នៅតែមានសណ្តានចិត្តអាណិតអាសូរចំពោះនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ថ្វីបើលោកស្រីត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅសាកសួរ និងដោះលែងវិញ កាលពីសប្តាហ៍មុន ទាក់ទងនឹងលិខិតចំហររបស់ស្ត្រីវ័យក្មេងនេះក៏ដោយ។

ភ្នំពេញ — រឿងរ៉ាវស្នេហាផ្ទាល់ខ្លួន ដែលពីដំបូងមានលក្ខណៈតូចតាចត្រូវបានជនមិនស្គាល់មុខលួចថតសំឡេង ហើយផ្យព្វផ្សាយជាសាធារណៈដោយខុសច្បាប់ កំពុងក្លាយជារឿងធំរហូតដល់មានការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស៤នាក់ និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់។ ការខិតខំពង្រីករឿងអាស្រូវផ្ទាល់ខ្លួននេះ ធ្វើឲ្យស្ត្រីម្នាក់ខូចកិត្តិយសទាំងក្នុងក្រខ្សែភ្នែកសាធារណជនជាច្រើន និងអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត។

ទោះជាយ៉ាងណាក្តី អ្នកស្រី ធីតា ឃឹះ ប្រធានអង្គការសីលការ នៅតែមានសណ្តានចិត្តអាណិតអាសូរចំពោះនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ថ្វីបើលោកស្រីត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅសាកសួរ និងដោះលែងវិញ កាលពីសប្តាហ៍មុន ទាក់ទងនឹងលិខិតចំហររបស់ស្ត្រីវ័យក្មេងនេះក៏ដោយ។

សកម្មជន​សិទ្ធិ​ស្រ្តី​នៅតែ​មាន​សមាន​ចិត្ត​អាណិត​នាង​ ខុម ចាន់តារ៉ាទី

រូបឯកសារ៖ កញ្ញា ខំ ចាន់តារ៉ាទី ឬ ឈ្មោះ ស្រីមុំ ដែលត្រូវបានគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សជំទាស់ បានបង្ហាញខ្លួនបំភ្លឺករណីចោទប្រកាន់នេះ នៅឯស្នាក់ការអង្គការអាដហុក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

«រឿងដែលខ្ញុំបារម្ភខ្លាំងនោះ គឺឥឡូវនេះស្ត្រីទៅជាមនុស្សរងគ្រោះដដែល គឺស្រីមុំ នៅតែជាអ្នករងគ្រោះដដែល។ ទាំងនៅក្នុងមតិមហាជន ទាំងសង្គមស៊ីវិល ទាំងមតិទូទៅហ្នឹង ទៅចោទស្រីមុំ ហើយចោទទៅសល់ស្ត្រីហ្នឹងថា ជាពិសពុលអីអញ្ចឹងទៅ។ អញ្ចឹងយើងមិនទាន់ដឹងបញ្ហាពិតប្រាកដនៅខាងក្រោយបញ្ហារឿងហ្នឹង យើងអត់ទាន់ដឹងយ៉ាងម៉េចដែរ។ អញ្ចឹងសូមឲ្យមតិមហាជន កុំទាន់វាយតម្លៃ ហើយធ្វើការចោទប្រកាន់ទៅលើស្រីមុំ»។

នាង ខុម ចាន់តារ៉ាទី ខូចកិត្តិយសដោយផ្តើមចេញពីការលួចថតសំឡេង និងការផ្សព្វផ្សាយសំឡេងនោះខុសច្បាប់ ដោយសង្ស័យថា នាងជាស្ត្រីកំណាន់របស់លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ទោះបីជាអ្នកលួចថតសំឡេងនោះដែលអាចជាសាក្សីដ៏សំខាន់នោះ មិនទាន់ត្រូវបានរកឃើញ ដើម្បីបញ្ជាក់ថា ជាសំឡេងកាត់ត ឬមិនកាត់ត និងជាសំឡេងពិត ឬយ៉ាងណានោះ។

សណ្តានចិត្តរបស់អ្នកស្រី ធីតា ឃឹះ ចំពោះនាង ខុម ចាន់តារ៉ាទី កើតមានឡើង ជាពិសេសពេលនាងឯកោប្រឈមនឹងការចោទប្រកាន់ ខណៈដែលលោក កឹម សុខាប្រកាន់ជំហរមិនឆ្លើយ មិនឆ្លង មិនឈ្លោះ។

សកម្មជន​សិទ្ធិ​ស្រ្តី​នៅតែ​មាន​សមាន​ចិត្ត​អាណិត​នាង​ ខុម ចាន់តារ៉ាទី

រូបឯកសារ៖ លោកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិនៃអង្គការសីលការ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំពីជំហររបស់ក្រុមអង្គការសង្គមស៊ីវិល ក្នុងការពារស្រីមុំ កាលពីថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និយាយថា ជំហររបស់គណបក្សសង្គ្រោះជាតិប្រកាន់យកសន្តិភាព និងវប្បធម៌សន្ទនានេះមិនមែនសម្រាប់រឿងឯកជនទេ។

«រឿងឯកោ មិនឯកោយើងមិនដឹងទេ ព្រោះអ្វីដែលសំខាន់វាជារឿងឯកជនរបស់មនុស្សម្នាក់ៗ។ វាមិនមែនជារឿងរួមរបស់ប្រទេសជាតិទេ។ មនុស្សគ្រប់រូប អ្នកណាក៏មានរឿងឯកជនដែរ ហើយយើងមិនអាចយកកិច្ចការគណបក្សទៅដោះស្រាយរឿងឯកជនទេ»។

អ្នកស្រី ធីតា ឃឹះ ប្រធានអង្គការសីលការ មានប្រសាសន៍ថា ប្រសិនបើលោក កឹម សុខា ចេញមកតតាំងប្រឆាំងនឹងការលួចថតសំឡេងខុសច្បាប់តាំងពីដំបូងនេះ នោះនាង ខុម ចាន់តារ៉ាទី អាចនឹងមានជំហររឹងមាំ និងមិនភ័យខ្លាច ឬមិនរងការគាបសង្កត់ ដែលនាំឲ្យមានអ្វីដែលលោក ធន សារ៉ាយ ប្រធានអង្គការអាដហុកហៅថា នាង ខុម ចាន់តារ៉ាទី មានរឿងពិតពីរខុសគ្នា។

«ទោះបីពិតមិនពិតក៏ដោយ ក៏គាត់គួរតែចេញ។ ទោះបីពិតក៏ដោយ ក៏គាត់គួរតែចេញមកការពារសិទ្ធិរបស់គាត់នៅក្នុងរឿងអស់ហ្នឹង។ ខ្ញុំថា ប្រហែលជាស្ថានភាពវាអាចធូរស្រាលទៅវិញ ឬរកឃើញអ្នករំលោភនូវសិទ្ធិ»។

ទោះជាយ៉ាងណាក្តី អ្នកស្រី ធីតា ឃឹះ មិនសន្និដ្ឋានថា តើរឿងពិតមួយណារបស់នាង ខុម ចាន់តារ៉ាទី ជារឿងពិតប្រាកដទេ ព្រោះអ្នកស្រីមិនមានទំនាក់ទំនងជាមួយនាង ខុម ចាន់តារ៉ាទី ស៊ីជម្រៅទេ។

លោកស្រី ធីតា ឃឹះ មានប្រសាសន៍ថា រឿងពិតចុងក្រោយរបស់នាង ខុម ចាន់តារ៉ាទី មិនមានចេញពីមាត់របស់នាងផ្ទាល់ទេ សូម្បីការចោទប្រកាន់របស់នាងមកលោកស្រី ដែលនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយកោះហៅលោកស្រីទៅសាកសួរ ក៏លោកស្រីមិនបានដឹងពីនាងផ្ទាល់ដែរ។

«គាត់ឆ្លើយគ្រាន់តែថា សំឡេងហ្នឹង សំឡេងគាត់ ហើយចេញពីតុលាការទៀត មិនអញ្ចឹង? ចា៎ អត់ដឹង អញ្ចឹងទៅ យើងអត់បានឮផ្ទាល់ អញ្ចឹងទៅក៏យើងអត់អស់ចិត្តអញ្ចឹងដែរ។ តែចុះធ្វើម៉េចសភាពការណ៍ស្រុកយើង យើងត្រូវតែពិចារណា និងតាមដានតទៅទៀតចា៎»។

ក្រោយពីនាង ខុម ចាន់តារ៉ាទី បញ្ចេញរឿងពិតទី២ នៅតុលាការមក នាងបានឃ្លាតឆ្ងាយពីអ្នកយកព័ត៌មាន ដែលព្យាយាមសាកសួរនាងអំពីព័ត៌មានផ្សេងៗ។

ជាក់ស្តែង ពេលនាង ខុម ចាន់តារ៉ាទី ត្រូវលោក កែវ សុជាតិ ព្រះរាជអាជ្ញារងតុលាការរាជធានីភ្នំពេញកោះហៅសាកសួរកាលពីថ្ងៃទី២៩ ខែកុម្ភៈ ទាក់ទងនឹងបណ្តឹងរបស់នាង ធី សុវណ្ណថា ពីបទបរិហារកេរ្តិ៍នោះ នាងបានចេញចូលតុលាការដោយអាថ៌កំបាំង។ អ្នកយកព័ត៌មានជាច្រើនដែលរង់ចាំនាងទាំងទ្វារមុខ និងទ្វារក្រោយ គ្មានឱកាសបានសាកសួរនាងទេ។

«បាទ យើងហួសចិត្តដែរ។ យើងខំទន្ទឹងរង់ចាំគាត់ ក្រែងបានសាកសួរខ្លះ។ ឥឡូវគាត់ ចូលមិនដឹងថា ចូលដោយរបៀបណា។ យើងក៏ហួសចិត្ត អ្នកកាសែតទាំងអស់គ្នាមកតាំងពីព្រឹក»។

«បង! ស្រីមុំចេញទៅគ្មានអ្នកណាដឹងទេ។ អ្នកខ្លះចាំនៅមុខ អ្នកខ្លះចាំនៅក្រោយ គ្មានអ្នកណាថតបានអីមួយទេ»។

ចម្លើយរបស់នាងនៅអគ្គនាយកដ្ឋានប្រឆាំងចារកម្ម និងនៅតុលាការ ត្រូវបានផ្សព្វផ្សាយតាមរយៈលិខិតចំហ និងតាមរយៈការបញ្ជាក់ពីមន្ត្រីតុលាការ មន្ត្រីប៉ូលិស និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ នាងមិនដែលបញ្ជាក់ជាសម្តីផ្ទាល់របស់នាងទេ។

សកម្មជន​សិទ្ធិ​ស្រ្តី​នៅតែ​មាន​សមាន​ចិត្ត​អាណិត​នាង​ ខុម ចាន់តារ៉ាទី

រូបឯកសារ៖ លោក កឹម សុខា ជួបជុំជាមួយនឹងសកម្មជននិងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០៦ ខែំមីនា ឆ្នាំ២០១៦ នៅខណ្ឌពោធិ័សែនជ័យ ភាគខាងលិចក្រុងភ្នំពេញ។ (អូន ឆេងប៉រ/VOA)

លិខិតចំហរបស់នាង ខុម ចាន់តារ៉ាទី ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ដែលគេបានចែកផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា នាងបានដាក់ពាក្យប្តឹងទៅតុលាការរាជធានីភ្នំពេញ ទារជំងឺចិត្តពីលោក កឹម សុខា ដែលនាងបានចោទថា បានក្បត់ពាក្យសន្យាជាច្រើនជាមួយនាង។ នាងបានប្តឹងសុំទារសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ពីលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដទៃទៀត។

នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ បានធ្វើឲ្យមេដឹកនាំអង្គការសង្គមស៊ីវិលជាស្រ្តី និងមន្ត្រីការពារសិទ្ធិមនុស្ស មានការភ្ញាក់ផ្អើល និងសោកស្តាយ បន្ទាប់ពីនាងបានចោទក្រុមអង្គការសង្គមស៊ីវិលថា ពួកគេបានធ្វើសកម្មភាពបង្គាប់មិនឲ្យនាងទទួលស្គាល់ខ្សែអាត់សំឡេង ដែលគេសង្ស័យថា ជាសំឡេងរបស់នាង និងសំឡេងរបស់លោក កឹម សុខា នោះ។

ក្រោយពីនាង ខុម ចាន់តារ៉ាទី បានផ្តល់ចម្លើយនៅអគ្គនាយកដ្ឋានប្រឆាំងចារកម្មនៃក្រសួងមហាផ្ទៃ និងនៅតុលាការ ខុសពីចម្លើយនៅអង្គការអាដហុក នាងមិនដែលបានផ្តល់បទសម្ភាសន៍ផ្ទាល់ជាមួយអ្នកយកព័ត៌មានទេ។

លោកស្រី ធីតា ឃឹះ ប្រធានអង្គការសីលការបានមានប្រសាសន៍ថា ក្រៅពីខូចឈ្មោះដោយសារតែខ្សែអាត់សំឡេងលួចថតខុសច្បាប់នោះ នាង ខុម ចាន់តារ៉ាទី មិនបានចំណេញអ្វីពីការចាប់ឃុំឃាំងមនុស្ស៥នាក់នោះទេ ទាំងជាលក្ខណៈបុគ្គល និងសង្គម។ ហើយបណ្តឹងរបស់នាងដែលទាមទារជំងឺចិត្តពីលោក កឹម សុខា នោះ ក៏មិនដឹងថា មានលទ្ធផលយ៉ាងណាដែរ៕

ប្រភពៈ VOA