Huth និង Fellaini រងការចោទពីការប្រព្រឹត្តអំពើហិង្សា

ខ្សែការពារ Robert Huth របស់ក្លិប Leicester City និងខ្សែបម្រើ Marouane Fellaini របស់ក្រុម Manchester United ត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តអំពើហិង្សាកាលពីថ្ងៃអង្គារ ក្រោយពីការប៉ះទង្គិចមួយក្នុងពេលក្រុមរបស់ពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីថ្ងៃអាទិត្យ នៅកីឡដ្ឋាន Old Trafford។
pjimage_2
នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសហៅកាត់ថា FA។ ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Fellaini ហាក់បានឲ្យកែងរបស់គេទៅលើចង្ការបស់ Huth ក្រោយពីខ្សែការពារកណ្តាលសញ្ជាតិអាល្លឺម៉ង់រូបនេះ បានទាញសក់របស់ Fellaini ក្នុងការប៉ះទង្គិចមួយដែលមិនត្រូវបានមើលឃើញដោយលោកអាជ្ញាកណ្តាល Michael Oliver ប៉ុន្តែ ត្រូវបានថតបានដោយកាមេរ៉ាទូរទស្សន៍។

ក្រោយពីបានយកបញ្ហានេះទៅដាក់ឲ្យក្រុមប្រឹក្សាអាជ្ញាកណ្តាល FA បានធ្វើការចោទប្រកាន់ដល់កីឡាករទាំងពីរ។ FA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន ថា៖ «Marouane Fellaini និង Robert Huth សុទ្ធសឹងត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តអំពើហិង្សា ដែលមិនត្រូវបានឃើញដោយមន្ត្រីប្រចាំការប្រកួត ប៉ុន្តែ ត្រូវបានថតជាប់ដោយវីដេអូ»។ កីឡាករទាំងពីរនឹងប្រឈមមុខនឹងការជាប់ៗពិន័យព្យួរបីប្រកួត ប្រសិនបើរកឃើញថា ពិតជាមានកំហុស៕

ប្រភពព័ត៌មាន៖ Channel News Asia