នាយក​រដ្ឋមន្ត្រី​ដៀម​ដាម​​បក្ស​ប្រឆាំង​​ស្តីពី​ការ​ឆ្លើយ​តប​គ្រោះ​រាំង​ស្ងួត​​

ដោយ​បន្ត​​ធ្វើ​អត្ថា​ធិប្បាយ​​អំពី​ថា តើ​គណ​​​បក្ស​សង្គ្រោះ​ជាតិ​​គួរ​ចូលរួម​ក្នុងការ​ខិត​ខំប្រឹង​​​​ប្រែង​ដើម្បី​ឆ្លើយ​តប​​ចំពោះ​គ្រោះ​រាំង​ស្ងួត​ដែលកំពុង​កើត​ឡើង​​ដូចម្តេ​ចនោះ កាលពី​ម្សិល​មិញ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ព្រមាន​គូ​បដិបក្ខ​នយោបាយ​របស់​លោក​កុំឱ្យ​ធ្វើការ​សន្យា​ខ្យល់​ឱ្យ​សោះ​។

លោក ហ៊ុន សែន បាន​លើក​ឡើង​នៅ​ក្នុង​សារ​បង្ហោះ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា ”​ចំពោះ​អ្នក​ដែល​និយាយ​ថា ស្រឡាញ់​ជាតិ និង​​​​​ពលរដ្ឋ​គឺមាន​ច្រើន រួម​ទាំង​អ្នក​ដែល​កំពុង​សន្យា​​​​តាម​សំឡេង​ខ្យល់​​មួយ​ចំនួន​ផង​ដែរ”។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​នៅ​ការិយាល័យ​​របស់​លោក​​នៅ​ក្នុង​​​រាជធានី​ភ្នំពេញ​​ កាល​ពី​ម្សិលមិញ លោក​បាន​និយាយ​បញ្ឆិត​បញ្ឆៀង​បក្ស​ប្រឆាំង​​ជុំវិញ​​ការ​ឆ្លើយ​តប​គ្រោះ​រាំង​ស្ងួត​។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​នៅ​ការិយាល័យ​​របស់​លោក​​នៅ​ក្នុង​​​រាជធានី​ភ្នំពេញ​​ កាល​ពី​ម្សិលមិញ លោក​បាន​និយាយ​បញ្ឆិត​បញ្ឆៀង​បក្ស​ប្រឆាំង​​ជុំវិញ​​ការ​ឆ្លើយ​តប​គ្រោះ​រាំង​ស្ងួត​។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ដោយ​សំដៅ​ច្បាស់ក្រឡែត​ដល់​រឿង​អាស្រូវ​​​ផ្លូវ​ភេទ​​ដែល​ជាប់​​ពាក់ព័ន្ធ​លោក កឹម សុខា អនុ​ប្រធាន​គណប​ក្ស​សង្គ្រោះ​ជាតិ​នោះ​ លោក​បានមាន​ប្រសាសន៍​ថា “​ពលរដ្ឋ​លែង​លង់​ជឿ​​លើ​ពាក្យ​លួង​លោម​​សន្យា​តាម​​ខ្យល់​តទៅទៀត​ហើយ​…ព្រោះ​ពួកគេ​គ្មាន​ប្រវត្ត​ិ​ស្នាដៃ​អ្វី​សម្រាប់​ជាតិ​​ និង​ប្រជា​ជន​​ក្រៅ​​តែ​ពី​រឿង​​អាស្រូវ​មួយ​ចំនួនឡើយ​​”។

លោក​ ហ៊ុន សែន​ បាន​ធ្វើការ​វាយ​ប្រហារ​​​ជា​បន្ត​បន្ទាប់លើ​ការ​ឆ្លើយ​តប​របស់​​ប​ក្ស​សង្គ្រោះ​​​ជាតិ​ចំពោះ​គ្រោះ​រាំង​ស្ងួត​ក្នុង​រយៈពេល​ប៉ុន្មាន​​​​​​​ថ្ងៃ​ថ្មីៗ​នេះ ដោយ​ចោទ​​បក្ស​ប្រឆាំង​​ថា បានប្រើ​ប្រាស់​បញ្ហា​នេះ​សម្រាប់​​​កេង​​ចំណេញ​នយោ​បាយ​ ហើយ​មិន​បាន​ធ្វើ​អ្វី​ដើម្បី​សម្រាល​ការ​រង​គ្រោះ​របស់​ប្រជា​ពល​រដ្ឋឡើយ​។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​​បានលើក​ឡើង​ជាថ្មី​អំពីជំហរ​របស់​គណប​ក្ស​លោក​ថា វា​ជាការ​ងារ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ការ​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្តរាយ​ ហើយ​ភារកិច្ច​របស់​គណ​បក្ស​ប្រឆាំង​គឺ​មាន​តួនាទី​ទទួល​មតិ​ត្រឡប់​ពី​​សាធារណជន និង​ជួយ​​ធ្វើ​ច្បាប់។

លោក​បាន​មាន​ប្រសាសន៍​ថា “​គណបក្ស​ប្រឆាំង​​គ្មាន​ភារកិច្ច​​ប្រមូល​ពន្ធ​ ទទួល​ជំនួយ​អន្តរ​ជាតិ ឬ​ ទទួល​កម្ចី​ពី​បរទេស​ឡើយ ដូច្នេះ​យើង​ត្រូវ​បែ​ងចែក​ឱ្យ​ដាច់​ស្រឡះរវាង​ការ​ទទួល​ខុសត្រូវ​របស់​គណបក្ស​ប្រឆាំង​ និង​គណបក្ស​កាន់​អំណាច”។

នៅក្នុង​សុន្ទរកថានៅ​អគារ​ការិយាល័យ​របស់​លោក​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិល​ម​ិញ លោកនាយក​រដ្ឋមន្ត្រី​​ក៏​បាន​ជំរុញ​ផង​ដែរ​​​​ដល់​​កាក​បាទ​ក្រហម​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​លោកស្រី ប៊ុន រា៉ានី ភរិយា​របស់លោក​​​​ឱ្យ​លៃទុក​​​ប្រាក់​​ដែលទទួល​បាន​ពី​ “​សប្បុរស​ជន​ក្នុង​ឆ្នាំ​២០១៦”​ ជួយ​ដោះស្រាយ​​អ្វី​ដែល​លោក​​ចាត់​ទុក​ថាជា​គ្រោះ​មហន្តរាយ​​ធម្មជាតិ​​ធ្ងន់​ធ្ងរ​​​​បំផុត​ក្នុងរយៈពេល​​១​សតវត្សរ៍។

ការ​ផ្តល់​ទឹក​ក្នុងស្ថាន​ភាព​គ្រា​អាសន្ន​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ខេត្ត​ចំនួន​១៨​​ជា​ការ​ឆ្លើយ​តប​​​ចំពោះ​គ្រោះរាំង​ស្ងួត​នៅ​ឆ្នាំនេះ ដែល​បាន​​​​ប៉ះ​​ពាល់​ប្រទេសទាំងអស់​​នៅ​អាស៊ី​អាគ្នេយ៍​ដី​គោក​ ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​គ្រោះ​រាំង​​​ស្ងួត​មួយ​ក្នុង​ចំណោម​គ្រោះ​រាំងស្ងួត​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​​មក​នេះ។

យោង​តាម​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ​​បាន​ឱ្យ​ដឹង​ថា លទ្ធភាព​របស់​រដ្ឋា​ភិបាល​កម្ពុជា​ក្នុងការ​ឆ្លើយ​តប​គ្រោះ​មហន្ត​រាយ​​​​​​​​​​​ដូច​​នេះ​​នៅមាន​កម្រិត​ដោយ​​សារ​ពុំមាន​ប្រព័ន្ធ​ត្រួត​​​ពិនិត្យ​​​​​កម្រិត​ទឹក​គ្រប់គ្រាន់ និង​​សារ​ខ្វះ​សមត្ថ​ភាព​ក្នុងការបក​ស្រាយ​​​​ទិន្នន័យ​​ព្យា​ករណ៍​​ទៅ​ជា​​​​​​​​​សកម្ម​ភាព​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធ​​ភាព៕ សារុន (រាយការណ៍​បន្ថែមដោយ David Boyle)​​​

 

The post នាយក​រដ្ឋមន្ត្រី​ដៀម​ដាម​​បក្ស​ប្រឆាំង​​ស្តីពី​ការ​ឆ្លើយ​តប​គ្រោះ​រាំង​ស្ងួត​​ appeared first on ខេមបូឌា ដេលី.