សាលា​ដំបូង​រាជធានី​​កោះហៅ​លោក កឹម សុខា មកសាកសួរ​ពាក់ព័ន្ធ​រឿង​អាស្រូវ​ផ្លូវ​ភេទ​

បន្ទាប់ពី​ការ​កោះហៅ ការ​សាកសួរ​ និង​ការ​ចាប់ខ្លួន​មនុស្ស​មួយ​ចំនួន​ដែល​ទំនង​ជា​មិន​ជាប់ពាក់ព័ន្ធនឹង​រឿង​អាស្រូវ​ផ្លូវភេទ​​របស់​លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិបាន​​ប៉ុន្មាន​សប្តាហ៍​រួចមក សាលា​​​ដំបូង​រាជធានី​ភ្នំពេញ​ កាលពីម្សិលមិញ​បាន​ចាត់​វិធាន​ការ​ដោយ​ផ្ទាល់​ជាលើក​ដំបូង​មក​លើ​​​អនុប្រធាន​គណបក្ស​ប្រឆាំង​រូបនេះ ដោយកោះហៅ​ឱ្យគាត់​មក​បង្ហាញ​ខ្លួន​ជុំវិញ​បណ្តឹង​បរិហារកេរ្តិ៍។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​ផ្សេង​ទៀត​ក៏ត្រូវ​បាន​កោះ​ហៅ​ដែរ​ក្នុង​នាម​ជា​ “​ជន​សង្ស័យ” នៅក្នុង​ករណី​ដែល​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ​ និង​ដែល​ឥឡូវ​នេះ​បាន​ធ្វើ​ឱ្យ​មេឃុំគណបក្ស​ប្រឆាំង​មួយ​រូប មន្ត្រី​សិទ្ធិមនុស្ស​បួនរូប និង​មន្ត្រី​រៀបចំការ​បោះឆ្នោត​មួយ​រូប​ជាប់ពន្ធនាគារ​។

លោក លី​ សុផាន់ណា អ្នកនាំពាក្យ​ព្រះ​រាជ​​អាជ្ញាអម​សាលាដំបូង​រាជធានី​បាន​បញ្ជាក់ថា ព្រះរាជ​អាជ្ញារង​ កែវ សុជាតិ​ បាន​ចេញ​ដីកា​កោះហៅ​លោក កឹម សុខា ឱ្យ​មក​បង្ហាញ​ខ្លួន​នៅ​ថ្ងៃទី​១១ ខែឧសភា​ ពាក់ព័ន្ធបណ្តឹង​ប្តឹង​ដោយ​សកម្ម​ជន​នយោបាយ​ ធី សុវណ្ណថា ដែល​អះ​អាង​ថា លោក កឹម សុខា បាន​បរិហារ​​កេ្តរ្តិ៍​នាង​នៅក្នុង​ខ្សែ​អាត់​សំឡេង​ដែលមាន​ការ​សន្ទនា​លក្ខណៈ​ឯក​ជន​ជាមួយ​ស្រីកំណាន់ ​ជាខ្សែ​អាត់​សំឡេង​ដែលបាន​បែក​ធ្លាយ​តាម​អីុន​ធឺណិត។

លោក លី សុផាន់ណា បាន​មានប្រសា​សន៍​​ថា “​លោក កែវ សុជាតិ​ បាន​ចេញ​ដីកា​កោះ ហៅ​​​​គាត់។ វា​ត្រូវ​បាន​បញ្ជូន​ទៅ​គាត់​រួច​ហើយ​ ​ប៉ុន្តែ​ខ្ញុំមិន​ចាំ​ថ្ងៃច្បាស់​លាស់​នោះទេ​។វា​ពាក់​ព័ន្ធនឹង​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណថា”។

លោក កែវ សុជាតិ ដែលបានសាកសួរ​កញ្ញា ធី សុវណ្ណថា អាយុ​២០ឆ្នាំ​នៅ​សាលា​ដំបូង​រាជធានី​កាលពី​សប្តាហ៍មុន ​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​លើករណី​នេះឡើយ។

ថាតើ​ខ្សែ​អាត់សំឡេង​ទាំង​នេះ​ចេញ​ពី​ប្រភពណានោះ​​នៅមិន​ទាន់​ជា​ផ្នែក​នៃការ​ស៊ើប​​​​អង្កេត​របស់រដ្ឋាភិបាល​នៅក្នុង​ករណី​នេះ​នៅឡើយ​ទេ ហើយ​ថា តើ​ការសន្ទនា​តាម​​​​ទូរស័ព្ទលក្ខណៈ​ឯក​ជន​អាច​ចាត់ទុក​ថា ជាការ​បរិហារកេរ្តិ៍​តាមរបៀ​ប​ណានោះក៏នៅ​មិន​ទាន់​មានការ​​ពន្យល់នៅឡើយ​ដែរ។ ដើម្បី​អាច​ដាក់​ទោសទណ្ឌបាន​ ច្បាប់​ចែង​ថា ការ​បរិហារកេរ្តិ៍​ត្រូវ​តែ​ធ្វើឡើង​នៅ​ទីសាធារណៈ ​មាន​ជាលាយ​លក្ខណ៍​អក្សរ​ ឬជារូបថត​បញ្ចេញ​​​ជា​សាធារណៈ​​ ឬ​ជា​ទម្រង់​សោតទស្សន៍​ដែល​​មាន​បំណង​បង្ហាញ​ដល់​សាធារណជន។​

កាលពី​ថ្ងៃច័ន្ទ​ លោកព្រះ​រាជ​អាជ្ញារង​ សៀង​ សុខ បាន​ចេញ​ដីកា​ដាច់ដោយ​ឡែក​ចំនួន​ពីរ​សម្រាប់លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កណ្តាល និង​មណ្ឌលបាត់​ដំបង​ឱ្យ​មក​បង្ហាញ​ខ្លួន​នៅ​ថ្ងៃទី​១៦ ខែឧសភា​ក្នុង​នាម​ជា​ជន​សង្ស័យ​នៅក្នុង​ករណី​នេះ​ ទោះ​បី​ជា​​​​លោក លី សុផាន់ណា បដិសេធមិន​ពន្យល់​ការ​​​ជាប់​ទាក់​ទិន​របស់ពួកគាត់​ទៅនឹង​រឿង​សហាយ​​​​ស្មន់​ដែលគេចោទថាកើតមាន​រវាង​លោក កឹម ​សុខា និង​នាង​ ខុម ចាន់តារ៉ាទី ក៏ដោយ ។

ទាំង​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា សុទ្ធតែមិន​អាច​ទាក់​ទង​​​ដើម្បី​សុំការ​អត្ថាធិប្បាយ​​បានឡើយ។​

លោក អេង​ ឆៃអ៊ាង តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​បាន​រិះ​គន់​ចំពោះ​ការ​ឱ្យ​តម្លៃ​ហួស​ហេតុ​របស​់​តុលាការ​ទៅលើលិខិត​របស់​​នាង​ ខុម ចាន់តារ៉ាទី ដែលក្នុងនោះ​នាង​បាន​សារភាព​ថា ពិត​ជា​មាន​រឿង​សហាយ​ស្មន់​ជាមួយ​លោក កឹម សុខា មែន ហើយ​បាន​អះ​អាង​ថា មន្ត្រី​សិទ្ធិមនុស្ស​​​ និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំងមួយ​ចំនួន​ ដំបូង​ឡើយ​បាន​បញ្ចុះ​បញ្ចូល​នាង​ឱ្យ​និយាយ​បដិសេធ​រឿង​សហាយ​ស្មន់​នេះ។

លោក​បានមាន​ប្រសាសន៍ថា ”​រឿង​នេះ​មិនមែន​ថ្មី​នោះទេ។ លិខិត​នេះប្រៀបដូច​ព្រះ​​រាជសារ​របស់​ព្រះមហាក្សត្រិយានីដ៏​មាន​​​អំណាច​”។

ចំណាត់ការ​របស់តុលាការ​លើ​លោក កឹម សុខា និង​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​របស់​លោក​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បួនរូប​មក​ពី​សមាគម​សិទ្ធិមនុស្ស​អាដហុក​ និង​អតីត​មន្ត្រី​មួយ​រូប​ដែល​ឥឡូវ​បម្រើការ​ងារ​ឱ្យ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប.) ​ត្រូវ​បាន​បញ្ជូនទៅ​ពន្ធនាគារ​កាលពីថ្ងៃច័ន្ទ​ ក្រោម​ការ​ចោទប្រកាន់ពីបទ​សូក​ប៉ាន់។

មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក​ទាំង​បួនរូបនេះ ដែល​មាន​ដូចជា​លោក នី សុខា ប្រធាន​ផ្នែក​ឃ្លាំមើល អនុប្រធាន​របស់​លោក ​គឺ​លោក ណៃ វ៉ាន់ដា និង​លោក នី​ សុខសាន្ត ព្រមទាំង​លោកស្រី លឹម មុនី អ្នក​ស៊ើប​អង្កេ​ត​ជាន់ខ្ពស់ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​លោក នី ចរិយា​ អគ្គលេខាធិការ​រង​​គ.ជ.ប. កាលពី​សប្តាហ៍​​​មុន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ដែលបាននិង​កំពុង​ដឹក​នាំការ​សើុប​អង្កេត​លើ​រឿង​អាស្រូវនេះ។

លោក សម សុគង់ មេធាវី​របស់​លោក នី ចរិយា បាន​លើក​ឡើង​ថា លោក​និង​មេធាវី​របស់​មន្ត្រី​សមាគម​អាដហុក​ដែល​រង​ការ​ចោទប្រកាន់​​ នឹង​ដាក់ពាក្យ​ស្នើ​សុំ​ឱ្យ​មានការ​ដោះលែង​អ្នក​ទាំង​ប្រាំនាក់នេះ​នៅក្រៅឃុំ​។ ​លោក​បាន​បន្ថែម​ថា ACU គ្មាន​ភ័ស្តុតាងយក​មក​បង្ហាញទេ ហើយ​តុលាការ​ក៏មិន​អាច​បង្ហាញ​​​​​ថា មានការ​ប្រព្រឹត្ត​បទល្មើស​ណាមួយ​​ដែរ។             លោក​ សម សុគង់ បានមាន​ប្រសាសន៍​ថា​ “ប្រសិនបើ​មើល​ឱ្យ​ច្បាស់ វា​ហាក់បីដូច​ជា​គ្មាន​មូលដ្ឋាន​ចោទ​ប្រកាន់​គាត់​ឡើយ។ វា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​សហាយ​ស្មន់​​មួយ​មុខ​ប៉ុណ្ណោះ​ មិនមែន​​ជាប់ពាក់ព័ន្ធ​រឿង​ពុក​រលួយ​ទេ”។

លោក ស៊ឺុន សាលី​ មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​ក៏ត្រូវ​បាន​ចោទប្រកាន់​កំបាំង​មុខ​ដែរ​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់ បន្ទាប់ពី​មិន​បាន​បង្ហាញ​ខ្លួន​សម្រាប់ការ​សាកសួរ។

លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រម​ស៊ើប​សួរ​ដែលដាក់​ការ​ចោទប្រកាន់​លោក​ ស៊ឺន សាលី​ ​បាន​បដិសេធមិន​និយាយ​ថា តើ​មានការ​ចេញ​​​ដីកា​ចាប់ខ្លួន​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​រូប​នេះឬ​ក៏​អត់នោះទេ។

លោកស្រី វ៉ានហៀ លី តំណាង​ប្រចាំ​ប្រទេស​នៃ​​ការិយាល័យ​​ឧត្តម​ស្នងការ​អង្គការ​​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​​​បាន​បដិសេធមិន​និយាយ​ថា តើ​លោក ស៊ឺន សាលី កំពុង​ស្ថិតនៅ​​ក្នុង​ប្រទេស​នៅឡើយ​ឬ​យ៉ាង​ណានោះទេ​​។ លោកស្រីបានលើក​ឡើង​ថា រដ្ឋាភិបាល​មិនបាន​​ឆ្លើយ​តបនឹង​លិខិត​ពី​ការិយាល័យ​របស់​លោកស្រី​ដែល​ជំទាស់​ថា លោក ស៊ឺន សាលី​ មាន​អភ័យ​ឯកសិទ្ធិ​រួច​ផុត​ពីការ​ផ្តន្ទាទោស​ក្នុងនាម​ជា​បុគ្គលិក​អង្គការ​សហ​ប្រជាជាតិ​នោះ​ឡើយ​។

កញ្ញា ធី សុវណ្ណថា ដែល​បណ្តឹង​បរិហារ​កេរ្តិ៍​របស់នាង​បាន​ធ្វើ​ឱ្យ​មានការ​សើុប​អង្កេត​លើកដំបូង​ភ្លាម​ៗ​លើ​រឿង​អាស្រូវ​ផ្លូវ​ភេទ​នេះ​ ​​បាន​សរសេរ​សុំទោសបងប្អូន​អ្នកគាំទ្រ​គណ​បក្ស​​​ប្រឆាំង​តាម​ហ្វេស​ប៊ុក​កាលពី​ម្សិល​មិញ​។

ដោយ​ចោទប្រកាន់​លោក កឹម សុខា​ ថា​បាន​ព្យាយាម​បណ្តេញ​នាង​ចេញ​ពីការ​ហែក្បួន​​របស់បក្ស និង​វេទិកា​សាធារណៈនោះ នាង​បាន​សរសេរ​នៅក្នុង​សារ​នេះ​ថា​ ”​សុំទោស​បង​ប្អូន​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ ខ្ញុំ​មិន​ចង់​ប្តឹង​លោក កឹម សុខា ទេ ប៉ុន្តែ​គាត់​ជ្រុល​ខ្លាំង​ពេក​ បីឆ្នាំហើយ”។

នាង​បានសរសេរ​បន្ថែមថា ”​ខ្ញុំ​បាន​អត់​ធ្មត់​ ខាំមាត់​ស្រក់​ទឹក​ភ្នែក​ជាច្រើន​ឆ្នាំមក​ហើយ ​​ខ្ញុំ​មិន​អាច​ទ្រាំ​ឱ្យ​ កឹម សុខា មើល​ងាយ​ជាន់​ឈ្លី​​​ខ្ញុំទៀត​ទេ។ ខ្ញុំ​នឹង​ធ្វើ​យុទ្ធនាការ​ទាម​ទារ​ទម្លាក់​​​លោក កឹម សុខា​ ឆាប់ៗនេះ”៕ស៊ុយ​ឈាង​​​​

 

The post សាលា​ដំបូង​រាជធានី​​កោះហៅ​លោក កឹម សុខា មកសាកសួរ​ពាក់ព័ន្ធ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ appeared first on ខេមបូឌា ដេលី.