នារី​​ម្នាក់​​ស្រវឹង ​បើក​រថយន្ត​បុករបង​ផ្ទះគេ​

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​អាយុ​ក្រោម​២០​ឆ្នាំ បាន​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹងស្រា ហើយ​បើក​លឿន​រេ​ចង្កូត​ទៅ​បុក​នឹង​របង​ផ្ទះ​គេ ​បណ្តាល​ឱ្យ​បាក់​អស់​មួយ​ប្រឡោះ ចំណែក​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខ តែ​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​នោះ​ទេ កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ឧសភា នៅ​ទល់មុខ​ផ្ទះ​លេខ​2EO E1 ផ្លូវ​១៤៣ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា ។

តាម​សម្តី​អ្នក​រស់នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា គេ​​​ឃើញ​នារី​វ័យ​ម្នាក់​នោះ បាន​បើករថយន្ត​ម៉ាក​កាម​រី ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-5946 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៤៣ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន និង​ស្រវឹងស្រា​ផង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​ទ្វាររបង​ផ្ទះ​គេ បណ្តាល​ឱ្យ​បាក់​អស់​មួយ​ប្រឡោះ ។ ចំណែក​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខ និង​ផ្ទុះ​ពោង​សុវត្ថិភាព តែ​សំណាងល្អ មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ភ្លាម​ៗ​នោះ ម្ចាស់ផ្ទះ​ឮ​សំឡេង​បាន​ចេញ​មើលឃើញ​នារី​រូប​ស្រស់​ម្នាក់​ បើកទ្វារ​ចេញពី​ក្នុង​រថយន្ត​មក​ទាំង​សភាព​ស្រវឹង​ទ្រេតទ្រោត​ធំ​ស្អុយ​ស្រា​​ង៉ោង ហើយ​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​ឱ្យមក​ទទួល​ពី​កន្លែង​កើតហេតុគេចខ្លួន​បាត់ នៅ​សល់​តែ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​៧​ម​មក​រា ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។