គ.ជ.ប. សម្រេច​​មិន​ស្វែង​រក​ការ​​​ធានា​​​​លោក ​​​នី ចរិយា ​ឲ្យ​នៅ​ក្រៅ​ឃុំ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) បាន​សម្រេច​កាលពី​ម្សិល​មិញ​ថា ខ្លួន​នឹង​មិន​ព្យាយាម​អន្តរាគមន៍​​ជួស​មុខ​ឲ្យ​លោក នី​ ចរិយា ​អគ្គលេខាធិការ​រង​របស់​ខ្លួន​​​ដែល​​​បាន​ជាប់​ពន្ធនាគារកាលពី​ថ្ងៃ​ច័ន្ទ ​​ពីបទ​សូក​ប៉ាន់​ការ​ស៊ើបអង្កេត​​របស់​រដ្ឋា​ភិបាល​លើ​រឿង​អាស្រូវ​ផ្លូវ​ភេទ​​ពាក់​ព័ន្ធ​លោក​ ​កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​។

លោក នី ចរិយា ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ចោទ​ប្រកាន់​​កាលពី​ថ្ងៃ​ច័ន្ទ រួម​ជាមួយ​មន្ត្រី​អង្គការ​​​សហប្រជាជាតិ​មួយ​រូប​ និង​មន្ត្រីជាន់​ខ្ពស់​បួន​រូប​ទៀត​មកពី​​សមាគម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អាដហុក​ ពីបទ​សម​គំនិត​សូក​ប៉ាន់​ស្រីកំណាន់​របស់​លោក កឹម សុខា ដើម្បី​ឲ្យ​នាង​និយាយ​កុហក​​សមត្ថកិច្ច​ពាក់​ព័ន្ធ​ស្នេហា​លួច​លាក់​​​​​​នេះ។

បុគ្គល​ទាំង​អស់​នេះសុទ្ធ​​​តែ​ត្រូវ​បាន​ចាប់​ខ្លួន​​​កាលពី​សប្ដាហ៍​មុន ​និង​ឃុំខ្លួន​បណ្ដោះ​អាសន្ន លើក​លែង​តែ​មន្ត្រី​​អង្គការ​សហប្រជាជាតិ​​​​​​​​ប៉ុណ្ណោះ​​​​​​ដែល​​​​​​បាន​​​គេច​​​​​​​​​ផុត​​​ពី​​​​​​សមត្ថកិច្ច​​​​ដោយ​​​​ហេតុ​ផល​អភ័យ​ឯកសិទ្ធិ​ផ្លូវ​ច្បាប់​។

កាលពី​ថ្ងៃ​ច័ន្ទ ភរិយា​របស់​លោក នី​ ចរិយា ​បាន​សរសេរ​លិខិត​​​​​​​​ទៅ​សមាជិក​ទាំង​ប្រាំបួន​រូប​​របស់​ គ.ជ.ប. ​ជំរុញ​ឲ្យ​ពួកគេ​ស្នើ​សុំ​តុលា​ការ​​​​ដោះលែង​ស្វាមី​របស់​ខ្លួន​​ឲ្យ​នៅ​ក្រៅ​ឃុំ។

លោក ហង់ ពុទ្ធា ដែល​ជា​សមាជិក​ និង​ជា​អ្នក​នាំពាក្យ​ គ.ជ.ប. ​បាន​មាន​ប្រសាសន៍​ថា ​គ.ជ.ប. បាន​ជួប​ប្រជុំ​គ្នា​កាលពី​ម្សិលមិញ ដើម្បី​​​ពិចារណា​សំណើ​នេះ​ ហើយ​បាន​សម្រេច​ថា ​​ខ្លួន​គ្មាន​សិទ្ធិ​​អន្តរាគមន៍​​ឡើយ។ លោក​ថ្លែង​ថា “​គ.ជ.ប. មិន​អាច​អន្តរាគមន៍​តាម​ការ​ស្នើ​សុំ​របស់​គាត់​បាន​ទេ ហើយ​នឹង​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច​”​​​ ហើយ​​​​បដិសេធ​មិន​បក​ស្រាយ​​​​​​​​ថាតើ​​​សមាជិក​ គ.ជ.ប. ធ្វើ​ការ​សម្រេច​នេះ​ដោយ​របៀប​ណា​​ ជា​​​ការសម្រេចដោយ​​ឯកឆន្ទ​ ​​​ការ​បោះ​ឆ្នោត​ដោយ​លើក​ដៃ ឬ​ក៏​មធ្យោ​បាយ​​​ផ្សេង​ឡើយ​។

លោក​បាន​បន្ថែម​ថា ​យ៉ាង​ហោច​ណាស់​ក៏​តំណែង​របស់​លោក នី ចរិយា ​មាន​សុវត្ថិ​ភាព​ដែរ​នៅ​ពេល​នេះ។ “តំណែង​របស់គាត់​នឹងរក្សា​ទុក​ដដែល​រហូត​ទាល់​តែ​តុលាការ​​ចេញ​សេចក្ដី​សម្រេច​ចុង​ក្រោយ​។ តុលាការ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចុង​ក្រោយ​ទេ ដូច្នេះ​តំណែង​​នេះ​នៅ​តែ​ជា​របស់​គាត់​”។

លោក សម សុគង់ ​មេធាវី​របស់​លោក នី​ ចរិយា ​​បាន​ថ្លែង​ថា លោក​​នឹង​​ដាក់​សំណើសុំ​​នៅ​ក្រៅ​ឃុំ​នៅ​សប្ដាហ៍​នេះ។ លោក​មាន​ប្រសាសន៍​​ថា លោក​មិន​ទាន់ដឹង​ពី​​ខ្លឹមសារ​ទាំង​ស្រុង​នៃ​ការ​អះអាង​ និង​ភ័ស្តុតាង​របស់​រដ្ឋាភិបាល​ប្រឆាំង​លោក នី​ ចរិយា ដែល​​ជា​អតីត​មន្ត្រី​​​​​​​ថ្នាក់​​​​​​​​​កំពូល​​នៅ​សមាគម​អាដហុក ​រហូត​ដល់​ចូល​បម្រើ​ការ​ងារ​នៅ​ គ.ជ.ប. ​កាល​​ពី​ខែ​មករា។

លោក​​បាន​បន្ត​ថា “​គេ​ប្រាប់​ខ្ញុំ​ថា គេ​មាន​ខ្សែអាត់​សំឡេង​​​​គាត់​​និយាយ​​គ្នា​ជាមួយ​​មន្ត្រី​សមាគម​អាដហុក​ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ឃើញ​​ខ្សែ​អាត់​សំឡេង​​នោះ​ទេ”។ ប៉ុន្តែ​​លោកបាន​លើក​​​​ឡើង​ថា លោក​មិន​ជឿ​ថា ​ការ​ឃុំខ្លួន​កូន​ក្ដី​របស់​លោក​​​​ពាក់​ព័ន្ធ​នឹង​​ប្រាក់​២០៤​ដុល្លារ​ដែល​សមាគម​អាដហុក​បាន​ផ្ដល់​​ឲ្យ​ស្រីកំណាន់​​​របស់​លោក កឹម សុខា អំឡុង​ពេល​ខ្លួន​ជួយ​គាំទ្រ​នាង​​ប្រឆាំង​ការ​ចោទ​ប្រកាន់​ពីបទ​ពេស្យា​​​កម្ម​​​នោះ​​​ទេ ពីព្រោះ​លោក នី ចរិយា ​បាន​ចាក​ចេញ​ពី​អង្គការ​នោះ​បាត់​ទៅ​ហើយ​នៅ​ពេល​នោះ។

ដំបូង​ឡើយ នាង ខុម ចាន់តារ៉ាទី ​វ័យ​២៥​ឆ្នាំដែល​ជា​ជាង​ធ្វើ​សក់​​​ បាន​​បដិសេធ​ស្នេហា​លួច​លាក់​របស់​ខ្លួន​ មុន​ពេល​សារភាព​​ទទួល​ស្គាល់​​វា​កាលពី​ខែ​មុន និង​ចោទ​ប្រកាន់​មន្ត្រី​សមាគម​អាដហុក​ និង​អ្នក​ផ្សេង​ទៀត​​​ថាបាន​ដាក់​សម្ពាធ​នាង​ឲ្យ​នាង​និយាយ​កុហក។

លោក កែម ឡី អ្នក​វិភាគ​នយោបាយ​​បាន​មាន​ប្រសាសន៍​ថា គ.ជ.ប. គួរ​តែ​គាំទ្រ​អគ្គ​លេខាធិការ​រង​របស់​ខ្លួន​​ប្រសិន​បើ​ខ្លួន​យល់​ថា គាត់​ត្រូវ​គេ​ធ្វើ​បាប​។ “ប្រសិន​បើ​ការ​ចាប់​ខ្លួន​ ឬ​ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ​ ខ្ញុំគិត​ថា ​មិន​ត្រឹម​ត្រូវ​​ទេ​ដែល​គ.ជ.ប. មិន​ធ្វើ​អ្វី​សោះ​​នោះ​។ វា​គួរ​​​​​តែ​​ទទួល​ខុស​ត្រូវ​ចំពោះ​បុគ្គលិក​របស់​ខ្លួន​។ មិន​ថា​ច្រើន​ឬ​តិច​ទេ ពួកគេ​គួរតែ​មាន​យន្តការ​​​​​តាម​ដាន​ ឬ​ពួកគេ​គួរ​តែ​មាន​យន្ត​ការ​គាំទ្រ​បុគ្គលិក​របស់​ខ្លួន​ ប្រសិន​បើ​​​​​​​មាន​​​​​រឿង​​​​​​​អយុត្តិ​ធម៌”។

ការ​ព្យាយាម​​យ៉ាងមោះ​​​​​​​​​មុត​​​របស់​រដ្ឋាភិបាល​​​​ក្នុង​​​ការ​ស៊ើប​អង្កេត​រឿង​អាស្រូវ​ផ្លូវ​ភេទ​​របស់​​មេដឹកនាំ​គណបក្ស​ប្រឆាំង ​ត្រូវ​បាន​មជ្ឈ​ដ្ឋាន​ទូទៅមើល​​​​​​ឃើញ​​​ជំរុញ​ដោយ​ហេតុផល​នយោ​បាយ។ ទោះជាយ៉ាង​ណា​ ការ​បង្កើត គ.ជ.ប. គឺ​​​ជា​​​លទ្ធផល​​ចេញពី​ការ​ចរចា​ដ៏តាន​តឹង​រវាង​គណបក្ស​​សង្គ្រោះ​ជាតិ និង​​គណបក្ស​ប្រជា​ជន​កម្ពុជា​​ នាំ​ឲ្យ​មាន​​​ការ​ជ្រើស​តាំង​​​បេក្ខជន​​បួន​រូប​មក​ពី​​គណបក្ស​ម្ខាង​ៗ​ ហើយ​​​លោក ហង់ ពុទ្ធា ​​​ដែល​​​ជា​​​សមាជិក​ទី៩ ​ត្រូវ​បាន​​ជ្រើស​​​រើស​ជា​ឯកឆន្ទ៕ សុខុម​​​​​​​​​​​

 

The post គ.ជ.ប. សម្រេច​​មិន​ស្វែង​រក​ការ​​​ធានា​​​​លោក ​​​នី ចរិយា ​ឲ្យ​នៅ​ក្រៅ​ឃុំ appeared first on ខេមបូឌា ដេលី.