ភ្ញៀវ​ទេសចរ​ កំពុង​ពេញនិយម​នឹង​ការ​ទស្សនា​អន្លង់​ផ្សោត​ឈើទាល ​និង​បោះតង់​លើ​កោះ​ល្ង

ភ្ញៀវ​ទេសចរ​ កំពុង​ពេញនិយម​នឹង​ការ​ទស្សនា​អន្លង់​ផ្សោត​ឈើទាល ​និង​បោះតង់​លើ​កោះ​ល្ង



ស្ទឹងត្រែង​ ៖ ផ្ទៃ​ទន្លេមេគង្គ​នា​ដែនដី​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ​ស្ថិត​ក្នុង​រដូវប្រាំង​ដូច្នេះ ជាពិសេ​ស​នៅ​តំបន់​អន្លង់​ផ្សោត​ទឹកសាប​ឈើទាល​ និង​កោះ​ល្ង​ហាក់​រំលេច​ឲ្យ​ឃើញ​នៅ​ពណ៌​បៃតង​ដូច​ត្បូង​មរកត​បង្កើត​បាន​ជា​ចលនា​ហូរ​បាចសាច​លើ​ផ្ទាំង​ថ្ម​ រប៉ាត់រប៉ាយ ​បោកបក់​ព្រៃឈើ​រំលេច​ឫស​វែងៗ​រុំ​ព័ទ្ធ​ដើម ​ដែល​ជា​ទ្រនំ​បក្សី ​ជម្រក​ត្រី​ទឹកសាប និង​ត្រី​ផ្សោត​ដ៏​ល្បីល្បាញ ​ខណៈ​កោះ​ខ្សាច់​រាប់​រយ​ខំ​ប្រឹង​អើត​ខ្លួន​ផុត​ពី​ទឹកទន្លេ​នា​រដូវក្ដៅ​។​ ​ ​ ​ ​ ​ ​ ​

ភ្ញៀវ​ទេសចរ ​អាច​រំពៃ​រកមើល​ផ្សោត​ហែល​អើត​ពី​ផ្ទៃ​ទន្លេ​ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ឈើ​ទា​ល ​និង​ចាំ​ផ្ដិត​យក​រូបភាព​ត្រី​ផ្សោត​ដ៏​កម្រ​ នៅ​រមណីយដ្ឋាន​ធម្មជាតិ​អន្លង់​ផ្សោត​ឈើទាល​ដ៏​ស្រស់​ស្អាត ហើយ​បន្ទាប់​ពី​នោះ​ក៏​អាច​ទៅ​បោះតង់​សម្រាក​លេង​នៅ​លើ​កោះ​ល្ង​ ដែល​មាន​ឆ្នេរ​ខ្សាច់​សក្បុ​ស​ព័ទ្ធ​ដោយ​កម្រាល​ក្រួស ខ្លះ​ងូតទឹក​ទន្លេ​ថ្លាឈ្វេង ហើយ​ខ្លះទៀត​បង្កាត់ភ្លើង​អាំង​សាច់​នៅ​លើ​កោះ​ល្ង​បាន​យ៉ាង​សប្បាយ​រីករាយ​ផង​ដែរ​។​ ​សហគមន៍​អេកូ​ទេសចរណ៍​ ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​ស្ទឹងត្រែង​ជាប់​ព្រំប្រទល់​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៧ ក្រោម​ការ​គាំទ្រ​ពី​អង្គការ​បរិស្ថាន​ម្លប់​បៃតង​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

លោក យ៉ិ​ន វុ​ធ ប្រធាន​សហគមន៍​អន្លង់​ផ្សោត​ឈើទាល​បាន​និយាយ​ថា ចំនួន​សត្វ​ផ្សោត​រស់​នៅ​ក្នុង​អន្លង់​ផ្សោត​ឈើទាល​បាន​ធ្លាក់ចុះ​ជា​លំដាប់ រហូតដល់​សព្វ​ថ្ងៃ​នេះ ពួកវា​នៅតែ​ប្រមាណ ៤ ក្បាល​ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​គាំពារ​ពី​អង្គការក្រៅរដ្ឋាភិបាល​។​ លោក​បញ្ជាក់​ថា ទូក​កម្សាន្ត​ជាច្រើន​គ្រឿង​ទាំង​របស់​ភាគី​កម្ពុជា និង​ភាគី​ឡាវ បាន​បណ្ដែត​លើ​ផ្ទៃ​ទឹក​សន្សឹមៗ អនុញ្ញាត​ឲ្យ​ភ្ញៀវ​អង្គុយ​រង់​ចាំ​វត្តមាន​ត្រី​ផ្សោត​បង្ហាញខ្លួន​ក្នុង​បរិវេណ​អន្លង់​ដ៏​ជ្រៅ​កណ្ដាលទន្លេ​រវាង​ច្រាំង​ និង​កោះ​ល្ង​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

លោក​ អ៊​ន់ ប៉ោ​សឿន ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​សម្រប​សម្រួ​ល​សេវាកម្ម​ពី​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ឈើទាល​បាន​ដឹកនាំ​ភ្ញៀវ​ទេសចរ​ជាតិប្រមាណ ៥០ នាក់​ ជា​រៀងរាល់ថ្ងៃ​បាន ​ទៅ​បោះជំរំ​សម្រាក​លើ​ឆ្នេរ​ខ្សាច់​ទន្លេ​នៃ​ដែន​កោះ​ល្ង ដែល​ស្ថិត​កៀក​បង្កើ​យ​ពី​ទីស្នាក់ការ​សហគមន៍ បន្ទាប់​ពី​ពួកគេ​ទស្សនា​សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល​រួច​។ លោក​បន្ត​ថា​ការដែល​ភ្ញៀវ​ទេសចរ​ទាំងឡាយ​ជ្រើស​រើស​យក​ដំណើរ​កម្សាន្ត​មកកាន់​អន្លង់​ផ្សោត​ឈើទាល ​និង​បោះតង់​នៅ​លើ​កោះ​ល្ង​នា​រដូវប្រាំង​ដូច្នេះ​គឺ​ពិតជា​បង្កើត​បាន​នៅ​បរិយាកាស​សប្បាយរីករាយ​ខ្លាំង​ណាស់ ដែល​ក្នុង​នោះ​លោកអ្នក​អាច​ទស្សនា​ថ្ងៃ​លិច ជួបជុំ​ញុំា​អាហារ​លើ​វាល​ខ្សាច់​នា​ពេល​រាត្រី​ជាដើម​។​​

រាល់​ទិដ្ឋភាព​ដ៏​រ៉ូមែនទិក​បែបនេះ ​ត្រូវ​បាន​ លោក ​អ៊​ន់ ប៉ោ​សឿន និយាយ​ឲ្យ​ដឹង​ទៀត​ថា ទាំង​ការ​ទ​ស្សនា​ផ្សោត​ទឹកសាប​នៅ​អន្លង់​ឈើទាល ​និង​ការ​សម្រាក​កម្សាន្ត​បោះតង់​នៅ​កោះ​ល្ង​នោះ​គឺជា​កម្រ​ង​អនុស្សាវរីយ៍​មួយ ​ដែល​លោកអ្នក​មិនអាច​បំភ្លេច​បាន​។ ប្រសិនបើ​យើង​ក្រឡេក​មក​មើល​សម្រស់​ធម្មជាតិ​នៅ​លើ​កោះ​ល្ង​នា​រដូវប្រាំង​ដូច្នេះ​វិញ​ឃើញថា វា​មាន​សភាវៈ​ល្អ​ប្លែក​គួរ​ឲ្យ​ប្រតិព័ទ្ធ​ខ្លាំង​ណា​ស់ ពោល​នៅ​លើ​ឆ្នេរ​ខ្សាច់​ទន្លេ​គេ​ឃើញ​មាន​ដើម​រុក្ខជាតិ​ដុះ​រាយប៉ាយ​ និង​អម​ដោយ​ផ្ទៃ​ទឹកទន្លេ​គួរ​ជាទី​ចេតនា​ក្រៃលែង​សម្រាប់​ភ្ញៀវ​ទេសចរ​៕​

ភ្ញៀវ​ទេសចរ​ កំពុង​ពេញនិយម​នឹង​ការ​ទស្សនា​អន្លង់​ផ្សោត​ឈើទាល ​និង​បោះតង់​លើ​កោះ​ល្ង

ភ្ញៀវ​ទេសចរ​ កំពុង​ពេញនិយម​នឹង​ការ​ទស្សនា​អន្លង់​ផ្សោត​ឈើទាល ​និង​បោះតង់​លើ​កោះ​ល្ង