ព្រះរាជអាជ្ញា​ ដោះលែង​ក្រុម​ចោរ​ប្រើ​ដាវ​ប្លន់ ​កណ្ដាល​ក្រុង​ភ្នំពេញ​

ព្រះរាជអាជ្ញា​ ដោះលែង​ក្រុម​ចោរ​ប្រើ​ដាវ​ប្លន់ ​កណ្ដាល​ក្រុង​ភ្នំពេញ​



ភ្នំពេញ ៖ សេចក្ដី​រាយការណ៍​ច្បាស់ការ​បាន​ឲ្យ​ដឹង​ថា លោក គុជ គឹម​ឡុង ព្រះ​រាជអាជ្ញា​រង​អម​សា​លា​ដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង​ចោរប្លន់​២​នាក់ ​ដែល​ប្រើ​ដាវ​កាប់​ប្លន់​យ៉ាង​កក្រើក​កណ្ដាល​ក្រុងភ្នំពេញ​កាលពីដើម​សប្ដាហ៍​នេះ។​

ភាព​មិន​ប្រក្រតី​របស់​ព្រះរាជអាជ្ញា ចៅក្រម​តុលាការ​ដូច្នេះហើយ​ ទើប​បាន​ជា​តុលាការ​ចង់​ហាម​ឃា​ត់​អ្នកកាសែត​មិន​ឲ្យ​ចូល​តុលាការ ​ព្រោះ​មានរឿង​ស្មោកគ្រោក​ជាច្រើន​កើតឡើង​នៅ​ទីនោះ​ ដែល​គេ​មិន​ចង់​ឲ្យ​មហាជន​បានដឹង។​

សូម​បញ្ជាក់​ថា កម្លាំង​នគរបាល​ខណ្ឌដូនពេញ​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ ខណៈ​ដែល​សិស្សសាលា​IEL ៣​នាក់ ​បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ប្រជាពលរដ្ឋ ដោយ​ប្រើ​ដាវ​សាំមូរ៉ៃ តែ​អំពើ​ប្លន់​នោះ​មិនបាន​សម្រេច ដោយសារ​មាន​កម្លាំង​សមត្ថកិច្ច​ក្របខ័ណ្ឌ​ដូនពេញ​ចាប់​ខ្លួន​បាន​២​នាក់ ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់​ក្នុង​ពេល​កំពុង​ច្របូកច្របល់។​

​ករណី​ប្លន់​ខាង​លើ​នេះ បាន​កើតឡើង​កាលពី​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច​ផ្លូវ​សុរាម្រឹត មុខ​រង្វង់​មូល​សម្ដេច​សង្ឃ​ជួន ណាត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។​

​លោក ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៣នាក់ ជិះ​ម៉ូតូ២​គ្រឿង​ ដែល​មួយ​គ្រឿង​ម៉ាក Dream C110 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ-4867 ជិះ​គ្នា​២​នាក់ ​ប្រដាប់​ដោយ​ដាវ​សាំមូរ៉ៃ​មួយ​ដើម ដោយ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទី​១​ឈ្មោះ​ចាន់ សេដ្ឋា​រាជ អាយុ​១៨​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​៥១​អឺ​០ ផ្លូវលំ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ​ជា​អ្នក​កា​ន់​ដាវ​ធ្វើ​សកម្មភាព​ ទី​២​ឈ្មោះ​ ថៃ គឹមហុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​៧៤ ផ្លូវ​១៧២ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ និង​បក្ខពួក​ម្នាក់ទៀត​ជិះ​ម៉ូតូ​ ម៉ាក Nex ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1CV- 5025 បាន​គេច​ខ្លួន​បាត់​ និង​ឈ្មោះ ​ត្រា អាយុ​១៨​ឆ្នាំ ជា​អ្នក​ជិះ​ម៉ូតូ​កៀរ​ជន​រង​គ្រោះ។ រីឯ​ជនរងគ្រោះ​ ឈ្មោះ​ ចាន់ ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក Suzuki Let’s ពាក់​លេខ​ភ្នំពេញ 1CN-9465 និង​មិត្តភក្ដិ​ជនរងគ្រោះ​២​នាក់​ទៀត (​ប្រុស​ទាំង​៣)​។​

​លោក ហួត ចាន់​យ៉ា​រ៉ា​ន់ បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គឺ​ជនរងគ្រោះ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ​ម៉ាក់​Suzuki Let’s ចេញពី​ដើរលេង​នៅ​កោះ​ពេជ្រ​ក្នុង​គោលបំណង​ត្រលប់​ទៅផ្ទះ​វិញ លុះ​ជិះ​មកដល់​ចំណុច​កើត​ហេតុ​ខាងលើ​មុខ​រង្វង់​មូល​សម្ដេច​សង្ឃ​ជួន ណាត ស្រាប់​តែ​លេចមុខ​ជន​ស​ង្ស័យ​៣​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង មក​ក្បែរ​រួច​បើក​កៀរ​ម៉ូតូ​ជន​ង​គ្រោះ​ និង​ដក​ដាវ​សាំមូរ៉ៃ​ស្រែក​គំរាម​កាប់​ប្លន់ ហើយ​បក្ខពួក​ជនសង្ស័យ​ម្នាក់ទៀត​ បាន​ស្ទុះ​ទៅ​ដណ្ដើម​ម៉ូតូ​ពី​ជនរងគ្រោះ​ តែ​មិនបាន​សម្រេច ភ្លាម​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ និង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ ​កំពុងតែ​ជិះ​ល្បាត​ក្នុង​មូល​ដ្ឋា​ន​ឃើញ​ក៏​អន្តរាគមន៍​ភ្លាម ដោយ​ចាប់បាន​ជនសង្ស័យ​២​នាក់ ​និង​ម៉ូតូ​១​គ្រឿង ​ម៉ាក​ហុងដា​សេ​១១០(​ប្រើ​ប៊ិច​) ។ ចំណែកឯ​បក្ខពួក​ម្នាក់​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៀត​គេច​ខ្លួន​បាត់​តែម្តង៕