រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ច័​ន្ទ្រ​បើកភ្នែក​ធំ​ៗ
ច័​ន្ទ្រ​៖ ម៉ែ​ថា​ម៉េច ? អ​ន្ទិ​តវ៉ា​ន់​នោះ​ងើប​លែង​រួច​ទៅ​ហើយ​ហ្ហី ! ចុះ​ម៉េច​ក៏​ពួក​គេ​មិន​យក​ទៅ​ពេទ្យ ?
ណាត​៖ ពួក​វា​គឺ​គ្មាន​លុយ​ហ្នឹង​ណា ! វា​ខ្លួន​មួយ​កំ​ព្រី​កំព្រា​ធ្វើស្រែ​បាន​តិចតួច លេងភ្លេង​ក៏​មិន​ដែល​បាន​លុយ​ប៉ុន្មាន​។ ឯង​នេះ​លេងសើច​ជ្រុល​ពេក​ហើយ គិត​មើល​ខ្លួនឯង​ទៅ បើ​ឯង​មាន​តែ​ខ្លួន​មួយ ហើយ​មក​ឈឺ​ពិបាក​តែ​ម្នាក់ឯង​ញ្ចឹ​ង​តើ​វា​យ៉ាងម៉េច ? គិត​ឃើញ​ពី​អារម្មណ៍​គេ​អារម្មណ៍​ខ្លួន​ខ្លះ​ផង​ទៅ កុំ​រប៉ិលរប៉ូច​ខុស​ក្បួន​ពេក លេងសើច​រឿង​អី​ធម្មតា​ៗ​ទៅ​បាន​ហើយ កុំ​លេងសើច​ដល់​ថ្នាក់​ស្លាប់​មនុស្ស​បែប​នេះ ។

ច័​ន្ទ្រ​ធ្វើ​មុខ​អេះ​អុញ​បន្តិច
ច័​ន្ទ្រ​៖ បាន​ហើយ ! ម៉ែ​កុំ​បន្ទោស​ច្រើន​ពេក ចាំ​ខ្ញុំ​ទៅ​អើត​មើល​គេ​បន្តិច​ក៏​បាន​ដែរ ។ បើ​ថា​ដាច់ខ្យល់​ហើយ ចាំ​ខ្ញុំ​ជួយ​យក​ទៅ​វត្ត​ចុះ ! គ្រាន់តែ​រាគ​អាចម៍​ប៉ុណ្ណឹង​សោះ​អី​ក៏​វេទនា​ម្ល៉េះ​! ខ្ញុំ​ធ្លាប់​រាគ​ពីរ​បី​ដង​ហើយ​ហ្នឹង មិនឃើញ​ស្អី​ផង​។
ច័​ន្ទ្រ​ដើរ​ចេញពី​តូប​លក់​កាហ្វេ​ចូល​ទៅ​ក្នុងផ្ទះ ។

ដូរ​ទីតាំង​៖
នៅ​ក្នុង​ផ្ទះបាយ ។ ច័​ន្ទ្រ​ដួស​បបរ​ដាក់​ស្រាក់​ញាប់ដៃ រួច​ចេញពី​ក្នុងផ្ទះ អូស​កង់​ជិះ​ចេញ​ទៅ​យ៉ាង​លឿន ។ ណាត​តាម​មើល​ច័​ន្ទ្រ​ជិះ​កង់​ចេញ​ទៅ​ធាក់​កង់​ញាប់​ជើង ណាត​គ្រវីក្បាល​ធ្វើ​មុខ​ហួសចិត្ត
ណាត ៖ កូន​មួយ​នេះ​នៅ​តែ​តូច​មិន​ព្រម​ធំ​សោះ​!

អរុណ​អង្គុយ​នៅ​លើ​គ្រែ​ឫស្សី​អត់​ពាក់អាវ​ឃើញ​ដៃ​ដែល​ត្រូវ​របួស​មុត​បន្លា​គ្រប់កន្លែង​មាន​ស្នាម​ឈាមកក រឿងលើក​ផ្ទិ​ល​ទឹក​ក្តៅ និង​ថង់​សំឡី​មក​ដាក់​ឲ្យ​អរុណ
រឿង​៖ ណេះ កូន ! ជ្រលក់​ទឹក​ក្តៅ​ជូត​សម្អាត​ដី​ឲ្យ​អស់​ទៅ ! ម៉ែ​ឲ្យ​អា​រ៉េ​តវា​ទៅ​ទិញ​ថ្នាំលាប​ឲ្យ​ហើយ ។ កូន​ឯង​នេះ​យ៉ាប់​មែនទែន​! ដៃ​មុត​បន្លា​សុះ​ទៅ​ហើយ ចេះ​មក​សំងំ​ដេក​មិន​រក​ថ្នាំ​រកស​ង្កូ​វ​ស្អី​ទេ​។ ម៉ែ​មិនដឹង​ថា​មុត​ដៃ​ច្រើន​យ៉ាងនេះ​ឯណា ? ស្មាន​តែ​តិចតួច !
អរុណ ៖ គ្រាន់តែ​មុត​បន្លា​ឫស្សី​សោះ មិន​ធ្ងន់ធ្ងរ​ឯណា​ម៉ែ បានជា​ខ្ញុំ​ខ្ជិល​ប្រាប់​ម៉ែ គិត​ថា​ចាំ​ព្រឹក​ចាំ​រក​ថ្នាំលាប​ក៏​បាន​ដែរ ។ យប់​ហើយ​មិន​ចង់​រំខាន​ម៉ែ​ទេ ។

អរុណ​យក​សំឡី​ជ្រលក់​ទឹក​ក្តៅ​មក​ជូត​សម្អាត​កន្លែង​ដែល​មុត​បន្លា ។ រឿង​ជួយ​ជូត​ដែរ រួច​អើត​មើលទៅ​មាត់របង​បណ្តើរ ។
រឿង​៖ អា​រ៉េ​ត​ក៏​ញ្ចឹ​ង​ដែរ ឲ្យ​ទៅ​ទិញ​ថ្នាំលាប​យូរហើយ មិនដឹង​ជា​វា​រក​កន្លែង​លក់​ថ្នាំ​ឃើញ​ឬ​អត់​បានជា​វា​យូរ​ម្លឹ​ង​ៗ ?

កែវ​ជិះ​ម៉ូតូឌុប​ម្លិះ​ចូល​មក​ដល់ ម្លិះ​ចុះ​ពីលើ​ម៉ូតូ​ដើរ​ចូល​មក​សំពះ​រឿង
ម្លិះ​៖ ជំរាបសួរ​មីង​!
រឿង​៖ អឺ​! សុខ​សប្បាយ​ក្មួយ​! ហើយ​ទៅ​ណា​មក​ណា​ហ្នឹង ?
ម្លិះ​៖ ច៎ា​! ខ្ញុំ​យក​ថ្នាំលាប​របួស​មក​ឲ្យ​បង​រុណ ហើយ​មក​សុំ​ទោស​ផង រឿង​ដែល​ពុក​ចោទប្រកាន់​បង​រុណ​នោះ ! ពុក​គាត់​និយាយ​តែ​អ​ញ្ចឹ​ង​ឯង ប៉ុន្តែ​គាត់​មិន​បាន​រករឿង​មួលបង្កាច់​អ្វី​ទេ ។

អរុណ​ញញឹម​ដាក់​ម្លិះ​ភ្នែក​ស្រទន់
អរុណ​៖ មិន​អី​ទេ​ម្លិះ​! ខ្ញុំ​មិន​ដែល​ប្រកាន់​នឹង​ពុក​មេ​ភូមិ​ទេ​! ឲ្យ​តែ​ម្លិះ​ជឿជាក់​ថា​ខ្ញុំ​ជា​មនុស្យ​ល្អ​គឺ​គ្រប់គ្រាន់​ហើយ ។

កែវ​តាម​មើល​អរុណ និង​ម្លិះ​កំពុង​សម្លឹងមុខ​គ្នា​ទៅ​វិញ​ទៅ​មក កែវ​ប្រែ​ទឹកមុខ​បន្តិច រួច​ធ្វើ​ជា ញញឹម​ស្ទុះ​ចូល​មក​អង្គុយ​ក្បែរ​អរុណ​ចាប់​ទាញ​ដៃ​អរុណ​មើល​មុខរបួស​របៀប​ស្និ​ទ​ស្នាល
កែវ​៖ រវល់​តែ​ជជែក​គ្នា​ហ្នឹងហើយ មិន​គិត​លាប​របួស​សិន​ទេ​បង​រុណ ! ខ្ញុំ​យក​ថ្នាំ​មក​ហើយ ចាំ​ខ្ញុំ​លាប​ឲ្យ !

កែវ​យក​ថង់​ថ្នាំ​មក​ស្រាយ យក​ថ្នាំលាប​របួស​មក​លាប​ឲ្យ​អរុណ ម្លិះ​មើល​មុខ​អរុណ ។ អរុណ​ញញឹម​របៀប​អេះ​អុញ​ដក​ដៃ​ចេញពី​កែវ
អរុណ​៖ អរគុណ​ហើយ​កែវ ! ខ្ញុំ​អាច​លាប​ខ្លួនឯង​បាន មិន​អី​ទេ​! ខ្ញុំ​មិនមែន​ជា​អ្នកជំងឺ​ងើប​ពី​កន្ទេល​មិន​រួច​ឯណា ?

រឿង​លួច​មើល​មុខ​ម្លិះ​បន្តិច កែវ​បន្តិច
រឿង​៖ អឺ ! យក​ថ្នាំ​មក ទុក​ឲ្យ​អ៊ុំ​លាប​ឲ្យ​អរុណ​វិញ !

រឿង​យក​ថ្នាំ​ពី​កែវ​មក​លាប​ឲ្យ​អរុណ​និយាយ​បណ្តើរ
រឿង​៖ អរគុណ​ក្មួយ​ៗ​ហើយ ខំ​យក​ថ្នាំ​មក​ឲ្យ​ដល់​ផ្ទះ ។ ចុះ​លោក​បង​មេ​ភូមិ​គាត់​ទៅប្តឹង​ប៉ូ​លី​ស​រួចរាល់​ហើយ​នៅ ?
ម្លិះ​៖ ច៎ា ! ពុក​ទៅ​ស្នាក់​ការ​ប៉ូ​លី​ស​ហើយ មិន​ទាន់​ត្រឡប់​មក​វិញ​នៅឡើយ​ទេ បានជា​ខ្ញុំ​ឈ្លាតពេល​យក​ថ្នាំ​មក​ឲ្យ​បង​រុណ ។
រឿង​៖ ញ្ចឹ​ង​ពួក​ក្មួយ​ប្រញាប់​នាំ​គ្នា​ទៅ​វិញ​ចុះ ! ខ្លាច​លោក​មេ​ភូមិ​ដឹង​ថា​ក្មួយ​នាំ​គ្នា​មក​មើល​អរុណ​នាំ​តែ​គាត់​មិន​សប្បាយចិត្ត ។

កែវ និង​ម្លិះ​នាំ​គ្នា​មើល​មុខ​គ្នា​បន្តិច
កែវ​៖ ច៎ា ! អស​ញ្ចឹ​ង​ពួក​ខ្ញុំ​ទៅ​វិញ​សិន​ហើយ អ៊ុំ !

ម្លិះ និង​កែវ​សំពះលា​រឿង រួច​ងាក​មក​រក​អរុណ
ម្លិះ​+​កែវ​៖ បង​រុណ​ខ្ញុំ​ទៅ​វិញ​ហើយ​!
អរុណ​៖ បាទ​ៗ !

វ៉ា​ន់​ដេក​លើ​គ្រែ​ដណ្ដប់ភួយ​ជិត​ក្បាល ដេក​សណ្ដូកជើង​ត្រង់​ភ្លឹង​ដូច​សាកសព​។ ច័​ន្ទ្រ​យួរ​ស្រាក់​បបរ​រុញ​ទ្វារ​ឈាន​ចូល​មក​លប​ៗ អើត​មើលទៅ​ឃើញ​វ៉ា​ន់​ដេក​គ្រប​ភួយ​ជិត ច័​ន្ទ្រ​បើកភ្នែក​ធំ​ៗ ទឹកមុខ​ភ្ញាក់ផ្អើល ដាក់​ស្រាក់​បបរ​ទៅ​លើ​តុ ច័​ន្ទ្រ​ស្ទុះ​ទៅ​បើក​ភួយ​ទឹកមុខ​ភ័យ ។ វ៉ា​ន់​បិទ​ភ្នែក​ជិត​មិនដឹង​ខ្លួន ច័​ន្ទ្រ​បើកភ្នែក​ធំ​ៗ យកដៃ​ដាក់​ក្បែរ​ច្រមុះ​វ៉ា​ន់​មិនឃើញ​ដកដង្ហើម ច័​ន្ទ្រ​បើកភ្នែក​ធំ​ៗ
ច័​ន្ទ្រ​៖ វ៉ា​ន់​ៗ ! កុំ​បំភ័យ​ខ្ញុំ​ឲ្យ​សោះ​ណ៎ា​! វ៉ា​ន់​យ៉ាងម៉េច​ហើយ !

(​នៅ​មាន​ត​)