សហភាព​អឺរ៉ុប​ថ្កោលទោស​ការគាបសង្កត់​លើ​មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន​

ស្រប​ពេលដែល​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ថា​បាន​ប្រើ​អំណាច​រដ្ឋ​មានដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​តុលាការ ដើម្បី​គាបសង្កត់ និង​បំភិតបំភ័យ​លើ​សកម្មជន​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន និង​មន្ត្រី​គណបក្សជំទាស់​នោះ សហគមន៍​អឺរ៉ុប​ក៏បាន​ថ្កោលទោស​ចំពោះ​ការ​ការ​បំភ័យ និង​ប្រើ​អំពើហិង្សា លើ​អ្នកសារព័ត៌មាន និង​អ្នកការពារ​សិទ្ធិមនុស្ស​ផងដែរ​។​

សហភាព​អឺរ៉ុប​បានបញ្ជាក់​គោលជំហរ​របស់ខ្លួន​នៅក្នុង​សប្តាហ៍​នេះ​ថា សូម​ថ្កោលទោស ចំពោះ​ការកើនឡើង​នូវ​ការបំភិតបំភ័យ និង​អំពើហិង្សា​ចំពោះ អ្នកសារព័ត៌មាន អ្នកការពារ​សិទ្ធិមនុស្ស និង​បុគ្គល​ផ្សេងៗ​ទៀត នៅក្នុង​ប្រទេស​កម្ពុជា បូករួម​ទាំង​ប្រទេស​ជាច្រើន​ទៀត​នៅ​ទូទាំង​ពិភពលោក នៅពេលដែល​ពួកគេ​ប្រើប្រាស់​សិទ្ធិសេរីភាព​រប​ស់​ខ្លួន ក្នុងការ​បញ្ចេញមតិ​ទាំង​នៅក្នុង​បណ្ដាញ​អ៊ីនធឺណិត និង​ក្រៅ​បណ្ដាញ​អ៊ីនធឺណិត​។​

​លោកស្រី ហ្វី​ដឺ​រី​កា ម៉ូ​ជ​រី​នី តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប បានបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​លើកកម្ពស់ និង​គាំទ្រ​សេរីភាព​ក្នុងការ​បញ្ចេញមតិ ឲ្យ​ក្លាយជា​សិទ្ធិ ដែល​ទាំងអស់គ្នា​អាច​ប្រើប្រាស់​បាន​នៅ​គ្រប់​ទីកន្លែង ស្របតាម​គោលការណ៍​សមភាព មិន​រើសអើង និង​ភាពជា​សកល តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដោយ​គ្មាន​ព្រំដែន​។​

ទន្ទឹមនឹង​សហភាព​អឺរ៉ុប​បាន​ថ្កោលទោស​ការគាបសង្កត់​លើ​មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក​នោះ អ្នកស្រី អេ​ឡេ​ណា ប៉ង់​ហ្វី​ឡូ​វ៉ា នាយិកា​រង​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែលមាន​ជំនាញ ខាង​តាមឃ្លាំមើល​អំពើពុករលួយ នៅ​គ្រប់​ជ្រុងជ្រោយ​ទាំង​អស់នៃ​ពិភពលោក ថ្មីៗ​នេះ ក៏បាន​សម្ដែង​ការព្រួយបារម្ភ​របស់ខ្លួន​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​ការកើនឡើង នៃ​ការចោទប្រកាន់ ទៅលើ​សមាជិក​គណបក្ស​ជំទាស់ ក៏ដូចជា​ការ​សម្លុត​គំរាមកំហែង ទៅលើ​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ប្រឆាំង​អំពើពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ការចោទប្រកាន់​តាមផ្លូវ​តុលាការ កន្លងមក​ក៏បាន​រិះគន់​ដែរ​ថា ដៃគូ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​កាន់អំណាច គប្បី​មិនត្រូវ​ប្រើប្រាស់​អំណាច​រដ្ឋ​ដោយ​មិន​ត្រឹមត្រូវ​តាមច្បាប់​ដើម្បី​គាបសង្កត់ និង​បំភិតបំភ័យ​មកលើ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​អ្នក​រិះគន់​នោះទេ​៕

_88348627_p023612000202-901172 dc6da01a-5999-416d-b40c-4f844b5559a6