ក្រុមហ៊ុន​កូ​ម៉ូ​លី នៅតែ​បន្ត​កាប់​ឈើ​ក្នុងស្រុក​គូលែន និង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ យ៉ាង​គឃ្លើន​

សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅ​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​កូ​ម៉ូ​លី នៅតែ​បន្តសកម្មភាព​កាប់​ដើមឈើ​ធំៗ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​នៅ​តំបន់​ព្រំប្រទល់​ឃុំ​គូលែន​ខាងជើង នៃ​ស្រុក​គូលែន ជាប់​ព្រំប្រទល់​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​គូលែន ស្រុក​ជាំ​ក្សាន្ត និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន​កូ​ម៉ូ​លី​នោះទេ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ក្រុមហ៊ុន​កូ​ម៉ូ​លី កំពុង​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​តាម​រថយន្ត​ធំៗ​ក្រោមរូបភាព​កាប់​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​។

ប្រភពព័ត៌មាន​ពី​តំណាង​សហគមន៍​ការពារ​ព្រៃឈើ ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន បាន​ឲ្យ​ដឹងថា មេភូមិ​ជាំ​ស្រែ នៃ​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​បាន​ដើរ​បំភ័យ​ប្រជាពលរដ្ឋ​ឲ្យ​លក់​ដើម​ច្បោះ​ជ័រ​ទៅ​ឲ្យ​ក្រុមហ៊ុន​កូ​ម៉ូ​លី ហើយ​ក្រុមហ៊ុន​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ជា​រៀងរាល់ថ្ងៃ​។ មនុស្ស​របស់​ក្រុមហ៊ុន​កូ​ម៉ូ​លី មិន​ត្រឹមតែ​ដាក់​ធ្វើ​សកម្មភាព​កាប់​ដើម​ច្បោះ​ជ័រ​ដែល​ពួកគេ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​រំលោភបំពាន​ចូលទៅ​កាប់​ឈើ​នៅក្នុង​ព្រៃ​ការពារ​របស់​សហគម​ន៍​ទៀតផង​។ តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ឃុំ​គូលែន​ខាងជើង បាន​ឲ្យ​ដឹងថា ការលក់​ដើម​ច្បោះ​ជ័រ​ទៅ​ឲ្យ​ក្រុមហ៊ុន​កូ​ម៉ូ​លី គឺជា​មូលហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បំពាន​ចូល​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា កាលពី​ជាង​១​ខែ​មុន ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​និង​ពលរដ្ឋ​នៅ​ឃុំ​គូលែន​ខាងជើង ធ្លាប់​រួម​កម្លាំង​គ្នា​ព័ទ្ធចាប់​រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន​កូ​ម៉ូ​លី ចំនួន​២​គ្រឿង ប៉ុន្តែ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​ដោះលែង​រថយន្ត​និង​ឈើ​ទៅ​ឲ្យ​ក្រុមហ៊ុន​វិញ​។ ហេតុនេះហើយ​ទើប​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ឃុំ​គូលែន​ខាងជើង អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន ចាត់​វិធាន​ចំពោះ​ភាព​អសកម្ម​របស់លោក អ៊ិត ភូមិ​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និង​បក្ខពួក​ជាបន្ទាន់ ព្រោះ​ពួកគេ​មិនដែល​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ជាក់ស្តែង​បច្ចុប្បន្ននេះ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ក្នុង​មួយថ្ងៃៗ​មិនតិចជាង​៨​ទៅ​១០​គ្រឿង​នោះទេ ហើយ​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ទាល់តែសោះ​៕

ST-160លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ