ផ្ទះ​ប្រជាពលរដ្ឋ ១៨​ខ្នង រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៨​ខ្នង ក្នុង​នោះ​៤​ខ្នង​បាន​រំលំ​បាក់​រាប​ដល់​ដី ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ ដោយ​ភ្លៀង និង​ខ្យល់​កន្ត្រាក់​មួយ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រដោក និង​ភូមិ​ប្រឡាយ​មាស ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ។ ទោះ​យ៉ាងណា​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ក្នុង​ហេតុ​ការ​ណ៏​នោះ​ទេ ។  លោក ប៉ា​ល់ ជឿន អធិការ​នគរបាល ស្រុក​កំពង់លែង​បាន​រាយការណ៍​ថា នៅ​ពេល​កើតហេតុ ម៉ោង​ប្រមាណ​ជាង​៥​រសៀល មាន​ភ្លៀង និង​ខ្យល់ បាន​បោកបក់​មក​លើ​ភូមិ​ចំនួន​២ គឺ​ភូមិ​ត្រដោក និង​ភូមិ​ប្រឡាយ​មាស ក្នុង​រយៈពេល​ប្រហែល​ជាង​កន្លះ​ម៉ោង ទើប​មេឃ​រាំងភ្លៀង និង​ស្ងប់ខ្យល់​ទៅ​វិញ ។

តែ​ជាមួយ​គ្នា​នេះ​ដែរ​បាន​បំផ្លាញ​ផ្ទះ​ឲ្យ​រលំ​បាក់​រាប​ដល់​ដី​ចំនួន​៤​ខ្នង និង​១៤​ខ្នង​ទៀត​រង​គ្រោះ​ដោយ​របើក​ដំបូល និង​ជញ្ជាំង​ក្នុង​នោះ នៅ​ភូមិ​ត្រដោក បានរ​លំបាក់​រាប​ដល់​ដី​៣​ខ្នង និង​របើក​ដំបូល និង​ជញ្ជាំង​១១​ខ្នង ចំណែក​ភូមិ​ប្រឡាយ​មាស វិញ​បានរ​លំបាក់​រាប​ដល់​ដី​១​ខ្នង និង​របើក​ដំបូល​និង​ជញ្ជាំង​៣​ខ្នង ។ លោក បាន​បញ្ជាក់​ថា សំណាង​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​មិន​មាន​អ្នក​រងគ្រោះថ្នាក់​នោះ​ទេ​។ លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ស្រ​ដៀង​គ្នា​ថា នៅ​ថ្ងៃ​ទី​៤ ខែឧសភា នេះ សាខា​កា​បាទ​ក្រហម នឹង​យក​អំណោយ​សង្គ្រោះ​បន្ទាន់​ទៅ ចែក ជូន​ប្រជាពលរដ្ឋ​ទាំង​១៨ គ្រួសារ  ក្នុង​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ដែល​រង​គ្រោះ​ដោយ​ធម្ម ជាតិ​ខាង​នេះ​៕