ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់​ហើម​ស្អុយ

រាជធានី​ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់​ត្រូវ​បាន អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លាប់ នៅ​ក្នុង​ស្ថានភាព​ហើម​ស្អុយ នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​អះអាង​ថា បាន​ស្គាល់​អត្តសញ្ញាណ​របស់​បុរស​នោះ​ឡើយ ។ ហេតុការណ៍​ដែល​បាន​ប្រទះ​ឃើញ​សាកសព​នោះ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ហៅ​រ៉ា​សំរោង ភូមិ​សំរោង សង្កាត់​សំរោង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សន្តិសុខ​វ័យ​ចំណាស់​ម្នាក់​និយាយ​ថា គាត់​មិន​បាន​ស្គាល់​អត្តសញ្ញាណ ជន​នោះ​ឈ្មោះ​អ្វី និង​មាន​ទីលំនៅ​ទេ គ្រាន់តែ​បានដឹង​ថា​នៅ​មុន​ពេល​បុរស​នេះ​ស្លាប់ កាលពី​៦ ទៅ​៧​ថ្ងៃមុន គាត់​បានឃើញ បុរស​នេះ​ដើរ​ចូល​ទៅ​ក្នុង​ដី​ឡូត៍ ដែល​មាន​របង​ព័ទ្ធ​ជុំវិញ​ទំនេរ​ចោល​។ សន្តិសុខ​វ័យ​ចំណាស់​បញ្ជាក់​បន្ថែម​ថា បុរស​នោះ​ជា​មនុស្ស​មិនសូវ​គ្រប់ទឹក ទំនង​ដូច​ជា​បែក​ថ្នាំ​បាន​ដើរ​ចូល​ដី​ឡូត៍​នោះ ហើយ​មិនឃើញ​ចេញ​មក​វិញ​សោះ​។ រហូត​មក​ដល់​ល្ងាច​ម៉ោង​៥​ល្ងាច​មិ​ញ​នេះ បាន​ធំ​ក្លិនស្អុយ​ចម្លែក គាត់​មានការ​ងឿងឆ្ងល់ ក៏​បាន​ដើរ​ចូល​ទៅ​មើល​ជិត ស្រាប់តែ​ប្រទះ​ឃើញ​បុរស​នោះ ដេក​ស្លាប់​ក្នុង​សភាព​ហើម​ស្អុយ​បាត់​ទៅ​ហើយ​។

បន្ទាប់​មក​គាត់​បាន ចាក​ចេញពី​ទីនោះ ហើយ​បាន​យក​ដំណឹង​នេះ ប្រាប់​ដល់​អ្នក​ភូមិ នាំ​គ្នា​ទៅ​ចោមរោម​មើល​គ្រប់​ៗ​គ្នា ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់ បាន​ស្គាល់​ជន​រង​គ្រោះ​ម្នាក់​នេះ​ឡើយ ។ ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​មើល ហើយ​បាន​រាយ​ការ​ណ៏​បន្ត​ទៅ​សមត្ថកិច្ច​ជំនាញ ដើម្បី​ចុះ​ទៅ​ពិនិត្យ ទៅ​លើ​សាកសព រួច​ទើប​ប្រគល់​សព​ទៅ​ឲ្យ​នគរបាល​ប៉ុស្ដិ៍ ចាត់ចែង​បូជា​នៅ​វត្ត​ត្រពាំង​ឈូក ៕