Bale សម្លឹងរកការជួយឲ្យ Real ទៅវគ្គបន្តពេលជួប Man City

ក្នុងរយៈពេលកាលពីមួយឆ្នាំមុន តារាឆ្នើម Gareth Bale មិនបានស្ថិតក្នុងទម្រង់លេងយ៉ាងល្អឡើយនាកីឡដ្ឋាន Santiago Bernabeu របស់ក្រុម Real Madrid ហើយរូបគេត្រូវបានគេចំអកឲ្យពីការមានដំណើរដូចសត្វឆ្មា និងត្រូវបានមើលស្រាលដោយអ្នកគាំទ្រផ្ទាល់ខ្លួនរបស់គេ។ អ្នកគាំទ្រទាំងនោះបានខឹងសម្បាទៅនឹងការអសមត្ថភាពរបស់គេក្នុងការដណ្តើមយកឱកាសផ្សេងៗ ខណៈ Real Madrid បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមស្នាដៃក្រុម Juventus។

រយៈពេល១២ខែក្រោយមក Bale បានក្លាយជាកីឡាករដ៏រឹងមាំ និងស្ថិតក្នុងទម្រង់លេងយ៉ាងល្អ ខណៈដែល Real សម្លឹងរកការឈ្នះកៅអីទៅប្រកួតពានក្របខ័ណ្ឌអឺរ៉ុបជាលើកទី១៤របស់ពួកគេនៅរាត្រីនេះ នៅពេលក្រុម Manchester City ធ្វើដំណើរទៅកាន់កីឡដ្ឋាន Bernabeu ក្រោយពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេស្ថិតក្នុងលទ្ធផលស្មើ ០-០ ក្រោយពីការប្រកួតជើងទីមួយ។ Bale បានបំពេញតួនាទីយ៉ាងល្អក្នុងពេលអវត្តមានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោកបីសម័យកាល Cristiano Ronaldo ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះដើម្បីរក្សាធ្វើឲ្យក្រុម Real Madrid នៅតែមានក្តីសង្ឃឹមក្នុងការប្រជែងដណ្តើមពាន La Liga និង Champions League។

សម្រាប់ជាលើកទី១ក្នុងរយៈពេល៣ឆ្នាំនៅទីក្រុង Madrid ខ្សែប្រយុទ្ធរូបនេះ បានបង្ហាញពីភាពខ្លាំងរបស់គេក្នុងក្រុមដើម្បីបង្ហាញថា រូបគេអាចជំនួសតំណែងរបស់ Ronaldo ក្នុងនាមជាខ្សែប្រយុទ្ធកំពូលនៅកីឡដ្ឋាន Bernabeu ឲ្យស្របទៅនឹងក្តីសង្ឃឹមរបស់ប្រធានក្លិបលោក Florentino Perez ដែលបានចំណាយប្រាក់១០០លានអឺរ៉ូ (ស្មើនឹង១១៤លានដុល្លារអាមេរិក) ដើម្បីទិញយករូបគេពីក្លិប Tottenham Hotspur។ ជាមួយគ្នានេះ រដូវកាលទី២របស់ Bale ក្នុងក្រុម Real បានក្លាយជារដូវកាលដ៏ខកចិត្ត ខណៈដែលក្រុមរបស់គេបានបញ្ចប់យុទ្ធនាការនោះដោយមិនឈ្នះពានរង្វាន់អ្វីសោះ បើទោះបីបានកត់ត្រាជ័យជម្នះ២២លើកជាប់ៗគ្នាចាប់ពីខែកញ្ញា ដល់ខែមករា ក៏ដោយ។ Bale បាននិយាយកាលពីពេលថ្មីៗនេះថា៖ «កាលីរដូវកាលមុន ខ្ញុំមិនបានលេងឲ្យដល់កម្រិតជាសក្តានុពលរបស់ខ្ញុំឡើយ។ វាជារឿងដ៏ល្អក្នុងការមានរដូវកាលដ៏អាក្រក់មួយ ព្រោះអ្នកអាចរៀនពីខ្លួនអ្នក ហើយខ្ញុំមានអារម្មណ៍ល្អនៅរដូវកាលនេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

ប្រភព៖ baykdang

  • Bale សម្លឹងរកការជួយឲ្យ Real ទៅវគ្គបន្តពេលជួប Man City已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/04  Category:កំសាន្ត
Tags: