ចម្លែក​ ! រៃ​អង្គាស​បច្ច័យ​ពេល​ល្ងាច

ចម្លែក​ ! រៃ​អង្គាស​បច្ច័យ​ពេល​ល្ងាច



រាជធានី​ភ្នំពេញ ៖ សង្ឃ​មួយ​អង្គ ត្រូវ​អាជ្ញាធរ​សាលា​ខណ្ឌ​សែន​សុខ​ប្រទះ​ឃើញ​សង្ស័យ ក៏​ធ្វើការ​ឃាត់ខ្លួន​យក​មក​សាកសួរ ​កាលពី​វេលា​ម៉ោង​០៤​ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិត​ត្រង់​ចំណុច​តាម​ផ្លូវ​២០០២ ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ការ​ពិត​ក្លែងធ្វើ​ជា​សង្ឃ​សោះ ។

សង្ឃ​ក្លែងក្លាយ​ខាងលើ ឈ្មោះ​ សាត់ រ៉ាត់ អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​ក្នុងភូមិ​ប្ញ​ស្សី ឃុំ​ប្ញ​ស្សី​កើត ស្រុក​កំពង់ត្រាច ខេត្តកំពត ។

តាម​ប្រភព​ពី​អាជ្ញាធរ​សាលា​ខណ្ឌ​សែន​សុខ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​កម្លាំង​ល្បាត​របស់​សាលា​ខណ្ឌ​សែន​សុខ​ស្ថិត​នៅ​ចំណុច​ខាងលើ ក៏​ប្រទះ​ឃើញ​ព្រះសង្ឃ​មួយ​អង្គ​ខាងលើ​កំពុង​តែ​ដើរ​រៃ​អង្គាស​បច្ច័យ​យក​ទៅ​កសាង​វត្ត​សាមគ្គី​រាម​អូរ​ជ្រៅ ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។ ពេល​នោះ កម្លាំង​សាលា​ខណ្ឌ​មានការ​សង្ស័យ ក៏​បាន​នាំ​ខ្លួន​ព្រះសង្ឃ​អង្គ​នោះ​មក​កាន់​សាលា​អនុ​គុណ​ខណ្ឌ​សែន​សុខ ដែល​ស្ថិត​ក្នុង​វត្ត​សំរោង​អណ្ដែត ដើម្បី​ធ្វើការ​សួរនាំ និង​រក​ព្រះ​ឆាយ​ល័​ក្ខ តែ​គ្មាន​អ្វី​ទាំងអស់ ក្រោយមក​ក៏​បាន​ធ្វើការ​ទាក់ទង​តាម​ទូរ​សព្ទ័​ទៅ​ចៅអធិការ​វត្ត​នៅ​ក្នុង​ក្រដាស​កម្មវិធី​បុណ្យ ដែល​ព្រះសង្ឃ​អង្គ​នោះ​ដើរ​ចែក ទើប​ព្រះ​ចៅអធិការ​បាន​ឆ្លើយ​ថា មិន​បាន​ស្គាល់​ព្រះសង្ឃ​អង្គ​នោះ​ឡើយ ។

ក្រោយមក គណៈកម្មការ​ធម្មការ និង​សាសនា​ នៃ​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ដោះ​ស្បង់​ជីវ​ចេញ ហើយ​បាន​ប្រគល់​ឱ្យទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ធ្វើ​កិច្ចសន្យា​ណែនាំ​អប់រំ​ឱ្យ​បុរស​ម្នាក់​នោះ​រាងចាល​ ឈប់​ប្រព្រឹត្ត​អំពើ​បែប​នេះ​ទៀត​ ៕