មេធាវី៖ ការ​ចោទ​លោក នី ចរិយា ដោយ​ផ្អែក​លើ​ខ្សែអាត់​សំឡេង​ជា​ការ​មិន​ត្រឹមត្រូវ

ក្រុម​អ្នក​ច្បាប់​លើក​ឡើង​ថា តុលាការ​ចោទ​ប្រកាន់​លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ពី​បទ​សមគំនិត​អំពើ​សូកប៉ាន់​សាក្សី ដោយ​យោង​លើ​ខ្សែអាត់​សំឡេង​នោះ ថា​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ។

មេធាវី​ការពារ​ក្ដី​លោក នី ចរិយា លើក​ឡើង​ថា លោក និង​មេធាវី​ការពារ​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) មួយ​ចំនួន​ទៀត នឹង​ពិភាក្សាគ្នា​ផ្លូវ​ច្បាប់​អំពី​ការ​ចោទ​ប្រកាន់​នេះ។

មេធាវី​ការពារ​ក្ដី​លោក នី ចរិយា ជា​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក សំ សុគង់ មាន​ប្រសាសន៍​ថា តុលាការ​ចោទ​ប្រកាន់​កូនក្ដី​របស់​លោក​ពី​បទ​សមគំនិត​អំពើ​សូកប៉ាន់​សាក្សី គឺ​ផ្អែក​លើ​ខ្សែអាត់​សំឡេង​ដែល​គេ​លួច​ថត​កូនក្ដី​របស់​លោក​សន្ទនា​ជាមួយ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក។

លោក សំ សុគង់ បញ្ជាក់​ថា តុលាការ​យក​ខ្សែអាត់​សំឡេង​នោះ​មក​ចោទ​ប្រកាន់​ចំនួន​ពីរ​ចំណុច ទី​១ លោក នី ចរិយា បាន​និយាយ​ជាមួយ​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក ដែល​ខាង​អាដហុក បាន​សួរ​លោក នី ចរិយា ថា បើសិនជា​តុលាការ ឬ​អាជ្ញាធរ​កោះ​ហៅ​ជន​រងគ្រោះ តើ​គេ​អាច​ផ្ដល់​មេធាវី​ឲ្យ​ទៅ​ជាមួយ​បាន​ដែរ ឬ​ទេ? លោក នី ចរិយា​ឆ្លើយ​ថា មេធាវី​អាច​ទៅ​បាន។ ទី​២ លោក នី ចរិយា បាន​ទាក់ទង​សួរ​នាំ​មន្ត្រី​សិទ្ធិមនុស្ស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​តាម​ទូរស័ព្ទ​សួរ​ពី​លក្ខខណ្ឌ​ថា បើសិនជា​ជនភៀសខ្លួន​នយោបាយ អាច​ទៅ​នៅ​ក្រៅ​ប្រទេស​នោះ តើ​ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ?

លោក សំ សុគង់ អះអាង​ថា ការ​ចោទ​ប្រកាន់​ដោយ​យោង​លើ​ខ្សែអាត់​សំឡេង តុលាការ​មិន​បាន​បង្ហាញ​ច្បាស់លាស់​បែប​នេះ ជា​រឿង​មិន​អាច​ទទួល​យក​បាន​ទេ។ លោក សំ សុគង់ លើក​ឡើង​ថា តុលាការ​ចោទ​ប្រកាន់​នេះ​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​នាង ខុម ចាន់តារាទី ហៅ ស្រីម៉ុំ តែ​លោក​មិន​ដឹង​ថា តើ​ស្រីម៉ុំ ជា​ដើម​បណ្ដឹង ឬ​ជា​ជនរងគ្រោះ​នោះ​ទេ៖ «»។

លោក សំ សុគង់ បន្ថែម​ថា រូប​លោក និង​មេធាវី​ការពារ​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក នឹង​ដាក់​ពាក្យ​ស្នើ​សុំ​កូនក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

ទាក់ទង​នឹង​បញ្ហា​នេះ លោក​មេធាវី ហុង គឹមសួន ពន្យល់​ថា ការ​ចោទ​ប្រកាន់​បុគ្គល​ណា​មួយ​របស់​តុលាការ គឺ​តុលាការ​ត្រូវ​តែ​បង្ហាញ​ភស្ដុតាង​ទាំង​ឡាយ​ដែល​មាន​ឲ្យ​បាន​ច្បាស់លាស់។ ផ្ទុយ​ទៅ​វិញ លោក​មេធាវី ហុង គឹមសួន បញ្ជាក់​ថា តុលាការ​ចោទ​ប្រកាន់​លោក នី ចរិយា យោង​តាម​ខ្សែអាត់​សំឡេង​សន្ទនា​ទូរស័ព្ទ​របស់​លោក នី ចរិយា បែប​នេះ គឺ​ខុស​ច្បាប់​ក្រមព្រហ្មទណ្ឌ៖ «»។

មាត្រា ៣០១ នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា អំពើ​ស្ដាប់ ឬ​ថត​សម្ដី​ដែល​និយាយ​ជា​ឯកជន ឬ​ជា​ការ​សម្ងាត់​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន ទៅ ២​សែន​រៀល។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ធាម ចាន់ពិសិដ្ឋ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា។

​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា តុលាការ​ចោទ​ប្រកាន់​លោក នី ចរិយា នេះ ជា​រឿង​ខុស​ច្បាប់​ជាតិ និង​អន្តរជាតិ។ លោក​បញ្ជាក់​ថា ករណី​លួច​ថត​សំឡេង​លោក នី ចរិយា នេះ មិន​មែន​ជា​រឿង​សន្តិសុខ​ជាតិ​ទេ គឺ​ជា​រឿង​រំលោភសិទ្ធិ​បុគ្គល៖ «»។

​ក្រៅ​ពី​តុលាការ​ចោទ​ប្រកាន់ លោក នី ចរិយា កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា នោះ តុលាការ​បាន​ចោទ​ប្រកាន់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក ចំនួន ៤​រូប​ទៀត ពី​បទ​សូកប៉ាន់​សាក្សី និង​ចោទ​ប្រកាន់​កំបាំងមុខ​មន្ត្រី​សិទ្ធិមនុស្ស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​មួយ​រូប​ទៀត គឺ​លោក សឺន សាលី ពី​បទ​សមគំនិត​ក្នុង​អំពើ​សូក​ប៉ាន់​សាក្សី។

តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ថា ស្ថាប័ន​នេះ​បាន​ឆ្លើយ​តប​ជា​ផ្លូវការ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ហើយ ទាក់ទង​នឹង​ចំណាត់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទៅ​លើ​មន្ត្រី​មួយ​រូប​របស់​ស្ថាប័ន​ខ្លួន គឺ​លោក សឺន សាលី។

​អ្នកស្រី វ៉ាន់ហ៊ី លី បញ្ជាក់​ថា ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​វិញ។ អ្នកស្រី​បន្ត​ថា អង្គការ​សហប្រជាជាតិ​ស្វែង​រក​មធ្យោបាយ​មួយ​ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​លើ​នីតិវិធី​តុលាការ ដោយ​ស្រប​តាម​អនុសញ្ញា​ស្ដីពី​អភ័យឯកសិទ្ធិ​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ។ អ្នកស្រី​បញ្ជាក់​ថា ចំណាត់ការ​របស់​តុលាការ​ក្នុង​ករណី​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​មន្ត្រី គ.ជ.ប នោះ គឺ​ជា​ការ​ធ្វើតេស្ត​ដ៏​សំខាន់​មួយ​ទៅ​លើ​ឯករាជភាព និង​សុចរិតភាព​របស់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។ អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា នឹង​បន្ត​តាមដាន​សំណុំ​រឿង​ទាំង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​សង្ឃឹម​ថា ដំណើរការ​កាត់​ក្ដី​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​យុតិ្តធម៌​ពេញលេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។