សម្ងំ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន ​ត្រូវ​ប៉ូលិស​ចុះ​បង្ក្រាប​ជាក់ស្តែង​

សម្ងំ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន ​ត្រូវ​ប៉ូលិស​ចុះ​បង្ក្រាប​ជាក់ស្តែង​



ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ ​បាន​ចុះ​បង្ក្រាប​ជាក់ស្តែង ​ព្រម​ទាំង​ដកហូត​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១​កញ្ចប់​ធំ និង​សំភារៈ​ឧបករណ៍​ជក់​មួយ​ចំនួន​ទៀត​។​

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ខាង​លើ​នេះ​ ដឹកនាំ​ដោយ​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចុះ​បង្ក្រាប កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​ភោជនីយដ្ឋាន​ទីណាត់​មហាវិថី​តេជោ​ដំឌិន ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ ឈ្មោះ យឹម វ​ល័​ក្ខ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​មិន​ពិតប្រាកដ។​

កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​រូប​នោះ​គឺ​បន្ទាប់ពី​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ដឹង​យ៉ាង​ច្បាស់​ជនសង្ស័យ​ជា​មុខ​ស​ញ្ញា​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​កើត​ហេតុ​នោះ ​កម្លាំង​ជំនាញ​ចុះទៅ​បង្ក្រាប​ជាក់​ស្តែង ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ ​ព្រមទាំង​ដកហូត​ថ្នាំញៀន​មួយ​កញ្ចប់​ធំ ​និង​ឧបករណ៍​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់ពី​ចាប់​ឃាត់​ជនសង្ស័យ​រូប​នោះ​​ហើយ ​កម្លាំង​បាន​បន្ត​ទៅ​ឆែក​ឆេរ​នៅផ្ទះ​ជួល​មួយ​កន្លែង​ទៀត​លេខ​១៩៩ E៣.២ នៅក្នុង​សង្កាត់​មិត្តភាព ​ខណ្ឌ​៧​មករា ដោយមាន​ការ​ឯកភាព​ពី លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តែ​រក​មិនឃើញ​ថ្នាំញៀន​នោះ​ទេ​។​

​ក្រោយពី​ប្រតិបត្តិការ​បង្ក្រាប​ចប់​ ជនសង្ស័យ​ រួម​ទាំង​វត្ថុ​តាង ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅកាន់​ការិ​យាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ ឃុំខ្លួន​បណ្ដោះអាសន្ន ​ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕​

សម្ងំ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន ​ត្រូវ​ប៉ូលិស​ចុះ​បង្ក្រាប​ជាក់ស្តែង​

សម្ងំ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន ​ត្រូវ​ប៉ូលិស​ចុះ​បង្ក្រាប​ជាក់ស្តែង​