មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​មួយ ​ទទួល​ការណែនាំ ​និង​ព្រមាន​ពី​លោក​អភិបាលស្រុក​

មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​មួយ ​ទទួល​ការណែនាំ ​និង​ព្រមាន​ពី​លោក​អភិបាលស្រុក​



តាកែវ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៦ លោក​ អ៊ិត សារ អភិបាលស្រុក​ព្រៃកប្បាស​បាន​ចុះ​ត្រួតពិនិត្យ​លើ​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​សោមា ដែល​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ព្រៃ​ល្វា​លិច ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ​ខេត្ត​តាកែវ បន្ទាប់ពី​បាន​សន្យា​ជាមួយ​ពលរដ្ឋ​ថា​ លោក​នឹង​ដោះស្រាយ​ជុំវិញ​បញ្ហា​ដែល​កើតមាន​កន្លងមក។ ដោយ​មន្ទីរ​សម្រាក​ព្យាបាល ​និង​សម្ភព​ខាងលើនេះ​មានការ​រិះ​គន់​ពី​ពលរដ្ឋ​ធ្ងន់ៗ​ថា ​ជា​កន្លែង​កោរ​មិន​ដាក់​ទឹក​ ឬ​ហៅថា​កាប់ឆៅ​យក​ថ្លៃ​សេវា​ព្យាបាល​ថ្លៃ​កប់​ពពក ការប្រើប្រាស់​សម្ដី​អសីលធម៌​មក​លើ​អ្នកជំងឺ ការ​បំភ័យ​អ្នកជំងឺ​ឲ្យ​ភ័យ​ ដើម្បីឲ្យ​បាន​សេវា​ថ្លៃ​កប់​ពពក ។

លោក​អភិបាលស្រុក​ បាន​ធ្វើ​សេចក្ដីប្រកាស​មួយ​ផង​ដែរ​ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​ទទួលយក​សេវា​សុខភាព​នៅ​ទីនោះ ទុក​ពេល​ឲ្យ​អាជ្ញាធរ​លោក​រក​ដំណោះស្រាយ​ជា​មុន​សិន។

ដូច្នេះ​ហើយ​ ដើម្បី​ដោះស្រាយ​បញ្ហា ក៏ដូចជា​ចម្ងល់​ផ្សេងៗ​ទាក់ទង​នឹង​កន្លែង​ព្យាបាល​មួយ​នេះ​ លោក​អភិបាលស្រុក​បាន​ចុះទៅ​ត្រួតពិនិត្យ​ផ្ទាល់​ និង​បាន​ព្រមាន​ដល់​ម្ចាស់​ទីតាំង​ខាងលើ​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ចម្ងល់​តទៅទៀត។

លោក​ក៏បាន​ឲ្យ​ដឹង​ទៀត​ថា ​លោក​បាន​ស្នើ​ឲ្យ​ម្ចាស់​មន្ទីរ​សម្រាក​បញ្ឈប់​ការប្រើប្រាស់​ពាក្យ​សម្ដី​អសីលធម៌​ និង​បញ្ឈប់​ជាបន្ទាន់​រឿង​បំភ័យ​អ្នកជំងឺ​ជា​ប្រយោជន៍​ក្នុង​ការ​ទទួល​បាន​សេវា​ថ្លៃ​បន្ថែម ហើយ​ចំពោះ​រឿង​តម្លៃ​សេវា​ថ្លៃ​នោះ​ លោក​សុំ​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល​ ក៏ដូចជា​មន្ទីរ​សុខា​ភិបាល​ខេត្ត​ គួរ​ចាត់វិធានការ​ណាមួយ​ឲ្យ​បាន​សមរម្យ​ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

លោ​អភិបាលស្រុក​បាន​បន្ត​ទៀត​ថា លោក​នឹង​ធ្វើការ​តាមដាន​យ៉ាង​ហ្មត់ចត់​ទៅលើ​មន្ទីរ​សម្រាក​ព្យាបាល​មួយ​នេះ ​ព្រោះ​ស្រុក​ព្រៃកប្បាស​មានតែ​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​មួយ​នេះ​ទេ ​ដែល​បើក​ព្យាបាល​ពលរដ្ឋ​ធំជាងគេ។

ជុំវិញ​ករណី​នេះ លោក ​នួន សុផាត ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​សោមា​ បាន​បំភ្លឺ​ចំពោះ​មុខ​អភិបាលស្រុក​ថា ​រឿង​តម្លៃ​សេវា​លោក​អនុវត្ត​តាម​ក្រសួងសុខាភិបាល ហើយ​មន្ទីរ​សម្រាក​របស់​លោក​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ត្រឹមត្រូវ ចំពោះ​សម្ដី​អសីលធម៌​ គឺ​លោក​ទទួល​ស្គាល់​ថា ​បុគ្គលិក​របស់​គាត់​ពិតជា​បាន​ប្រើប្រាស់​សម្ដី​មិន​សមរម្យ​ពិត​មែន​ តែ​លោក​នឹង​ធ្វើការ​ណែនាំ​បន្ថែម​ហើយ​ចំពោះ​តម្លៃ​ថ្លៃ​សេវា ​លោក​នឹង​ធ្វើ​ការសម្រួល​បន្ថែម​ទៀត​ បើ​នៅ​មាន​លោក​ជា​អ្នកទទួលខុសត្រូវ។

ជា​ចុងក្រោយ​ លោក​ នួន សុផាត បាន​ទម្លាយ​ព័ត៌មាន​ថា ​ក្នុងស្រុក​ព្រៃកប្បាស​ទាំងមូល​គឺ​មាន​បន្ទប់​សម្រាក​ព្យាបាល ​និង​ទីតាំង​លក់​ឱសថ​ច្រើន​កន្លែង​ណាស់ ​ហើយ​សុទ្ធសឹងតែ​គ្មាន​ច្បាប់ ​គឺ​មាន​តែ​មន្ទីរ​សម្រាក​របស់​លោក​មួយ​គត់​ដែល​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​៕

មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​មួយ ​ទទួល​ការណែនាំ ​និង​ព្រមាន​ពី​លោក​អភិបាលស្រុក​