ម្ដាយ​អរ​ចង់​ហូរ​ទឹក​ភ្នែក ពេល​កូន​ប្រុស​ជាប់​លេខ១ មេដាយ​មាស​រូបវិទ្យា

ក្នុង​ចំណោម​សិស្ស​រាប់​ម៉ឺន​នាក់ លឹម ធាងឡាយ បាន​ឆ្លង​កាត់​ការ​ប្រលង​ជម្រុះ​ជា​ច្រើន​ដង រហូត​ក្លាយ​ជា​សិស្ស​ពូកែ​លេខ១ ទូទាំង​ប្រទេស​ផ្នែក​រូបវិទ្យា​ថ្នាក់​ទី៩ និង​ស្ថិត​ក្នុង​ចំណោម​សិស្ស ៣​នាក់​គត់​នៅ​ខេត្ត​ព្រៃវែង ដែល​ជាប់​ចំណាត់ថ្នាក់​សិស្ស​ពូកែ​នៅ​ឆ្នាំ២០១៦។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី ឆាយ សៀកលី ជា​ម្ដាយ​មាន​មោទនភាព និង​រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក។

 

ម្ដាយ​អរ​ចង់​ហូរ​ទឹក​ភ្នែក ពេល​កូន​ប្រុស​ជាប់​លេខ១ មេដាយ​មាស​រូបវិទ្យា

 

“ខ្ញុំ​អរ… អរ​មែន​ទែន សប្បាយ និយាយ​ឡើង​ចង់​ហូរ​ទឹក​ភ្នែក”។ នេះ​ជា​ការ​រៀបរាប់​អារម្មណ៍​របស់​អ្នកស្រី ឆាយ សៀកលី ទាំង​ទឹក​មុខ​ញញឹម​ញញែម​បិទ​មាត់​មិន​ជិត។ អ្នក​ស្រី​បាន​បន្ត​ទៀត​ថា ក្នុង​នាម​ជា​ម្ដាយ ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់ ដោយសារ​ឃើញ​អ្នក​ជិត​ខាង និង​បង​ប្អូន​សរសើរ​កូន​ប្រុស​គ្រប់​គ្នា។

 

អ្នក​ម្ដាយ​កូន២ រូប​នេះ បាន​បញ្ជាក់​ថា ទម្លាប់​កូន​ប្រុស​គឺ​ប្រឹង​រៀន​សូត្រ លម្ហែ​កាយ​ខ្លះ ហើយ​ក៏​ឆ្លៀត​ជួយ​ការងារ​ផ្ទះ​ផង​ដែរ។ អ្វី​ដែល​ជា​អំណោយ​ផល​ពី​ធម្មជាតិ គឺ ធាងឡាយ មាន​ខួរ​ក្បាល​ល្អ​ឆាប់​ចេះ​ឆាប់​ចាំ​ផ្នែក​រូប​វិទ្យា បូក​រួម​​ទាំង​ការ​​ប្រឹង​ប្រែង​រហូត​ដល់​ជាប់​លេខ​១ ទទួល​បាន​មេដាយ​មាស​ពេល​នេះ៕