រថយន្ត​ដឹក​ដី​របស់​ឈ្មោះ ត្រា បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​កំបូល​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កសិករ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អំពាវនាវ​ឲ្យ​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ជួយ​ដោះស្រាយ​បញ្ហា​រណ្ដៅ​ដី​និង​រថយន្ត​ដឹក​ដី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ថៅកែ​រណ្ដៅ​ដី​និង​ឈ្មួញ​ជា​ម្ចាស់​រថយន្ត​ដឹក​ដី​ឈ្មោះ ត្រា បាន​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាងខ្លាំង​ដូចជា រថយន្ត​ដឹក​ដី​ធំៗ​បើកបរ​កាត់​ផ្លូវ​ក្នុងភូមិ​មិន​ស្រោច​ទឹក​ធ្វើ​ឲ្យ​ធូលី​ហុយ​ទៅលើផ្ទះ​សម្បែង​របស់​ពួកគាត់​ជា​រៀងរាល់ថ្ងៃ​។ ចំណែក​រណ្ដៅ​ដី​មាន​ជម្រៅ​ជ្រៅ​ធ្វើ​ឲ្យ​សត្វពាហនៈ​របស់​ពួកគាត់​ធ្លាក់ចូល​ក្នុង​រណ្ដៅ​នោះ​ជា​ញឹកញាប់ ហើយ​ពុំមាន​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​ឡើយ​។

​តំណាង​ពលរដ្ឋ​ភូមិ​កសិករ បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​រថយន្ត​ដឹក​ដី​និង​រណ្ដៅ​ដី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​នោះ គឺ​ពួកគាត់​រាយការណ៍​ទៅ​មេភូមិ ចៅសង្កាត់ និង​អាជ្ញាធរ​ខណ្ឌ ឲ្យ​ជួយ​ដោះស្រាយ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មិនបាន​គិតគូរ​ដោះស្រាយ​ទុក្ខលំបាក​របស់​ពួកគាត់​ទេ ហើយ​រថយន្ត​ដឹក​ដី​ធំៗ​របស់​ឈ្មោះ ត្រា ធ្វើ​សកម្មភាព​កាន់តែខ្លាំង​ឡើងៗ​នាំ​ឲ្យ​ដី​ហុយ​ពេញ​ភូមិ និង​ធ្វើ​ឲ្យ​ក្មេង​តូចៗ​ដែល​ធ្វើដំណើរ​ទៅ​សាលារៀន​មានការ​ភ័យខ្លាច​ទៀតផង​។ ដូច្នេះ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មិនគួរ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ភូមិ សង្កាត់ និង​ខណ្ឌ មិន​ខ្វល់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​រណ្ដៅ​ដី​និង​សកម្មភាព​រថយន្ត​ដឹក​ដី​របស់​ឈ្មួញ​ឈ្មោះ ត្រា នោះឡើយ​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​រណ្ដៅ​ដី​របស់​ថៅកែ​ឈ្មោះ លី គឹម​ហេង ត្រូវបាន​ផ្អាក​គឺ​រណ្ដៅ​ដី​របស់​ថៅកែ​ឈ្មោះ ត្រា កំពុង​បង្កើន​សកម្មភាព​ជីកដី​និង​ដឹកជញ្ជូន​ដី​លក់​យ៉ាង​ពេញបន្ទុក​នៅក្នុង​សង្កាត់​កំបូល ជាពិសេស​នៅក្នុង​ភូមិ​កសិករ​តែម្តង​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​នោះ គឺ​ខ្លាចក្រែង​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ទៅលើ​កូនចៅ​របស់​ពួកគាត់​ពេលធ្វើ​ដំណើរ​ទៅ​សាលារៀន ព្រោះ​រថយន្ត​ដឹក​ដី​បើក​ក្នុង​ល្បឿន​លឿនៗ មិន​គោរព​ច្បាប់​ចរាចរណ៍​ឡើយ​។ លើស​នេះ​ទៅទៀត​រណ្ដៅ​ដី​របស់​ឈ្មោះ ត្រា គ្មាន​របង​ព័ទ្ធ​ដើម្បី​រក្សា​សុវត្ថិភាព​នោះទេ ហើយ​អាចធ្វើ​ឲ្យ​សត្វពាហនៈ​អ្នកភូមិ​ធ្លាក់​ចូលទៅ​ក្នុងនោះ ព្រោះ​រណ្ដៅ​ដី​នៅជាប់​ភូមិ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​នៅ​ភូមិ​កសិករ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ អំពាវនាវ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស​៕

Pic69 Pic68