កៅស៊ូ​ឡើងថ្លៃ​ជាង​២០០​ដុល្លារ​ក្នុង​១​តោន អ្នកជំនួញ​កៅស៊ូ​មានសង្ឃឹម​ឡើងវិញ​

​ភ្នំពេញ​៖ ការកើនឡើង​តម្លៃ​កៅស៊ូ​ធ្វើ​ឲ្យ​អ្នកជំនួញ​កៅស៊ូ​មានសង្ឃឹម​ឡើងវិញ​។ ជាក់ស្តែង ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយនេះ កៅស៊ូ​ឡើងថ្លៃ​ជាង​២០០​ដុល្លារ​ក្នុង​១​តោន​។ កាលពី​ជាង​៥​ឆ្នាំមុន តម្លៃ​ធ្លាប់​កើនឡើង​ជិត​៤​ពាន់​ដុល្លារ​ក្នុង​មួយ​តោន ហើយ​ក្រោយមក តម្លៃ​ក៏​ដាំ​ក្បាល​ចុះ​រហូតដល់​ជិត​១​ពាន់​ដុល្លារ​ក្នុង​រយៈពេល​ជិត​២​ឆ្នាំ មុននឹង​ងើបឡើង​វិញ​នៅក្នុង​ខែ​នេះ​។

​តើ​តម្លៃ​កៅស៊ូ​អាច​កើនឡើង​ដល់​ជាង​៤​ពាន់​ដុល្លារ​ក្នុង​១​តោន​ដូច​កាលពី​ពេលមុន​ឬទេ​? នេះ គឺជា​សំណួរ​ដែល​អ្នកជំនាញ​កៅស៊ូ​ពិបាក ឬ​មិន​ហ៊ាន​ផ្តល់​ចម្លើយ​សត្យានុម័ត​ណាមួយ​ឡើយ​។ អ្វីដែល​គេ​អាច​ផ្តល់​ចម្លើយ​បាន គឺថា តម្លៃ​កៅស៊ូ​នៅពេលនេះ កើនឡើង​បើ​ប្រៀបធៀប​ទៅនឹង​ពេលវេលា​កាលពី​៦​ខែ​មុន​។ លោក Philippe Monnin អ្នកជំនាញ​កៅស៊ូ​លំដាប់​អន្តរជាតិ ហើយ​លោក​ក៏មាន​ក្រុមហ៊ុន​កៅស៊ូ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែរនោះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​តាម​ទូរ​សព្ទ​មក​ថា តម្លៃ​កៅស៊ូ​កើនឡើង​ជាង​២០០​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយនេះ ពោល គឺ​កើន​ពី​ជិត​១៣០០​ដុល្លារ មកដល់​ជិត​១៥០០​ដុល្លារ​ក្នុង​មួយ​តោន​នៅពេលនេះ​(​កៅស៊ូ​ក្រែប​)​។
កៅស៊ូ​ឡើងថ្លៃ​ជាង​២០០​ដុល្លារ​ក្នុង​១​តោន អ្នកជំនួញ​កៅស៊ូ​មានសង្ឃឹម​ឡើងវិញ​

​មូលហេតុ​នៃ​ការកើនឡើង​នេះ​, បើ​យោងតាម​លោក Philippe Monnin, គឺ​ដោយសារ ផលិតកម្ម​(​ទិន្នផល​)​កៅស៊ូ​នៅ​ឆ្នាំនេះ​(២០១៦) អាច​មិនសូវ​ល្អ​ដោយសារ ភាពរាំងស្ងួត និង​ដោយសារ ការ​ទោះ​ទាយ​ថា នៅ​ចុង​ឆ្នាំនេះ ប្រទេស​ផលិត​កៅស៊ូ​មួយចំនួន​ប្រឈម​នឹង​ព្យុះ ហើយ​ព្យុះ​នេះ អាច​បណ្តាល​ឲ្យ​មាន​ភ្លៀង​ច្រើន​ជ្រុល​ពេក​។ ភាពរាំងស្ងួត រំខាន​កៅស៊ូ តែបើ​ភ្លៀង​ច្រើនពេក ក៏​រំខាន់​ផលិតកម្ម ឬ​ទិន្នផល​កៅស៊ូ​ដែរ​។ អាកាសធាតុ​មិនល្អ​នេះ អាច​នឹង​ប៉ះពាល់​ប្រទេស​ផលិត​កៅស៊ូ​នៅ​អាស៊ីអាគ្នេយ៍​ទាំងមូល ហើយ​ប្រទេស​កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ក៏​នឹង​ទទួលរង​ផលប៉ះពាល់​ដែរ​។

​ដោយសារ​ការព្យាករណ៍​ពី​អាកាសធាតុ​មិនល្អ​ដែល​នាំ​ឲ្យ​ទិន្នផល​កៅស៊ូ​ធ្លាក់ចុះ​នោះ លោក Philippe Monnin គ្រាន់តែ​អាច​ព្យាករណ៍​ថា តម្លៃ​កៅស៊ូ​នៅ​ឆ្នាំ​២០១៦​នេះ អាច​បន្ត​កើនឡើង​បន្ថែមទៀត​។ ប៉ុន្តែ​នៅពេល​គេ​សួ​ថា តើ​តម្លៃ​អាច​បន្ត​កើនឡើង​រហូត​ដែរឬទេ​នោះ​? លោក Philippe Monnin ឆ្លើយតប​វិញ​ថា លោក​មិនអាច​ដឹង​បានទេ​។ តែ​ទោះជា​នេះ​ក្តី លោក​ពន្យល់ថា ការកើនឡើង​តម្លៃ​នាពេលនេះ គឺ​ដោយសារ ការ​ថយ​ទិន្នផល​កៅស៊ូ ពោលគឺ​វា​មិនមែន​បណ្តាលមកពី​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចពិភពលោក​នោះទេ​។
កៅស៊ូ​ឡើងថ្លៃ​ជាង​២០០​ដុល្លារ​ក្នុង​១​តោន អ្នកជំនួញ​កៅស៊ូ​មានសង្ឃឹម​ឡើងវិញ​

​ប្រសិនបើ​ការកើនឡើង​តម្លៃ​កៅស៊ូ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចពិភពលោក នោះ​តម្លៃ​កៅស៊ូ​នៅ​កម្ពុជា និង​ប្រទេស​ដទៃទៀត អាច​នឹង​បន្ត​ឡើងថ្លៃ​ជា​រៀងរហូត តែ​ការ​ឡើងថ្លៃ​នៅពេលនេះ គឺ​ដោយសារ ទិន្នផល​មិនល្អ ហើយ​ក្រុមហ៊ុន​ផលិត​កង់​រថយន្ត​មួយចំនួនធំ​នាំគ្នា​សម្រុក​ទិញ​កៅស៊ូ​ស្តុក​ទុក​តែប៉ុណ្ណោះ​៕
កៅស៊ូ​ឡើងថ្លៃ​ជាង​២០០​ដុល្លារ​ក្នុង​១​តោន អ្នកជំនួញ​កៅស៊ូ​មានសង្ឃឹម​ឡើងវិញ​