សមត្ថកិច្ច​ពាក់ព័ន្ធ​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ធា នាំចូល​ត្រី​ពី​ស្រុក​យួន​តាម​ច្រក​ជ្រៃ​ធំ ស្រេច​តែ​អំពើ​ចិត្ត​

មានការ​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នាំ​ត្រី​ខុសច្បាប់​ពី​ស្រុក​យួន​យកមក​ចែកចាយ​ក្នុង​ទីផ្សារ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​ជាបន្ទាន់ ព្រោះ​ត្រី​មួយចំនួន​ត្រូវបាន​គេ​ដឹងថា មាន​ដាក់​សារធាតុ​គីមី​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​ទទួលទាន​ទៀតផង​។ ប្រភពពី​សមត្ថកិច្ច​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ធា បច្ចុប្បន្នកំពុង​នាំចូល​ត្រី​គ្រប់​ប្រភេទ​ពី​ប្រទេស​យួន​តាម​ច្រក​ជ្រៃ​ធំ ខេត្តកណ្ដាល ហើយ​ការដែល​ឈ្មួញ​រូបនេះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រីជលផល​ខេត្តកណ្ដាល មន្ត្រីជលផល​ចតុមុខ និង​សមត្ថកិច្ច​នៃ​ស្ថាប័ន​មួយចំនួនទៀត​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ពេល​ឈ្មោះ ធា ដឹកជញ្ជូន​ត្រី​ពី​ស្រុក​យួន​មក​ចែកចាយ​តាម​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​បណ្ដា​ខេត្ត​ផ្សេងទៀត​នោះ ពេល​ត្រឡប់​ទៅវិញ​គេ​ប្រមូល​ទិញ​សត្វព្រៃ​គ្រប់​ប្រភេទ​យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ​។ ឈ្មួញ​ឈ្មោះ ធា ដែល​ដឹកជញ្ជូន​សត្វព្រៃ​ដូចជា អណ្ដើក ពស់ កន្ធាយ ត្រកួត ពង្រូល ទៅ​លក់​នៅ​ស្រុក​យួន​តាម​រថយន្ត​ដឹក​ត្រី គឺ​ឈ្មួញ​រូបនេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ជា​អ្នក​ដឹក​ត្រី​ឲ្យ​ក្រុមហ៊ុន នាង សុ​វណ្ណា​រី ដែលជា​ក្រុមហ៊ុន​ធំ​មួយ​ទទួលបាន​សិទ្ធិ​នាំចូល​ត្រី​ពី​ស្រុក​យួន​មក​លក់​ក្នុង​ទីផ្សារ​កម្ពុជា​។ អាចនិយាយបាន​ថា​ឈ្មួញ​ឈ្មោះ ធា បាន​យក​យីហោ​ក្រុមហ៊ុន នាង សុ​វណ្ណា​រី ទៅប្រើ​ប្រាស់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​។

ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា ការដែល​ឈ្មួញ​ឈ្មោះ ធា ហ៊ាន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកណ្ដាល ខេត្តតាកែវ និង​រាជធានី​ភ្នំពេញ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្នុងនោះ​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកណ្ដាល និង​ខេត្តតាកែវ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​ឈ្មួញ​ឈ្មោះ ធា ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​នាំចូល​ត្រី​ខុសច្បាប់​តាម​ច្រក​ជ្រៃ​ធំ និង​ដឹកជញ្ជូន​សត្វព្រៃ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ចាត់វិធានការ​ទៅលើ​ឈ្មួញ​ឈ្មោះ ធា និង​មន្ត្រីរដ្ឋបាល​ជលផល ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​រូបនេះ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទៀត​៕

អេង-ជាសាន-500x288លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល