រឿងអាស្រូវ​របស់​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី ត្រូវបាន​លាតត្រដាង​

ករណី​ចោរ​ចូល​លួច​ថ្នាំពេទ្យ​ដឹក​ចេញពី​ឃ្លាំង​ថ្នាំ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មិនទាន់​ឃើញ​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចាត់វិធានការ​តាមច្បាប់​នៅឡើយ​ទេ​។ ក្នុងខណៈ​ដែលមាន​មនុស្ស​២​នាក់​ត្រូវ​តុលាការ​ចោទប្រកាន់​រួចទៅហើយ​នោះ បែរជា​លោក ហ៊ីង ផា​នស​គុ​ន្ធា ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី អាច​រួច​ផុតពី​ការទទួលខុសត្រូវ​យ៉ាង​ក្រអឺតក្រទម​។ ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​វាយតម្លៃ​ថាបើ​គ្មាន​ការឃុបឃិត​ពី​ប្រធាន​មន្ទីរពេទ្យ​ទេនោះ គឺ​អ្នក​កាន់​ឃ្លាំង​ថ្នាំ​មិន​ហ៊ាន​ឃុបឃិត​ជាមួយ​មនុស្ស​ខាងក្រៅ​ដឹកជញ្ជូន​ថ្នាំពេទ្យ​ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ចេញពី​ឃ្លាំង​ដោយ​ស្រួលៗ​បានឡើយ​។

ឥឡូវនេះ​ប្រភពពី​មន្ត្រី​បុគ្គលិក​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី បាន​បើក​កកាយ​រឿងអាស្រូវ​របស់លោក ហ៊ីង ផា​នស​គុ​ន្ធា រឿង​ស៊ីដាច់​លុច​បេសកកម្ម​របស់​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ​១៤​ខែ​មកហើយ​។ បញ្ហា​នេះ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី ក៏ដូចជា​លោក ម៉ម ប៊ុនហេង មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​លោក ហ៊ីង ផា​នស​គុ​ន្ធា និង​បក្ខពួក​ដែលជា​ប្រធាន​បេឡា​គណនេយ្យ​មន្ទីរពេទ្យ​ឃុបឃិត​គ្នា​ស៊ីដាច់​លុយ​បេសកកម្ម​តាម​អំពើ​ចិត្ត​។ បើ​មិន​ដូច្នេះ​ទេ​លោក ហ៊ីង ផា​នស​គុ​ន្ធា និង​បក្ខពួក​នៅតែ​បន្តធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ជាពិសេស​ទាក់ទង​ទៅនឹង​ករណី​បញ្ជូន​ឈ្មោះ​សិស្ស និស្សិត បុគ្គលិក​ជាប់កិច្ចសន្យា ទៅ​ឲ្យ​ក្រសួង​បញ្ចូល​ក្របខ័ណ្ឌ​ជាង​១០០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់លុយ​ពី​៣០០​ទៅ​៥០០​ដុល្លារ​។

ទង្វើ​មិន​ប្រក្រតី​របស់លោក ហ៊ីង ផា​នស​គុ​ន្ធា កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដែល​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ហើយ​គួរ​ចាត់វិធានការ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។ ក្នុងនោះ​ក្រៅពី​ស៊ីដាច់​លុយ​បេសកកម្ម​របស់​បុគ្គលិក​ពេទ្យ​រយះពេល​១៤​ខែ​មកហើយ​នោះ គឺ​លោក ហ៊ីង ផា​នស​គុ​ន្ធា និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូចជា ករណី​ដឹកជញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស ឬ​ទៅ​រាជធានី​ភ្នំពេញ ត្រូវគេ​ទារ​តម្លៃ​សេ​វ៉ា​ពី​គ្រួសារ​អ្នកជំងឺ​ចាប់ពី​៤៥​ម៉ឺន​រៀល​ដល់​១​លាន​រៀល​។ លើស​នេះ​ទៅទៀត​ករណី​ចោរលួច​ថ្នាំពេទ្យ​ចេញពី​ឃ្លាំង​កាលពីពេល​ថ្មីៗ​នេះ គឺជា​ការទទួលខុសត្រូវ​ទាំងស្រុង​របស់លោក ហ៊ីង ផា​នស​គុ​ន្ធា ព្រោះ​បើ​គ្មាន​ការ​បើកដៃ​ពី​ប្រធាន​មន្ទីរពេទ្យ​ទេ អ្នក​កាន់​ឃ្លាំង​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ ម្យ៉ាងទៀត​ការ​លួច​ថ្នាំ​ចេញពី​មន្ទីរពេទ្យ​យកទៅលក់​នៅ​ខាងក្រៅ​ជា​រឿង​ធ្លាប់​កើតឡើង​ជា​យូរ​មកហើយ​៕

d-hospital-roit-500x281 d-medicine1-1-500x500​លោក ហ៊ីង ផា​នស​គុ​ន្ធា ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី