សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់

មន្ត្រី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ឈ្មួញ​មួយចំនួន​នៅតែ​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ យ៉ាង​រលូន​ដដែល​ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​កងរាជអាវុធហត្ថ​ជាដើម មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ផ្ទុយទៅវិញ​សមត្ថកិច្ច​ដូច​រៀបរាប់​ខាងលើនេះ ត្រូវគេ​ដឹងថា ជា​អ្នក​ឃុបឃិត​ជាមួយ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​តំបន់​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​ស្រុក​ភ្នំស្រួច និង​ក្រុង​ច្បារមន នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ​។

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៦ ពួកគាត់​បានឃើញ​មនុស្ស​មួយក្រុម​បាន​ជួបជុំគ្នា​នៅ​ភូមិ​ខ្ទុំ​ក្រាំង សង្កាត់​ច្បារមន ក្រុង​ច្បារមន ហើយ​អ្នក​ទាំងនោះ​គឺជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​។ ឈ្មួញ​ទាំងនោះ​មកជួប​ជុំគ្នា​ដើម្បី​មើល​ឈើ​និង​ប្រុង​ដឹកចេញទៅ​លក់​បន្ត ដោយ​ឈើ​ទាំងនោះ​ជា​របស់​ឈ្មួញ​ម្នាក់​ដែលជា​មន្ត្រី​យោធា​ភូមិភាគ​៣​។ នៅពេល​ឃើញ​សកម្មភាព​នេះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ហើយ​ពេល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទៅដល់​បែរជា​ទៅ​ជួប​និយាយ​គ្នា​ជាមួយ​ឈ្មួញ​ម្ចាស់​ឈើ រួច​វិលត្រឡប់​ទៅវិញ​យ៉ាង​ស្ងាត់ស្ងៀម​។ អ្វីដែល​គួរ​ឲ្យ​សង្ស័យ​នោះ គឺ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឡើយ បើទោះបី​មាន​វត្ថុតាង​នៅ​ចំពោះមុខ​ក៏ដោយ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ច្បារមន បាន​រាយការណ៍​ថា នាយទាហាន​ភូមិភាគ​៣​ម្នាក់​គឺជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ក្នុង​ខេត្តកំពង់ស្ពឺ ជា​យូរ​មកហើយ​ដោយ​ពុំមាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ជាក់ស្តែង​នៅពេល​ប្រជាពលរដ្ឋ​ឃើញ​សកម្មភាព​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​នៅក្នុង​ភូមិ​ខ្ទុំ​ក្រាំង សង្កាត់​ច្បារមន កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ពួកគាត់​ក៏​រាយការណ៍​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មកជួប​និយាយ​គ្នា​ជាមួយ​ឈ្មួញ​ឈើ ហើយ​វិលត្រឡប់​ទៅវិញ​ស្ងាត់ៗ​មិន​បង្ក្រាប​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ រិះគន់ថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មិន​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​នោះទេ ព្រោះ​ពួកគេ​គិតគូរ​តែ​រឿង​ផលប្រយោជន៍ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​៕

51ed4808-14a2-425f-8f33-9991a97133ca 7866b6be-5650-45eb-91b6-02753bab9685 e31afabd-96a5-43dc-9bcc-929a7a4c96ab