នារី​ម្នាក់​សង្ស័យ​ស្រវឹងស្រា បើករថយន្ត​យក​ចង្កូត​មិនទាន់ បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​

ភ្នំពេញ:
នារី​ម្នាក់​ទំនងជា​ស្រវឹង បាន​បើករថយន្ត ស៊េរី​ទំនើប​១​គ្រឿង ក្នុង​ល្បឿន​លឿន ហើយយក​ចង្កូត​មិនទាន់ បាន​ជ្រុល​ទៅបុក​​របង​ផ្ទះ​ប្រជាពលរដ្ឋ ពេញទំហឹង បណ្តាលឲ្យ​រង​ការខូចខាត រថយន្ត​ផ្នែក​មុខ យ៉ាងដំណំ​។​

​ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ៅ​ង​៣​នឹង​២០​នាទីរំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ១៤៣ កែង​នឹង​ផ្លូវ​លេខ​២៧៨ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ។​

​នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​កា​មេ​រី​ហាយ​ប្រ៊ី​ដ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ2Z-5946 ដោយ​ម្ចាស់​ទំនងជា​ស្រវឹងស្រា​បាន​បើក​ក្នុង​ល្បឿន​លឿន​តាមបណ្តោយ​ផ្លូវ​លេខ​១៤៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុបាន​បួង​ចង្កូត​ទៅ​ឆ្វេង បំណង​បត់​ចូល​ផ្លូវ​លេខ​២៧៨ ស្រាប់តែ​ជ្រុលចង្កូត​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្នែក​មុខ​។​

 ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក ក្រោយពី​បង្កហេតុ​រួច បាន​ចុះ​គេចខ្លួនបាត់ ។ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុកនៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​៧​មករា ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕R​