គ្រាន់តែភ្លៀង១មេ ផ្ទះ៧១ខ្នងខ្ទេច

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​សរុប​៧១​ខ្នងបាន​រង​ការ​ខូចខាត​ ដោយ​ខ្លះ​ដួល​រលំ ខ្លះ​ប៉ើង​ដំបូល បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ លាយ​ឡំដោយ​ខ្យល់​កន្ត្រាក់​ កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣ ឧសភា ២០១៦ កើតឡើង​លើ​ឃុំ​ចំនួន​៣ ឃុំ​អន្លង់​វែង ឃុំ​ត្រពាំង​ប្រិ៍ និង​ឃុំ​លំ​ទង ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មេឃ​មាន​កម្តៅ​ខ្លាំង​ស្ទើរតែ​ទ្រាំ​មិន​បាន ស្រាប់តែ​មេឃ​ប្រែ​ពណ៌​ខ្មៅ​ង​ងិ​ត ។ភ្លាម​ៗ ក៏​មាន​ទឹកភ្លៀង​ធ្លាក់​មក​មួយ​មេ​ធំ​លាយឡំ​ខ្យល់​បក់​បោក​ខ្លាំង​មក​លើ​លំនៅ​ឋាន បណ្តាល​ឱ្យ​ផ្ទះ​ជា​ច្រើន​ខ្នង​ដួល​រលំ និង​ប៉ើង​ដំបូល រួម​ទាំង​ប៉ាណូ​ជា​ច្រើន​ផ្ទាំង​ត្រូវ​ដួល​រលំ ។

ប្រភព​ពី​ប៉ូលិស​ស្រុក​ថា គ្រោះ​ធម្មជាតិ​នេះ បាន​បំផ្លាញ​ផ្ទះ​ដួល​ដល់​ចំនួន​៣​ខ្នង និង​ប៉ើង​ដំបូល​៦៨​ខ្នង ។ នេះ​មិនមែន​ជា​លើក​ទី​១ ទេ នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​កន្លង​មក ។