អ្នក​បើក​ឡាន​ដឹក​ខ្សាច់​ថា​ទាហាន​យក​ឡាន​អង្គភាព​មក​បម្រើ​ប្រយោជន៍​បុគ្គល

អ្នក​បើក​ឡាន​ដឹក​ដី​នៅ​ខេត្ត​កណ្ដាល ចោទ​ប្រកាន់​ថា ទាហាន​នៅ​ក្នុង​ខេត្ត​នេះ យក​ឡាន​អង្គភាព​ដឹក​ដី​លក់​បម្រើ​ប្រយោជន៍​បុគ្គល ហើយ​ថែម​ទាំង​ដឹក​លើស​ចំណុះ​ទៀត​ផង​ដែរ។ ក្រោយ​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ថា នឹង​ស៊ើបអង្កេត​ករណី​នេះ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាត់​វិធានការ។

ម្ចាស់​ឡាន​ដឹក​ដី​ម្នាក់ លោក ប៊ុន ចាន់ត្រា ដែល​ត្រូវ​សមត្ថកិច្ច​ផាក​ពិន័យ​ឲ្យ​ដឹង​ថា មូលហេតុ​ម្ចាស់​ឡាន​ឯកជន និង​លោក​ផ្ទាល់​ដឹក​ដី​លើស​ចំណុះ ព្រោះ​រថយន្ត​របស់​យោធា​ដឹក​ដី​លើស​ចំណុះ ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ណា​ហាម​ឃាត់។ លោក​ចោទ​ប្រកាន់​ថា មន្ត្រី​យោធា​ជាន់ខ្ពស់​មួយ​ចំនួន​យក​ឡាន​យោធា​ដឹក​ដី​លក់​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន៖ «ឡាន​ទាហាន​ដឹក​ជញ្ជូន​ដី​ទៅ​មក​គាត់​មិនមែន​បម្រើ​ជាតិ​ទេ ទៅ​បន្ទាយ​អី​ទេ គាត់​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន អ៊ីចឹង​គាត់​ដឹក​សំពីងសំពោង​យ៉ាង​ម៉េច​ក៏បាន​ដែរ»

ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​ដែល​ជា​អ្នក​បើក​ឡាន​ដឹក​ដី​ពេល​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួត​ពិនិត្យ​ឡាន​ដឹក​ដី​ក្នុង​គោលដៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​កំពង់ទួល ឃុំ​អន្លង់រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។

​សកម្មភាព​ឆ្មក់​ចាប់​ឡាន​ដឹក​ដី​នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ក្រសួង​រ៉ែ និង​ថាមពល សហការ​ជាមួយ​មន្ត្រី​ប៉ូលិស​ក្រសួង​មហាផ្ទៃ។ រថយន្ត​ដែល​ដឹក​ដី ដឹក​ថ្ម  ដឹក​ខ្សាច់ លើស​ចំណុះ បាន​ដាក់​ខ្ពស់​ជាង​ទ្រុង​ឡាន គ្មាន​ស្បៃ​គ្រប​ត្រឹមត្រូវ។  សមត្ថកិច្ច​តម្រូវ​ឲ្យ​ពួកគេ​កាយ​ដី កាយ​ខ្សាច់ ឬ​ថ្ម ចេញ​ដាក់​ឲ្យ​ស្មើ​ទ្រុង​ឡាន ទើប​អនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​ពិន័យ។

លោក​ឧត្ដមសេនីយ៍​ទោស ទី ឡុង អនុ​ប្រធាន​នាយក​រដ្ឋ​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ ថ្លែង​ថា ប្រសិនបើ​ឡាន​យោធា​ដឹក​ដី​បម្រើ​ផល​ប្រយោជន៍​បុគ្គល មិន​បម្រើ​អង្គភាព ហើយ​ត្រូវ​សមត្ថកិច្ច​រក​ឃើញ នោះ​នឹង​ត្រូវ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ក្រសួង​ការពារ​ជាតិ ដើម្បី​ធ្វើ​តាម​នីតិវិធី​បន្ត៖ «បើសិនជា​យើង​ស្រាវជ្រាវ​ទៅ​ឡាន​ហ្នឹង​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ យើង​ប្រគល់​ទៅ​ក្រសួង​ការពារជាតិ ព្រោះ​យើង​ត្រូវ​ពិនិត្យ​តែ​លក្ខណៈ​បច្ចេកទេស​ទេ»

​ក្រុម​ពលរដ្ឋ​ជា​ម្ចាស់​ឡាន​ដឹក​ដី​ថា ប៉ូលិស​ថ្នាក់ក្រោម​តែងតែ​ចុះ​យក​លុយ​ពី​ពួកគេ​ក្នុង​ឡាន​មួយ​គ្រឿង ១០.០០០​រៀល ក្នុង​មួយ​ថ្ងៃ​ជា​ប្រចាំ ជា​ថ្នូរ​នៃ​ការ​ដឹក​ដី​សំពីងសំពោង ឬ​លើស​ចំណុះ។

យោធា​បើក​ឡាន​ដឹក​លើស​ចំណុះ​ម្នាក់ ដែល​វិទ្យុ​អាស៊ីសេរី សុំ​មិន​បង្ហាញ​ឈ្មោះ និង​អង្គភាព ទទួល​ស្គាល់​ថា ឡាន​ដឹក​ដី​របស់​យោធា​ភាគ​ច្រើន​ដឹក​ដី​ច្រើន​លើស​ចំណុះ​មែន។  លោក​ថា មាន​ខ្លះ​ដឹក​បម្រើ​កងពល ហើយ​ក៏​មាន​ឡាន​ផ្សេង​ទៀត​ដឹក​ដី​លក់​ទៅ​ឲ្យ​ឯកជន​ដែរ៖ «បើ​គេ​ចោទ​ការ​ឡាន​ទាហាន​ដឹក​ច្រើន គឺ​ត្រឹមត្រូវ​មែន ប៉ុន្តែ​សម្រាប់​ឡាន​ខ្ញុំ អត់​បាន​ដឹក​ច្រើន​ដូច​គេ​ទេ ខ្ញុំ​គ្រាន់តែ​សំណូមពរ​ថា បើ​អនុវត្ត​ធ្វើ​ឲ្យ​បាន​រាល់​ថ្ងៃ​ទៅ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត បាន​ទេ នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា។ នៅ​ក្នុង​ស្រុក​កណ្ដាល ឃើញ​មាន​អង្គភាព​យោធា​ពីរ​នៅ​ទី​នោះ គឺ​បន្ទាយ​៩៩ និង​អង្គភាព​លេខ​ង៧០។ ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច រឹត​បន្តឹង​ឲ្យ​ស្នើ​ភាព​គ្នា​រវាង​ឡាន​ដឹក​ដី​ពលរដ្ឋ​ធម្មតា និង​ឡាន​ដឹក​ដី​របស់​យោធា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។