អភិបាលស្រុក​ទ្រាំង ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ជីក​ស្តា​ស្រះ​ទឹក​ក្នុង​វត្តភ្នំ​ខ្លែង​

អភិបាលស្រុក​ទ្រាំង ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ជីក​ស្តា​ស្រះ​ទឹក​ក្នុង​វត្តភ្នំ​ខ្លែង​



តាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៦ លោក កេ​ត ម៉ៅ អភិបាលស្រុក​ទ្រាំង លោក សាន ខុន ប្រធាន​ក្រុមប្រឹក្សា​ស្រុក រួម​ដំណើរ​ដោយ​លោក ព្រំ ឆាត លោក ពៅ ប៉ុន លោក ប៉ុក ញ៉ សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក ឈួន ផាន្នី ព្រះ​គ្រូ​អនុគណ​សង្ឃ​ស្រុក​ទ្រាំង លោក​មេឃុំ ក្រុម​ប្រឹក្សា​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង បាន​និមន្ត និង​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការ​ជីក​ស្តា​ស្រះ​ទឹក​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្តភ្នំ​ខ្លែង ដែល​មាន​ទំហំ​បណ្ដោយ​៧០​ម៉ែត្រ​ និង​ទទឹង​៥០​ម៉ែត្រ ជម្រៅ​០៦​ម៉ែត្រ ដើម្បី​ស្តុក​ទឹក​ទុក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​ពេល​ខាងមុខ ដែល​ស្របតាម​អនុសាសន៍​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ជូនដំណឹង​មក​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ​ត្រូវ​មាន​វិធានការណ៍​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ កុំ​ឲ្យ​មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់។ ឱកាស​នោះ​ដែរ​ លោក​អភិបាលស្រុក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ សុំ​ឲ្យ​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ ព្រោះថា​ឆ្នាំនេះ​អាកាសធាតុ​មានការ​រាំងស្ងួត​រយៈពេល​យូរ​ គ្មាន​ភ្លៀង​កក់ខែ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ទូទាំង​ប្រទេស។

លោក​បញ្ជាក់​ផង​ដែរ​ថា ថ្វីត្បិតតែ​មូលដ្ឋាន​របស់​លោក​នៅ​ពេល​នេះ​មិនទាន់​ជួប​បញ្ហា​ខ្វះ​ខាត​ទឹក​ក៏​ដោយ តែ​បើ​អាកាសធាតុ​ក្តៅ​រាំងស្ងួត​ នៅតែ​អូស​បន្លាយ​យូរ​ គឺ​ពិតជា​ខ្វះខាត​ទឹក​ដូច​បណ្តា​ខេត្ត​ដទៃ​មួយ​ចំនួន​ដែរ​ជាមិនខាន ហើយ​អាជ្ញាធរ​ស្រុក​របស់​លោក​ក៏​មាន​វិធានការ​រួចហើយ​ដែរ​សម្រាប់​ជួយ​បងប្អូន​ប្រជាពលរដ្ឋ ប្រសិនបើ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ពេល​ខាងមុខ​មែន​នោះ​៕
អភិបាលស្រុក​ទ្រាំង ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ជីក​ស្តា​ស្រះ​ទឹក​ក្នុង​វត្តភ្នំ​ខ្លែង​